ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​បាន​អំពាវនាវ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យនេះ​ឱ្យ​ផ្អាក​ការបែងចែក​ភាគលាភ​ចំពោះ​ប្រាក់ចំណេញ​ឆ្នាំ​ ២០២០ ដល់​ភាគទុនិក​របស់​ពួកគេ ដែល​ជា​វិធានការ​មួយ​រួមចំណែក​រក្សា​កំណើន​របស់​វិស័យនេះ​។

សេចក្ដី​ប្រកាស​របស់​ NBC កាលពី​ថ្ងៃ​សុក្រ​ឱ្យ​ដឹងថា ចាប់តាំងពី​អំឡុងពេល​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​រហូត​ដល់​បច្ចុប្បន្ន ធនាគារ​ជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​បន្ធូរបន្ថយ​លើ​ការអនុវត្ត​តាម​បទប្បញ្ញត្តិ​របស់​គ្រឹះស្ថាន​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​វិស័យ​ធនាគារ​នៅតែ​មាន​ភាពរឹងមាំ និង​បន្ត​មាន​ប្រាក់ចំណេញ​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន​។

NBC ​បន្តថា​៖ «​ដោយសារ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ នៅ​មិនទាន់​មាន​ភាពច្បាស់លាស់ និង​មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង និង​ដើម្បី​ធានា​ភាពធន់ និង​ស្ថិរភាព ក្នុង​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា​ស្នើ​គ្រប់​គ្រឹះស្ថាន​ទាំងអស់ ផ្អាក​ការបែងចែក​ភាគលាភ​ចំពោះ​ប្រាក់ចំណេញ​របស់​គ្រឹះស្ថាន​ក្រោយ​ធ្វើ​សវនកម្ម ឆ្នាំ​ ២០២០ និង រៀបចំ​យុទ្ធសាស្ដ្រ​ចាកចេញ​សមស្រប បន្ទាប់ពី​ការអនុគ្រោះ​នានា​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​។

លោក​ Igor Zimarev ប្រធាន​ផ្នែក​ទីផ្សារ​ធនាគារ ABA Bank បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មិនទាន់​បានឃើញ សេចក្តី​សម្រេច​របស់ NBC ​ជា​ផ្លូវការ​លើ​វិធានការ​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​មិន​បែងចែក​ភាគលាភ​ដល់​ភាគទុនិក​នោះទេ​។ ជា​យុទ្ធសាស្ដ្រ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​បង្វែរ​ប្រាក់ចំណេញ​របស់​ធនាគារ​ទៅជា​ដើមទុន គាំទ្រ​ដល់​កំណើន​ប្រាក់​បញ្ញើ និង​ផលបត្រ​កម្ចី​របស់ខ្លួន​ដែល​ជា​បន្តបន្ទាប់ ផលប៉ះពាល់​វិជ្ជមាន​ដល់​អតិថិជន​របស់​យើង និង​សេដ្ឋកិច្ច​ក្នុងស្រុក​»​។

លោក​បន្តថា​៖ «​ដោយ​ផ្អែក​តាម​យុទ្ធសាស្ដ្រ​របស់​យើង បច្ចុប្បន្ន​យើង​មិនមាន​ផែនការ​បែងចែក​ភាគលាភ​ដល់​ភាគទុនិក​ទេ​»​។

ទាក់ទង​នឹង NBC ​ដែល​បាន​ស្នើឱ្យ​ FIs ទាំងអស់​រៀបចំ​យុទ្ធសាស្ដ្រ​ចាកចេញ លោក​ Igor បានឱ្យដឹងថា ធនាគារ ABA បាន រៀបចំ​ល្អប្រសើរ​លើ​យុទ្ធសាស្ដ្រ​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅក្នុង​ធនាគារ​ ABA Bank ត្រូវ​បានរៀបចំ​ល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍ​នៃ​ស្ថានការណ៍​នៅលើ​ទីផ្សារ ហើយ​នឹង​អនុវត្ត​សេណារីយោ​ចាកចេញ​ដែល​បាន​ដាក់ចេញ​ដោយ​និយតករ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​អះអាង​ថា ធនាគារ​អេស៊ីលីដា បាន​រៀបចំ​បាន​យ៉ាង​ល្អ​ជុំវិញ​យុទ្ធសាស្ដ្រ​របស់​ធនាគារ ក្នុងការ​រក្សា​កំណើន ប៉ុន្តែ​បដិសេធ​មិន​អធិប្បាយ​ពី​សេចក្តីសម្រេច​ថ្មី​។

លោក កាំង តុងងី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ក៏បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ផងដែរ ដោយសារ​លោក​ចាំបាច់​ត្រូវ​ទទួលបាន​ព័ត៌មាន​បន្ថែម​សិន ទាក់ទង​នឹង​ការអំពាវនាវ​ដែល​បានធ្វើ​ឡើង​ដោយ​ NBC ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ប្រមូល​ទិន្នន័យ​បន្ថែម​»​។

កាលពី​ខែមីនា​ឆ្នាំមុន NBC បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ជួយ​សម្រួល និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវមាន​សន្ទនីយភាព​កាន់តែ​រឹងមាំ ដូចជា​ការពន្យារពេល​ការអនុវត្ត​ទ្រនាប់ សន្ទនីយភាព​ដើមទុន (CCB) ​រហូតដល់​ឆ្នាំ​ ២០២១ កាត់បន្ថយ អត្រា​ការប្រាក់​លើ​ប្រតិបត្តិការ​ផ្ដល់​សន្ទនីយភាព​ដោយមាន​ការធានា (LPCO) រហូតដល់ ០,៥ ​ភាគរយ និង​កាត់បន្ថយ​អត្រា​ការប្រាក់​លើ​បណ្ណ​ប្រាក់​បញ្ញើ​អាច​ជួញដូរ​បាន (NCD)​។ កាត់បន្ថយ​អត្រា​ការប្រាក់​ទុនបម្រុង​កាតព្វកិច្ច​មក​នៅត្រឹម ៧ ​ភាគរយ​សម្រាប់​ទាំង​រូបិយប័ណ្ណ​ក្នុងស្រុក និង​បរទេស​ក្នុង​រយៈពេល​ ៦ ​ខែ ដែល​ចាប់ផ្ដើម​ពី​ខែមេសា​ឆ្នាំ​ ២០២០ រហូតដល់​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២១ និង​កាត់បន្ថយ​អនុបាត​ក្របខ័ណ្ឌ​សន្ទនីយភាព (LCR) មក​នៅត្រឹម​កម្រិត សមរម្យ ប្រសិនបើ​វា​ចាំបាច់​។

ទ្រព្យសកម្ម​សរុប​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់​ ៥៩,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ចុង​ឆ្នាំមុន​កើន​ ១៥,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕LA