
ធនាគារជាតិនៃកម្ពុជា។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដកសិទ្ធិធ្វើអាជីវកម្មពីប្រតិបតិ្តករឥណទានជនបទចំនួន ១១ ដោយអះអាងថា គ្រឹះស្ថានទាំងនោះមិនបានគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ដែលបានចេញផ្សាយកាលពីម្សិលមិញ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៃការដកហូតសិទ្ធិធ្វើប្រតិបត្តិការពីគ្រឹះស្ថាននីមួយៗ នោះទេ តែបានរាយនាមឈ្មោះគ្រឹះស្ថានទាំង១១ នោះ។
លោកស្រី ជា សិរី អគ្គនាយិកានៃធនាគារជាតិនៃកម្ពុជា កាលពីម្សិលមិញក៏មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ផងដែរ ដោយលោកស្រីគ្រាន់តែលើកឡើងថា គ្រឹះស្ថានទាំងនោះមិនបានគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ ហើយមូលហេតុមានភាពខុសគ្នាពីករណីមួយទៅករណីមួយ។
លោកស្រីថ្លែងថា៖«ការបិទដំណើរការគ្រឹះស្ថានទាំង១១ នឹងមិនមានផលប៉ះពាល់អីដល់ដំណើរឧស្សាហកម្ម [ហិរញ្ញវត្ថុ] នោះទេ ដោយសារប្រតិបត្តិការរបស់ពួកគេមានទំហំតូចមែនទែន»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ប្រតិបត្តិករឥណទានទាំង ១១ ដែលត្រូវបានដកហូតសិទ្ធិធ្វើអាជីវកម្មរួមមាន ១) សមាគមជាតិទ្រទ្រង់កសិផល ២) វិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ ៣) អង្គការលូថេរ៉េន បម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ) ៤) អង្គការអភិវឌ្ឍន៍ជនបទខ្មែរ ៥) ស៊ី ខេ អឹម អេហ្វ ជី ៦) អង្គការសប្បុរស ៧) អង្គការទ្រទ្រង់សមាគមបង្កើនការអភិវឌ្ឍន៍ ៨) អង្គការជោគជ័យ ៩) អង្គការឥណទានកម្ពុជា (អាយ ខេ ហ្វាយនែន) ១០) អង្គការ ច័ន្ទ សុខសាន្ត ១១) សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។
លោក យន់ សុវណ្ណា អគ្គលេខាធិការសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា គ្រឹះស្ថានទាំង ១១ មិនស្ថិតក្នុងបញ្ជីសមាជិករបស់ CMA នោះទេ ខណៈសមាគមនេះមានសមាជិកជាប្រតិបតិ្តករឥណទានជនបទសរុប ២១។
លោកបញ្ជាក់ថា សមាជិក CMA តែងតែប្រកាន់ខ្ជាប់ និងគោរពបទប្បញ្ញត្តិ ក្រុមសីលធម៌ក្នុងការធ្វើប្រតិបត្តិការ និងក្រមសីលធម៌វិជ្ជាជីវៈ។
លោកមានប្រសាសន៍ថា៖ «ការខកខានក្នុងការគោរពបទប្បញ្ញត្តិត្រូវតែមានការដាក់ទណ្ឌកម្ម ការពិន័យ ឬ ការដកអាជ្ញាប័ណ្ណ»។
លោកបន្តថា៖ «ខ្ញុំជឿថា NBC មានការពិចារណាយ៉ាងយកចិត្តទុកដាក់ហើយមុននឹងធ្វើការដកហូតអាជ្ញាប័ណ្ណនេះ ហើយខ្ញុំយល់ថា វានឹងផលវិជ្ជមានសម្រាប់ទីផ្សារទៅវិញទេដែលមានការចាត់ វិធានការតឹងរ៉ឹងបែបនេះទៅលើអ្នកដែលមិនគោរពច្បាប់នោះ»៕