ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគង (Bakong) របស់ខ្លួននៅក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះជាវិធានការមួយក្នុងការបើកច្រកទូទាត់ជាតិសម្រាប់ប្រទេសកម្ពុជានៅក្នុងពេលអនាគតខាងមុខនេះ។
លោកស្រី ជា សិរី អគ្គនាយិកា NBC បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ កាលពីម្សិលមិញថា បន្ទាប់ពីប្រព័ន្ធទូទាត់ បាគង ត្រូវបានដាក់ឲ្យដំណើរការសាកល្បង ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៩ រួចមក NBC គ្រោងនឹងដាក់ប្រព័ន្ធនេះដំណើរការជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំនេះ ខណៈមានធនាគារជាច្រើនបានចុះឈ្មោះជាសមាជិករួចហើយ។
លោកស្រីថ្លែងថា៖ «កម្ពុជាបានបន្តគម្រោងសាកល្បងនៃប្រព័ន្ធទូទាត់បាគងចាប់តាំងពីខែកក្កដាឆ្នាំ ២០១៩ និងត្រូវរំពឹងថា នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំ ២០២០ ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចការគ្រោងទុក»។ លោកស្រីបន្ថែមថា រហូតមកដល់ពេលនេះមានគ្រឹះស្ថានហិរញ្ញវត្ថុ ១១ ត្រូវបានដាក់បញ្ចូលក្នុងប្រទេសនេះរួចហើយ ប្រហែលជាច្រើនជាងនេះនឹងចូលរួមក្នុងដំណើរការនេះ។
លោកស្រីបញ្ជាក់ថា៖ «ប្រព័ន្ធទូទាត់បាគងនឹងដើរតួនាទីដ៏សំខាន់ក្នុងការនាំយកក្រុមហ៊ុនទាំងអស់ចូលក្នុងប្រព័ន្ធទូទាត់នេះ នៅក្នុងប្រទេសកម្ពុជាស្ថិតក្រោមកម្មវិធីដូចគ្នា ដែលធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជាក់ស្ដែងក្នុងការចំណាយប្រាក់ឲ្យគ្នាទៅវិញទៅមក ដោយមិនគិតពីគ្រឹះស្ថានដែលពួកគេមានគណនីធនាគារនោះទេ។ ទីបំផុតយើងសង្ឃឹមថា នឹងអាចឲ្យមានការទូទាត់ឆ្លងកាត់ព្រំដែនតាមរយៈប្រព័ន្ធនេះផងដែរ»។
លោកស្រីបន្ថែមថា៖ «ប្រសិនបើប្រព័ន្ធទូទាត់បាគងនេះ ដំណើរការដូចការគ្រោងទុក វានឹងជាច្រកផ្លូវការទូទាត់ថ្នាក់ជាតិសម្រាប់ប្រទេសកម្ពុជា»។
លោក Shin Chang Moo ប្រធានធនាគារ PPCBank បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ធនាគាររបស់លោកកំពុងស្ថិតក្នុងដំណាក់កាលនៃការដាក់ពង្រាយប្រព័ន្ធនេះនៅគ្រប់សាខាទាំងអស់ ដោយសារតែប្រព័ន្ធនេះនឹងផ្ដល់ភាពទំនើបជាមួយនឹងតម្លៃសេវាទាបសម្រាប់អតិថិជន។
លោកបន្តថា៖ «យើងកំពុងស្ថិតនៅក្នុងដំណាក់កាលក្នុងការដាក់ពង្រាយប្រព័ន្ធបាគង នៅក្នុងប្រព័ន្ធធនាគាររបស់យើង។ វាត្រូវបានពន្យារពេល ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការធ្វើឲ្យវាកាន់តែមានប្រយោជន៍ និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ យើងនឹងត្រៀមខ្លួនរួចហើយក្នុងការក្លាយជាសមាជិក មុនពេលការដាក់ឲ្យដំណើរការជាផ្លូវការ»។
លោកបានពន្យល់ថា ប្រព័ន្ធទូទាត់នេះជាទូទៅជាមូលដ្ឋាននៃការទូទាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងសេវាផ្ទេរប្រាក់។ លោកបន្ថែមថា ប្រសិនបើធៀបនឹងសេវាទូទាត់ និងផ្ទេរប្រាក់ធម្មតាដែលបានផ្ដល់ដោយធនាគារពាណិជ្ជ ដូចជាកាតឥណទាន កាតឥណពន្ធ និងសេវាចល័ត ប្រព័ន្ធនេះនឹងផ្ដល់ដល់អ្នកប្រើប្រាស់ជាមួយនឹងជម្រើសមានតម្លៃកាន់តែទាប និងកាន់តែងាយស្រួល។
លោកថ្លែងថា៖ «មនុស្សមួយចំនួនបារម្ភថា ធនាគារអាចបាត់បង់ទីផ្សារពាក់ព័ន្ធនឹងប្រព័ន្ធនេះ។ ពិតហើយមួយផ្នែកនៅក្នុងចក្ខុវិស័យរយៈពេលខ្លី ប៉ុន្តែចាប់តាំងពីឧស្សាហកម្មរបស់យើងមានភាពចាស់ទុំទាក់ទងនឹងប្រជាជនមានគណនីធនាគារ ប្រព័ន្ធនេះនឹងបង្កើតអេកូឡូស៊ីសេវាហិរញ្ញវត្ថុគ្រប់ៗគ្នា ដែលភាគីពាក់ព័ន្ធទាំងអស់នៅក្នុងឧស្សាហកម្មនឹងទទួលបានអត្ថប្រយោជន៍»។
លោកបន្ថែមថា មិនដូចជារូបិយប័ណ្ណឌីជីថលសាធារណៈ និងបើកចំហ ដូចជា Bitcoin នោះទេ បាគងគឺជាប្រព័ន្ធបិទ និងបានគាំទ្រដោយ NBC ហើយគេមិនអាចឆ្លៀតកេងចំណេញពីការប្រើប្រាស់ប្រព័ន្ធនេះបានទេ។
លោក Shin Chang Moo ថ្លែងថា៖ «ប្រព័ន្ធទូទាត់នេះ បច្ចុប្បន្នត្រូវបានភ្ជាប់ជាមួយគណនីធនាគាររបស់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរជាមួយរូបិយប័ណ្ណក្នុងស្រុកក្នុងអត្រាប្ដូរប្រាក់ស្មើគ្នា។ ប្រតិបត្តិការទាំងអស់នឹងត្រូវបានធ្វើឡើងក្នុងមូលដ្ឋានឈ្មោះពិតហើយកំណត់ត្រារបស់ខ្លួននឹងត្រូវបានរក្សាជាសម្ងាត់នៅក្នុងប្រព័ន្ធ NBC។ បន្ថែមលើនេះប្រព័ន្ធបាគងជាមធ្យោបាយមួយក្នុងការកំណត់ស្ដង់ដាថ្នាក់ជាតិនៃបាកូដ QR ដែលនឹងត្រូវគោរពតាម និងបញ្ចូលគ្នាជាមួយសមមូលអាស៊ាន សម្រាប់សមត្ថភាពក្នុងការផ្លាស់ប្តូរ»។
លោកបានបន្តថា៖ «ខណៈប្រព័ន្ធបាគងត្រូវបានស្គាល់យ៉ាងទូលំទូលាយ និងយ៉ាងរហ័សក្នុងសង្គមហិរញ្ញវត្ថុអន្តរជាតិមានអ្នកអនុវត្តតាមជាច្រើនក្នុងចំណោមធនាគារកណ្ដាលនៅតាមបណ្ដាប្រទេសផ្សេងទៀត ហើយនឹងមានការសិក្សាកាន់តែច្រើនបន្ថែមទៀតករណីប្រព័ន្ធនេះ»។
វេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ នៅទីក្រុង ដាវ៉ូស ប្រទេសស្វ៊ីសកាលពីសប្ដាហ៍មុនថា NBC ស្ថិតក្នុងចំណោមធនាគារកណ្ដាលដំបូងគេក្នុងការសាកល្បងទម្រង់ដូចគ្នានេះ នៃប្រព័ន្ធទូទាត់ថ្នាក់ជាតិ ដែលហៅថា រូបិយប័ណ្ណឌីជីថលធនាគារកណ្ដាល (CBDC)។
ប្រទេសកម្ពុជាបច្ចុប្បន្នមានធនាគារពាណិជ្ជប្រហែល ៤៣ កំពុងប្រតិបត្តិការ ក្នុងនោះធនាគារក្នុងស្រុកមានចំនួន ១៥ ធនាគារជាក្រុមហ៊ុនបុត្រសម្ព័ន្ធមានចំនួន ១៥ និងសាខាធនាគារបរទេស ១៣ ធនាគារឯកទេស ១៤ ដោយ ១ គ្រប់គ្រងដោយរដ្ឋ និងឯកជន ១៣ និងគ្រឹះស្ថានទទួលប្រាក់បញ្ញើ ៧៕LA