
អគារធនាគារជាតិនៃកម្ពុជាដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ ផា លីណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កំពុងស្វែងរកកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ក្រាបអ្នកចងការប្រាក់ខុសច្បាប់។ នេះបើយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃសុក្រដោយបានព្រមានដល់សាធារណជនអំពីគ្រោះថ្នាក់នៃការយកប្រាក់កម្ចីពីគ្រឹះស្ថានដែលមិនស្គាល់ច្បាស់។
NBC បានកត់សម្គាល់ថាអ្នកផ្តល់កម្ចីខុសច្បាប់កំពុងបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មផ្ដល់កម្ចីរបស់ពួកគេ តាមរយៈបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គម ការចែកចាយខិត្តប័ណ្ណ ឬការបញ្ជូនសារដើម្បីផ្សព្វផ្សាយកម្ចីរបស់ពួកគេ។ ធនាគារនេះបន្ថែមថាមានគ្រោះថ្នាក់ជាច្រើន ប្រសិនបើប្រជាជនប្រើប្រាស់កម្ចីខុសច្បាប់ទាំងនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ NBC លើកឡើងថា៖ «អតិថិជនអាចប្រឈមមុខនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់»។ NBC បន្ថែមថា៖ «ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬ អ្នកផ្តល់កម្ចីខុសច្បាប់រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម»។
ទោះបីជាការបង្ហាញថា NBC កំពុងស្វែងរកកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការបង្ក្រាបអ្នកចងការប្រាក់ខុសច្បាប់ក៏ដោយ ក៏សេចក្ដីប្រកាសពីនិយតករហិរញ្ញវត្ថុកម្ពុជាមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ លោកស្រី ជា សិរី អគ្គនាយិកា NBC មិនអាចទាក់ទងសុំការពន្យល់បន្ថែមលើបញ្ហានេះបានទេ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កាលពីខែឧសភាក៏បានចេញសេចក្ដីប្រកាសមួយដោយព្រមានដល់សាធារណជនអំពីគ្រោះថ្នាក់នៃការកើនឡើងរបស់អ្នកចងការប្រាក់ខុសច្បាប់នេះដែរ។
ការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់កម្ចីជាសាច់ប្រាក់ងាយស្រួលកំពុងកើនឡើងរីករាលដាលកាន់តែច្រើននៅពេលថ្មីៗនៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គមព្រមទាំងការផ្សព្វផ្សាយតាមរ៉ឺម៉កម៉ូតូ។ ជារឿយៗសេវាទាំងនេះនឹងផ្ដល់កម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំ ប៉ុន្តែសេវានេះមិនដែលបង្ហាញអត្រាការប្រាក់នោះទេ។
បច្ចុប្បន្ននេះក៏មានករណីជាច្រើននៃការផ្សព្វផ្សាយខិត្តប័ណ្ណផ្តល់កម្ចីដែលភាគច្រើនត្រូវបានគេដើរចែកតាមផ្ទះ ឬតាមកន្លែងអាជីវកម្មតូចៗ និងមធ្យម នានាក្នុងទីក្រុងភ្នំពេញ។ ភាគច្រើននៃខិត្តប័ណ្ណផ្តល់កម្ចីគឺសរសេរអក្សរចិន ឬគេបញ្ជាក់ថាកម្ចីទាំងនេះគឺកាន់កាប់ដោយជនជាតិចិន។
ខណៈកម្ចីដែលបានផ្ដល់ដោយគ្រឹះស្ថានមិនទទួលបានអាជ្ញាប័ណ្ណមានគ្រោះថ្នាក់ខ្លាំងលោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បានថ្លែងថា NBC គួរតែចាត់វិធានការធ្ងន់ធ្ងរជាជាងគ្រាន់តែធ្វើការប្រកាស ដើម្បីគ្រប់គ្រងបញ្ហានេះ។
លោកថ្លែងថា៖ «ប្រជាជនរបស់យើងនៅតែមានចំណេះដឹងទាបផ្នែកហិរញ្ញវត្ថុ ដែលមានន័យថាយើងត្រូវការនិយតករហិរញ្ញវត្ថុក្នុងការធ្វើការងារយ៉ាងសកម្ម ដើម្បីការពារសាធារណជន»។
លោកបានបន្ថែមទៀតថា៖ «ប្រសិនបើយើងអនុញ្ញាតឲ្យប្រតិបត្តិករមិនមានអាជ្ញាប័ណ្ណផ្ដល់សេវាដូចគ្នា វាមិនស្មើភាពចំពោះគ្រឹះស្ថានផ្លូវការនោះទេ។ វាបង្អាក់ទឹកចិត្តដល់ប្រតិបត្តិករក្នុងការចូលរួមក្នុងវិស័យផ្លូវការនេះ»៕LA