ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សាមិក ដែល​មាន​ទ្រព្យសកម្ម ១៧,៣ លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០១៧ បាន​សម្រេច​លក់​ភាគហ៊ុន​ទាំង​ស្រុង​ទៅ​ឲ្យ​ធនាគារ NongHyup របស់​កូរ៉េ​ខាងត្បូង​ក្នុង​តម្លៃ​ដែល​មិន​ត្រូវ​បាន​បង្ហាញ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​តំណាង​គ្រឹះស្ថាន សាមិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សាមិក នឹង​ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ​ទៅ​ជា NongHyup Finance Cambodia វិញ ខណៈ​កិច្ចព្រមព្រៀង និង​ការស្នើសុំ​ប្តូរ​ឈ្មោះ​នេះ​ត្រូវ​បាន​ទទួល​ការអនុញ្ញាត​រួចរាល់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​និង​ក្រសួង​ពាណិជ្ជកម្ម​កាលពី​សប្តាហ៍​មុន​។

លោក គីង កបកល្យាណ នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សាមិក បាន​លើក​ឡើង​ថា​ការសម្រេច​លក់​ភាគហ៊ុន​ទាំង​ស្រុង​ទៅ​ឲ្យ NongHyup នេះ​គឺ​ដោយសារ​សម្ពាធ​នៃ​ការប្រកួត​ប្រជែង​ដែល​កាន់តែ​ឡើង​កម្តៅ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​។

លោក​បន្ត​ថា​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​ត្រូវ​ការ​ប្រតិបត្តិករ​ដែល​មាន​ទុនវិនិយោគ​ធំ និង រឹងមាំ​ដើម្បី​ធ្វើឲ្យ​ថ្លៃ​ប្រតិបត្តិ​ទាប​ដើម្បី​ឈរជើង​នៅលើ​ទីផ្សារ​។

លោក​ថ្លែង​ថា​៖ «​លទ្ធភាព​របស់​ម្ចាស់​ភាគហ៊ុន​ [​មុន​] មាន​កម្រិត​ក្នុង​ការ​ពង្រីក​ការវិនិយោគ​បន្ថែម អ៊ីចឹង​យើង​ត្រូវ​បង្ខំ​ចិត្ត​ដើរចេញ ហើយ​ទុក​ឲ្យ​ភាគហ៊ុន​ថ្មី​ដែល​គាត់​មាន​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ច្បាស់លាស់​ចូល​មក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​»​។

លោក​បន្ត​ថា​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ទាំងអស់​របស់ សាមិក នឹង​រក្សា​នៅ​ដដែល​លើកលែង​តែ​តំណែង​នាយកប្រតិបត្តិ​របស់​លោក​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​ផ្លាស់ប្តូរ​។ តែ​លោក​បញ្ជាក់​ថា​នេះ​ជាការ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​នៅ​ក្នុង​កិច្ចចរចា​ទិញ​លក់​ភាគហ៊ុន​នោះ​ទេ​។

របាយការណ៍​ឆ្នាំ​ ២០១៧ បង្ហាញ​ថា​មីក្រូហិរញ្ញវត្ថុ​សាមិក មាន​ទ្រព្យ​សកម្ម​សរុប ១៧,៣ ​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំ ២០១៧ ជាមួយ​កម្ចី​សរុប ១០,៥ ​លាន​ដុល្លារ​។

សាមិក បាន​មើល​ឃើញ​និន្នាការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​រយៈពេល​ ៣ ​​ឆ្នាំ​ចុង​ក្រោយ​នេះ​។ គ្រឹះស្ថាន​មួយ​នេះ​ធ្លាប់​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ ៦១៤ ៦៨៩ ដុល្លារ​កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ធ្លាក់​មក​នៅ ៥៥៤ ៨៦១ ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦ មុន​ពេល​ការធ្លាក់​ចុះ​បន្ថែម​ទៀត​មក​នៅ​ត្រឹម ៤៣៩ ៣៨១ ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​។

បន្ទាប់ពី​ការទិញ សាមិក ​ដោយ​ជោគជ័យ​មក​ធនាគារ NongHyup គ្រោង​នឹង​ចាប់ផ្ដើម​ពង្រីក​កម្ចី​ទិញ​ផ្ទះ និង​កម្ចី​សម្រាប់ SME​។

លោក យន់ សុវណ្ណា នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការផ្លាស់ប្តូរ​ម្ចាស់​ថ្មី​អាច​គាំទ្រ​កំណើន​នៅក្នុង​វិស័យ​នេះ​។

ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា​ម្ចាស់​ថ្មី​ត្រូវការ​ពិចារណា​បេសកកម្ម​សង្គម​របស់ MFI និង​បន្ត​បេសកកម្ម​ក្នុង​ការ​គាំទ្រ​អ្នក​ក្រីក្រ និង​ក្រុម​ងាយ​ទទួលរង​គ្រោះ និង​ការពារ​អតិថិជន​។

លោក​បាន​ថ្លែង​ថា​៖ «​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា បេសកកម្ម​សង្គម​របស់​យើង​នឹង​នៅ​រក្សា​នៅ​ដដែល ហើយ​នឹង​នៅ​បន្ត​ផ្តោត​ជា​ចម្បង​»៕ LA