
ពិធីចុះ MoU រវាង NBC និងក្រុមហ៊ុន វីសា ក្នុងព្រឹត្តិការណ៍ដាក់ឲ្យដំណើរការអប់រំចំណេះដឹងហិរញ្ញវត្ថុតាមឌីជីថលម្សិលមិញ។ រូបថត សហការី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃអង្គារ បានប្រកាសដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅលើ ស្មាតហ្វូន ដែលជាវិធានការមួយ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនវ័យក្មេងដែលកំពុងពេញនិយមលើការប្រើប្រាស់ឌីជីថល។
«កម្មវិធីអប់រំ NBC» គឺជាកម្មវិធីឌីជីថលមួយ ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា អាន និងរៀន ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋានតាមអនឡាញទាំងនៅលើទូរស័ព្ទ iPhone និងទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android។ កម្មវិធីនេះអភិវឌ្ឍដោយក្រុមអ្នកជំនាញរបស់ NBC ដោយមានការគាំទ្រពី Visa Cambodia។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងសម្រាប់អ្នកមានអាយុចាប់ពី ៨ ដល់ ១៨ ឆ្នាំ។
លោកស្រី ជា សិរី អគ្គនាយក NBC ឲ្យដឹងថា ឥណទានទំនិញប្រើប្រាស់ និងផលិតផលហិរញ្ញវត្ថុឌីជីថល អាចទទួលបានកាន់តែច្រើននៅកម្ពុជា ដែលប្រជាជនកាន់តែច្រើនអាចប្រើប្រាស់ ក្នុងការទិញទូរស័ព្ទ ទូរទស្សន៍ និងទំនិញប្រើប្រាស់ផ្សេងទៀត។
ទោះជាយ៉ាងនេះក្តី លោកស្រី ជា សិរី ព្រមានថា មានកំណើនហានិភ័យដែលយុវវ័យកម្ពុជា និងអ្នកក្រីក្រ អាចទទួលរងផលប៉ះពាល់ តាមរយៈការជំពាក់បំណុលវ័ណ្ឌក ដោយការជ្រើសរើសសេវាហិរញ្ញវត្ថុខុស ឬការក្លាយជាជនរងគ្រោះ ដោយសារផែនការអាក្រក់ និងការផ្ដល់កម្ចីការប្រាក់ខ្ពស់ ពីសេវាកម្ចីក្រៅផ្លូវការ ប្រសិនបើពួកគេមិនមានការយល់ដឹងត្រឹមត្រូវ អំពីចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋាន។
លោកស្រី បន្ថែមថា NBC មានតួនាទីការពារប្រយោជន៍អ្នកប្រើប្រាស់កម្ចី និងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាយុទ្ធសាស្ដ្រមួយ ក្នុងចំណោមយុទ្ធសាស្ដ្រជាច្រើនផ្សេងទៀត។
លោកស្រីបញ្ជាក់ថា៖ «តាមរយៈកម្មវិធីអប់រំឌីជីថលថ្មីរបស់យើង យើងសង្ឃឹមថា វានឹងរួមចំណែកក្នុងការធ្វើឲ្យពួកគេមានចំណេះដឹងបន្ថែម និងប្រើប្រាស់សេវាហិរញ្ញវត្ថុត្រឹមត្រូវ»។
NBC កំពុងធ្វើការងារជាមួយមន្ដ្រីមកពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតកម្មវិធីសិក្សាដែលនឹងបង្រៀនពីគំនិតសន្សំប្រាក់ ឧបករណ៍គ្រប់គ្រងកម្ចី និងគ្រប់គ្រងហិរញ្ញវត្ថុ ដល់សិស្សនៅកម្រិតសាលាបឋមសិក្សា និងវិទ្យាល័យ។ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។
លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ការបង្កើនភាពយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនវ័យក្មេងរបស់កម្ពុជា មានសារៈសំខាន់ណាស់ ជាពិសេសក្នុងសម័យដែលសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយសេវា និងផលិតផលហិរញ្ញវត្ថុ ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង។
លោកស្រីថ្លែងថា៖ «ប្រជាជនដែលជាទិសដៅទាំងនោះ ត្រូវការការយល់ដឹងកាន់តែច្រើន អំពីចំណូល ចំណាយ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយមានការទទួលខុសត្រូវ ដោយសារតែការសម្រេចចិត្តរបស់ពួកគេលើការចំណាយណាមួយ ប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចប្រទេសផងដែរ»។
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា៕LA