ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​អនុគ្រោះ​ដំណាក់កាល​ទី​៣ ក្នុង​ការជួយ​សម្រួល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ជា​ការបើក​លទ្ធភាព​បន្ថែម​ដល់​ស្ថាប័ន​ទាំងអស់​ឱ្យ​បញ្ចេញ​ប្រាក់កម្ចី​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​នៅ​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ព្រឹត្តិការណ៍​សហគមន៍ ២០​ កុម្ភៈ​។

«​ធនាគារជាតិ​នៃ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទូទៅ និង​ភាគី​ពាក់ព័ន្ធ​ជ្រាបថា ធនាគារ​ជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​អនុគ្រោះ​ជា​បន្តបន្ទាប់​ ដើម្បី​ចូលរួម​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩»​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC ដែល​បាន​សម្រេច​កាលពី​ថ្ងៃ ២១ ខែឧសភា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងទៀតថា ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បន្ត​វិធានការ​អនុគ្រោះ​ដំណាក់កាល​ទី​ ៣ ដូចជា រក្សា​ការអនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​តាម​អត្រា ៧ ​ភាគរយ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​, អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្តធ្វើ​ឥណទាន​រៀបចំ​ឡើងវិញ​រហូតដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២១​។

NBC បញ្ជាក់ថា​៖ «​ចំពោះ​អតិថិជន​ដែល​រស់នៅ​ទីតាំង​តំបន់​បិទខ្ទប់​តាម​ការកំណត់​របស់​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អាច​ធ្វើ​ឥណទាន​រៀបចំ​ឡើងវិញ​លើសពី​ ៣ ​ដង​ក្នុង​អំឡុងពេល​អនុគ្រោះ​នេះ និង​បន្ត​លើក​ទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​អនុគ្រោះ បន្ធូរបន្ថយ ឬ​លើកលែង​ការយក​សោហ៊ុយ ឬ​ការពិន័យ​ផ្សេងៗ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន​»​។

គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែឧសភា កម្ពុជា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​ថ្មី​ចំនួន ៥៥៦ ​នាក់ ខណៈ​អ្នកជំងឺ​ ៦៥៨ ​នាក់​បានជា​សះស្បើយ​។ មកដល់​ពេល​នេះ កម្ពុជា​បានបញ្ជាក់​ករណី​ឆ្លង​កូវីដ​ ១៩ ចំនួន ២៥ ៧៦១ ​នាក់ ​ក្នុង​នោះ​អ្នកជំងឺ ១៨ ៣៥៩ ​នាក់​បានជា​សះស្បើយ និង​ស្លាប់​ ១៧៩ ​នាក់​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ស្វាគមន៍​វិធានការ​នេះ ព្រោះ​វិធានការ​នេះ​នឹង​ផ្ដល់ឱកាស​ច្រើន​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ​កាន់តែច្រើន និង​ផ្តល់​ការគាំទ្រ​ផ្សេងទៀត​ដល់​អតិថិជន​នៅក្នុង​អំឡុងពេល​វេលា​ដ៏ពិបាក​នេះ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្នុង​ថ្ងៃទី​ ២៤ ខែឧសភា ថា​៖ «​យើង​រីករាយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ការរៀបចំ​ឥណទាន​ឡើងវិញ​ដល់​ចុងឆ្នាំ​។ ជាមួយនឹង​ការបន្ត​នេះ យើង​អាច​បន្ត​គាំទ្រ​ដល់​អតិថិជន​របស់​យើង​ក្នុង​ពេលវេលា​ដ៏ពិបាក​ដែល​ឧស្សាហកម្ម​ទាំងអស់​ទទួលរង​ផលប៉ះពាល់ និង​រួមទាំង​ធនាគារ​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​ការបន្ត​ការ​ផ្តល់នូវ​ទុនបម្រុង​កាតព្វកិច្ច​នេះ​អាចឱ្យ​ធនាគារ​ដែលមាន​សន្ទនីយភាព​មិន​គ្រាន់តែ​ ដើម្បី​គាំទ្រ​ដល់​អតិថិជន​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​គាំទ្រ​កំណើន​របស់​វិស័យនេះ​ផងដែរ ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​ការស្ទុះ​ងើបឡើង​វិញ​»​។

លោក​ សាយ សូនី នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ក៏​បាន​បង្ហាញ​ពី​ភាពចាំបាច់​លើ​ការបន្ត​វិធានការ​នេះ​ដើម្បី​រួមចំណែក​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់ NBC ដែល​បាន​យល់ច្បាស់​ពី​តម្រូវការ​របស់​អតិថិជន​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​។ តាមរយៈ​ការអន្តរាគមន៍ អតិថិជន​អាច​ស្វែងរក​ការរៀបចំ​ឥណទាន​ឡើងវិញ​របស់​ពួកគេ​ច្រើនជាង ៣ ​ដង និង​មាន​ពេល​រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១»​។

លោក​ប្រាប់ថា​៖ «​ប្រាសាក់ មាន​ក្ដី​រីករាយ​ក្នុង​ការសហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រាល​ក្ដី​ឈឺចាប់​ដល់​អតិថិជន​តាមរយៈ​ការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​វិធានការ​ទាំងអស់​ដែល​ចេញ​ដោយ​និយតករ ព្រមទាំង NBC​។ តាមរយៈ​ការមើលឃើញ​មាន​តម្រូវការ​មូលនិធិ​/​ប្រាក់​កាន់តែ​ច្រើន ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម ព្រមទាំង​ទុន​បង្វិល ស្របពេល​រដូវ​ផលិតកម្ម​កសិកម្ម​កំពុង​ចាប់ផ្ដើម ដូច្នេះ​យើង​បន្ត​ការផ្ដល់​កម្ចី ប្រសិនបើ​មាន​តម្រូវការ​»​។

ទ្រព្យសកម្ម​សរុប​នៅ​ធនាគារ​របស់​កម្ពុជា និង MFIs បាន​កើនឡើង​ដល់​ ៥៩,៤ ​ពាន់​លាន​ដុល្លារ កាលពី​ចុង​ឆ្នាំមុន កើន ១៥,៧ ​ភាគរយ​ធៀប​នឹង​ចុងឆ្នាំ​ ២០១៩​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២០ របស់ NBC​។

កម្ចី​នៅក្នុង​ធនាគារ និង MFIs បាន​កើនឡើង ១៤,៨ ​ភាគរយ​ដល់​ ៣៧,៣ ​ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ​មុន ខណៈដែល​ប្រាក់​បញ្ញើ​បាន​កើនឡើង ១៥,៤ ​ភាគរយ​ដល់ ៣៣,៨ ​ពាន់​លាន​ដុល្លារ​៕ LA