ភ្នំពេញៈ ​ធនាគារ​​ជាតិ​នៃ​កម្ពុជា (NBC) នឹង​​ក្លាយ​ជា​ធនាគារ​​មួយ​​ក្នុង​ចំណោម​​ប្រទេស​ជា​ច្រើន​​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ Blockchain ក្នុង​ប្រព័ន្ធ​ការ​ទូទាត់​ថ្នាក់​ជាតិ​របស់​ខ្លួន​ សម្រាប់​ការ​ប្រើប្រាស់​ដោយ​អតិថិជន ​និង​ធនាគារ​ពាណិជ្ជ​។ ​នេះ​បើ​​តាម​របាយ​ការណ៍​ថ្មី​មួយ​​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ ​(WEF​)​។

របាយ​ការណ៍​របស់​ WEF ​អំពី «​របៀប​ដែល​ធនាគារ​កណ្ដាល​ស្វែង​រក Blockchain នៅ​ថ្ងៃ​នេះ» ​ដែល​ចេញ​​ផ្សាយ​​កាល​ពី​ខែ​មីនា​​បាន​បង្ហាញ​ថា ​ធនាគារ​កណ្ដាល​កម្ពុជា​នឹង​ចាប់​ផ្តើម​​អនុវត្ត​បច្ចេកវិទ្យា ​Blockchain ​នេះ​ នៅ​​​ឆមាស​ទី​២ ឆ្នាំ ​២០១៩​ ជា​បទពិសោធ​មួយ​ដើម្បី​គាំទ្រ​ទាំង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់​គ្នា និង​ប្រសិទ្ធភាព​​ប្រព័ន្ធ​ធនាគារ​កាន់​តែ​ខ្លាំង​។​

របាយការណ៍​របស់​ WEF ​បាន​ឲ្យ​​ដឹង​ថា​៖ «​​ប្រព័ន្ធ​ទូទាត់​មាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា​ Blockchain ថ្មី​នេះ ​ដែល​អតិថិជន​អាច​ប្រើប្រាស់​តាមរយៈ​ការ​ចូលរួម​ធនាគារ​ពាណិជ្ជ​​ដោយ​បង្កើត​ប្រតិបត្តិការ​​ទូទាត់​​តាម​ទូរស័ព្ទ​ចល័ត​​​ និង​គណនី​ធនាគារ​ពាណិជ្ជ​ ការ​ជួយ​សម្រួល​ការ​ទូទាត់​លក់​រាយ​​អន្តរ​​ប្រតិបត្តិការ​រវាង​ពលរដ្ឋ​ និង​​ក្រុមហ៊ុន និង​ការ​លើក​កម្ពស់​ពលរដ្ឋ​ឲ្យ​ទទួល​យក​គណនី​ធនាគារ ​ដែល​​គាំទ្រ​ការ​សន្សំ​ប្រាក់ ​និង​ស្ថិរភាព​ហិរញ្ញវត្ថុ​»។​

របាយការណ៍​របស់​ WEF ​បង្ហាញ​ថា ​ប្រជាជន​កម្ពុជា​​ដែល​ភាគ​ច្រើន​មិន​មាន​គណនី​ធនាគារ​បាន​ប្រើប្រាស់​សាច់​ប្រាក់​ (ទាំង​ជា​ប្រាក់​ដុល្លារ​អាមេរិក ​និង​ប្រាក់​រៀល​ខ្មែរ​) ហើយ​​​ការ​អនុវត្ត​ការ​ទូទាត់​ឯកជន​​ផ្អែក​លើ​លើ​ទូរស័ព្ទ​ចល័ត​ផ្សេងៗ​ក្នុង​ការ​ដាក់​ប្រាក់ ​និង​ផ្ញើ​ប្រាក់​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​រវាង​ក្រុមហ៊ុន​។​​

តំណាង​របស់ ​NBC ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​លើ​ផែនការ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​បច្ចេកវិទ្យា​Blockchain ​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ​។

មន្ដ្រី​របស់​ NBC ​ធ្លាប់​បញ្ជាក់​ថា ​ការ​អនុវត្ត​បច្ចេកវិទ្យា​នេះ​ប្រសិន​បើ​វា​បង្ហាញ​ភាគ​ជោគជ័យ វា​នឹង​លើក​កម្ពស់​យ៉ាង​ខ្លាំង​ដល់​​សមត្ថភាព​របស់​ធនាគារ​កណ្ដាល ​ដើម្បី​ជួយ​សម្រួល​ និង​ត្រួត​ពិនិត្យ​ការ​ផ្ដល់​កម្ចី និង​ការ​ជួញដូរ​អន្តរ​ធនាគារ​។​

បច្ចេកវិទ្យា​ ​Blockchain ជា​ប្រព័ន្ធ​ស្នូល​មួយ​ដែល​នាំ​ទៅ​រក​ការ​បង្កើត​​ឲ្យ​មាន​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល ដូច​ជា​ bitcoin ​ជា​ដើម។

លោក​ស្រី​ ជា សិរី ​អគ្គនាយិកា​ធនាគារ​​ជាតិ​នៃ​កម្ពុជា ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កន្លង​មក​ថា បច្ចេកវិទ្យា​នេះ​​​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​​ប្រភេទ​ណា​មួយ​នៃ​រូបិយប័ណ្ណ​ឌីជីថល​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​វា​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទាក់ទង​នឹង​ការ​ផ្ដល់​កម្ចី​អន្តរ​ធនាគារ​។​

របាយការណ៍​របស់​ WEF បាន​​បង្ហាញ​ថា​ ប្រព័ន្ធ​អន្តរ​ធនាគារ​ក្នុង​ស្រុក​របស់​ប្រទេស ​កម្ពុជា ​ខ្វះ​ការ​ទូទាត់​​ និង​ដំណើរការ​ទូទាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ​នេះ​បើក​ចំហ​​ឱកាស​សម្រាប់​ការ​ពិសោធ​ ដើម្បី​កែ​លម្អ​ហួស​ពី​ដំណាក់​កាល​វិវឌ្ឍន៍​ធម្មតា​​នៃ​អន្តរ​ធនាគារ​បែប​ប្រពៃណី៕LA​