ភ្នំពេញៈ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការ​ចរាចរ​ប្រាក់រៀល​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​​ចំណែក​កាន់តែ​ធំ​នាពេល​ខាង​មុខ ដោយសារ​តែ​ការយល់​ឃើញ​ជា​វិជ្ជមាន​របស់​ពលរដ្ឋ​ចំពោះ​រូបិយប័ណ្ណ​ជាតិ និង​ប្រសិទ្ធភាព​នៃ​ការដាក់​ឲ្យ​អនុវត្ត​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ចំនួន​ពី​ធនាគារ​កណ្ដាល​។

ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ក្នុង​អំឡុង​ការ​ប្រារព្ធ​ពិធី​ខួប​ទី​ ៣៨ ​ឆ្នាំ​នៃ​ការ​ចរាចរ​ប្រាក់​រៀល​ខ្មែរ​ឡើង​វិញ ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​បាន​ថ្លែង​ថា​ចំណែក​ទីផ្សារ​ប្រាក់រៀល​នៅ​តែ​តូច​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ប្រាក់​ដុល្លារ ដែល​ប្រាក់​ដុល្លារ​អាមេរិក​មាន​ ៨៣ ​ភាគរយ​នៃ​ចរាចរណ៍​រូបិយប័ណ្ណ​សរុប ប៉ុន្តែ​លោកស្រី មាន​សុទិដ្ឋិនិយម​ថា និន្នាការ​នេះ​នឹង​​មាន​ភាព​ល្អ​ប្រសើរ​ដោយសារ​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​បាន​ផ្លាស់ប្តូរ​ការយល់ដឹង​របស់​ពួកគេ​ចំពោះ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ដែល​ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​ប្រាក់រៀល​ខ្លាំង​ជាង​មុន​។

លោកស្រី​បន្ត​ថា​៖ «​ខ្ញុំ​មាន​​ជំនឿ​ថា ចរាចរណ៍​ប្រាក់​រៀល​ខ្មែរ​នឹង​កាន់តែ​ប្រសើរ​ឡើង​ [​ចំណែក​កាន់តែ​ធំ​] ដោយសារ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​»​។

លោកស្រី​បន្ថែម​ថា​៖ «​យើង​បាន​អង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ឆន្ទៈ​ខ្លាំង​ជាង​មុន​ចំពោះ​ការប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​»​។

យោង​តាម​លោកស្រី ជា សិរី ក្រុម​ការងារ NBC បាន​ធ្វើការ​សិក្សា​ផ្ទៃក្នុង​មួយ​កាលពី​ឆ្នាំ​ ២០១៤ ដែល​សួរ​ប្រជាជន​កម្ពុជា​វ័យ​ក្មេង​ពី​ការយល់​ឃើញ​របស់​ពួកគេ​ចំពោះ​ការប្រើប្រាស់​ប្រាក់រៀល ហើយ​លទ្ធផល​នាពេល​នោះ​ពួកគេ​ភាគច្រើន​ឆ្លើយតប​ថា​ពួកគេ​ចង់​ប្រើប្រាស់​ប្រាក់​ដុល្លារ​ជាង​ប្រាក់រៀល ខណៈ​ការសិក្សា​ដូច​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ពួកគេ​ស្រឡាញ់​ប្រាក់រៀល​សម្រាប់​មោទនភាព​ជាតិ​។

លោកស្រី បន្ត​ថា​ធនាគារជាតិ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បទប្បញ្ញត្តិ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ប្រាក់​រៀល​ដែល​តម្រូវ​ឲ្យ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​មាន​ទំហំ​កម្ចី​យ៉ាង​ហោច​ណាស់​ ១០ ភាគរយ​ជា​ប្រាក់រៀល​​លោក គា បុរាណ នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK លើក​ឡើង​ស្រដៀង​គ្នា​ដែរ​។ លោក​បន្ត​ថា ក្នុង​ចំណោម​រូបិយប័ណ្ណ​សរុប​នៅ AMK បាន​ផ្តល់​កម្ចី​ជា​ប្រាក់រៀល​មាន​រហូត​ដល់​ទៅ ៧៥ ភាគរយ​។

លោក Daiju Aiba អ្នក​ស្រាវជ្រាវ​ប្រចាំ​នៅ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជប៉ុន JICA ប្រចាំ​កម្ពុជា​ដែល​បាន​ធ្វើការ​សិក្សា​ពី​ការប្រើប្រាស់​ប្រាក់រៀល​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា បទប្បញ្ញត្តិ​របស់ NBC នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​កំណើន​ការប្រើប្រាស់​ប្រាក់​រៀល​៕ LA