
ទីស្នាក់ការនៃធនាគារជាតិនៃកម្ពុជា។
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កំពុងពិភាក្សាជាមួយធនាគារកណ្តាលថៃដើម្បីរៀបចំដំណើរការប្រព័ន្ធទូទាត់អេឡិចត្រូនិកឆ្លងព្រំដែនរវាងប្រទេសទាំង ២ ដែលនឹងបើកផ្លូវឲ្យប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលសម្រាប់ការទូទាត់ទំនិញ និងសេវានានានៅប្រទេសថៃដោយប្រើប្រាស់ប្រាក់រៀល។
ប្រព័ន្ធថ្មីនេះក៏នឹងអនុញ្ញាតឲ្យប្រជាជនថៃប្រើប្រាស់ប្រាក់បាតថៃ ដើម្បីធ្វើការទូទាត់នៅកម្ពុជាផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាគម្រោងថ្មីនេះគឺជាការតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នៃប្រទេសកម្ពុជា-ថៃ នឹងអាចឲ្យប្រជាជនកម្ពុជាដែលធ្វើដំណើរទៅថៃក្នុងគោលដៅផ្សេងៗដូចជាទេសចរណ៍ និង ពាណិជ្ជកម្មអាចប្រើគណនីប្រាក់រៀលដែលមានតាមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាធ្វើជាមធ្យោបាយទូទាត់នៅប្រទេសថៃ។
ប្រព័ន្ធនេះក៏នឹងកសាងឡើងដើម្បីឲ្យប្រជាជនកម្ពុជាកំពុងបម្រើការងារនៅថៃប្រើប្រាស់ដើម្បីផ្ញើប្រាក់មកផ្ទះផងដែរ។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃ NBC បានលើកឡើងថា គំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលកម្ពុជា-ថៃត្រូវការកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសនីមួយៗ ហើយលោកស្រីបញ្ជាក់ថាប្រតិបត្តិករនឹងសហការគាំទ្រក្នុងការតាក់តែងវិធាន និងបែបបទនានាដើម្បីដំណើរការប្រព័ន្ធនេះ។ លោកស្រីរំពឹងថាគម្រោងនេះរំពឹងថា នឹងអាចដំណើរការបាននៅឆ្នាំក្រោយ។
លោកស្រីថ្លែងថា៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតដើម្បីលើកតម្កើងការប្រើប្រាស់ប្រាក់រៀល។ វានឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជាក្នុងការប្រើប្រាស់រូបិយប័ណ្ណជាតិនៅបរទេសដែលវានឹងបង្ហាញជាសាធារណៈថា ប្រាក់រៀលខ្មែរត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ»។
ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងដំណើរការសម្រាប់អ្នកប្រើប្រាស់ ដែលមានគណនីជារូបិយប័ណ្ណប្រាក់រៀលតែប៉ុណ្ណោះ។ ផែនការទូទាត់តាមរយៈ QR Code នេះនឹងជាកាតាលីករផ្សេងទៀតសម្រាប់ការជំរុញឲ្យប្រជាជនកម្ពុជា ត្រូវមានគណនីជាប្រាក់រៀលជាមួយអត្ថប្រយោជន៍ទាំងក្នុងស្រុក និងអន្តរជាតិ ស្របជាមួយនឹងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់។
កម្ពុជាជាទិសដៅនាំចូលទំនិញពីថៃទី ២ បន្ទាប់ពីចិន។
ខណៈដែលការនាំចូលសរុបរបស់កម្ពុជាមានតម្លៃ ១៥,៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ទំហំនាំចូលពីថៃមានចំនួន ១៦,៥ ភាគរយ។ ការនាំចូលរបស់កម្ពុជាពីចិនមាន ៤១,៧ ភាគរយនៃចំនួនសរុប។
ធនាគារជាតិនៃកម្ពុជាកាលពីខែកញ្ញាឆ្នាំ ២០១៧ បានយល់ព្រមជាមួយធនាគារប្រជាជនចិននៅក្នុងតំបន់ស្វយ័ត Guangxi ភាគខាងត្បូងប្រទេសចិន ក្នុងការដំណើរការអត្រាប្តូរប្រាក់ យន់-រៀលជាផ្លូវការដែលអនុញ្ញាតឲ្យក្រុមហ៊ុន និងបុគ្គលក្នុងការធ្វើសកម្មភាពទូទាត់ពាណិជ្ជកម្ម ដោយមិនចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារជារូបិយប័ណ្ណអន្តរការីនោះទេ៕LA