ក្រុងកូក្យូៈ ធនាគារកណ្តាល​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រមូលផ្តុំ​ជំនួយ​សម្រាប់​អាជីវកម្ម​ដែល​ត្រដាបត្រដួស​ជាមួយ​នឹង​ការធ្លាក់ចុះ​បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ នៅពេល​ដែល​ខ្លួន​ប៉ុនប៉ង​ក្នុង​ការបញ្ចប់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ៣ ​របស់​ពិភពលោក​។

ធនាគារ​ជប៉ុន (BoJ) បាន​ពង្រីក​កម្មវិធី​កម្ចី​ដែលមាន​អត្រា​ការប្រាក់​សូន្យ​ដល់​ក្រុមហ៊ុន​ទាំងឡាយ ដែល​មាន​ទឹកប្រាក់​សរុប ៩០ ​ពាន់​ពាន់​លាន​យ៉េន​ (៨៣៧ ​ពាន់​លាន​ដុល្លារ​) ពី​ចំនួន ៥៥ ​ពាន់​ពាន់​លាន​យ៉េន​។ បរិមាណ​ប្រាក់​សម្រាប់​ក្រុមហ៊ុន​នឹងមាន​ចំនួន​ដល់​ទៅ​ ១១០ ​ពាន់​ពាន់​លាន​យ៉េន ​ពេល​ការទិញ​មូលបត្រ​បំណុល​ក្រុមហ៊ុន​ត្រូវបាន​គេ​ពិចារណា​។

ធនាគារកណ្តាល​ឲ្យ​ដឹង​នៅក្រោយ​កិច្ចប្រជុំ​ផ្នែក​គោលនយោបាយ​រយៈពេល​ ២ ​ថ្ងៃ​ថា​៖ «​សេដ្ឋកិច្ច​ជប៉ុន​ទំនងជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ធ្ងន់ធ្ងរ​សម្រាប់​ពេលនេះ ដោយសារ​ផលប៉ះពាល់​នៃ​កូវីដ​ ១៩​ ក្នុង​ប្រទេស និង​ក្រៅប្រទេស ទោះបី​សកម្មភាព​សេដ្ឋកិច្ច​ត្រូវគេ​រំពឹងថា នៅតែ​ដំណើរការ​ឡើងវិញ​ក្តី​»​។

ធនាគារកណ្តាល​នៅតែ​ប្តេជ្ញា​តាមដាន​ឲ្យ​បាន​ដិតដល់​ផលប៉ះពាល់​បណ្តាលមកពី​វីរុស​នេះ​លើ​សេដ្ឋកិច្ច​ជប៉ុន ដែល​បាន​បង្ក​ឲ្យ​ធ្លាក់ចុះ​ជា​លើក​ដំបូង​ចាប់​តាំងពី​ឆ្នាំ​ ២០១៥​។

ធនាគារ​ជប៉ុន​មិនបាន​ផ្លាស់ប្តូរ​នូវ​គម្រោងការ​គោលនយោបាយ​រូបិយវត្ថុ​បន្ថែម​នោះទេ ពាក់ព័ន្ធ​នឹង​ការទិញ​មូលបត្រ​បំណុល​រដ្ឋាភិបាល​ដែល​គ្មាន​ដែន​កំណត់ និង​អត្រា​ការប្រាក់​អវិជ្ជមាន​។

ការចំណាយ​របស់​អតិថិជន​បាន​ថមថយ​យ៉ាងខ្លាំង បើ​ទោះបី​ជា​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់​ពី​ជំងឺ​កូវីដ​ ១៩ ធ្លាក់ចុះ​ច្រើន​ក៏ដោយ​។ ទីក្រុង​តូក្យូ​កំពុង​កើនឡើង​ការភ័យខ្លាច​នៃ​រលក​ជំងឺ​លើក​ទី​ ២៕ RR