ភ្នំពេញៈ សម្ព័ន្ធ​ធនាគារ​​ជាតិ​​កាណាដា​ ដែល​ជា​ធនាគារ​ពាណិជ្ជ​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​​​​ម៉ុងរ៉េអាល់ ប្រទេស​ កាណាដា​ បាន​បង្ហាញ​ផែនការ​​ក្នុង​ការ​ទិញ​យក​ភាគហ៊ុន ១០ ​ភាគរយ​បន្ថែម​ទៀត​នៅ​ក្នុង​ធនាគារ ABA Bank ​បន្ទាប់​ពី​បាន​​កាន់​កាប់​ភាគហ៊ុន​ ​៩០ ​ភាគរយ​រួច​ហើយ​គិត​មក​ទល់​ពេល​​នេះ​​​។​​

យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ពាណិជ្ជកម្ម​កាណាដា Financial Post ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១ ឧសភា​ ប្រធាន​ធនាគារ​​ជាតិ​កាណាដា​ លោក​ Louis Vachon បាន​ប្រាប់​ភាគទុនិក​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​​ធនាគារ​នេះ​នៅ​ទីក្រុង​ Quebec កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ មេសា ​ថា ​ពួក​គេ​មាន​ជម្រើស​ក្នុង​ការ​ទិញ​ភាគហ៊ុន​​ ១០ ​ភាគរយ​ដែល​នៅ​សល់​របស់​ធនាគារ ABA ​​និង​ថា​​ ​ធនាគារ​នេះ​មាន​បំណង​អនុវត្ត​ជម្រើស​នោះ​។​

អ្នក​នាំពាក្យ​ធនាគារ​នេះ​បាន​បញ្ជាក់​តាម​អ៊ីមែល​មួយ​ទៅ​ Financial Post ថា​​៖​ «​បាទ​ គោល​​បំណង​របស់​យើង​គឺ​​នឹង​ទិញ​​ភាគហ៊ុន ​១០ ​ភាគរយ ​ដែល​នៅ​សល់​របស់​ធនាគារ​​ ​ABA​​»។​ អ្នក​នាំពាក្យ​នោះ​​បន្ត​ថា​៖​ ​«យើង​បាន​តាម​ដាន​ការ​ព្យាករ​កំណើន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​​​កម្ពុជា ហើយ​ឃើញ​ថា​ដំណើរ​ការ​​ល្អ»​។

សេចក្តី​រាយការណ៍​ដដែល​បាន​​​បញ្ជាក់​ថា​ ការ​ធ្វើ​បទ​បង្ហាញ​ដល់​វិនិយោគិន​មួយ​កាល​​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ បាន​ព្យាករ​​ថា ​ធនាគារ ABA នឹង​ទទួល​​បាន​​ប្រាក់​ចំណេញ​ដល់​ទៅ​​ ៧០ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​​ឆ្នាំ​ ២០១៨ កើន​ឡើង​​ពី​ត្រឹម​តែ ​៧,៥ ​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​​កាល​ពី​ឆ្នាំ​ ២០១៤​៕ LA