ភ្នំពេញ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ស្នើ​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់ ​ត្រូវ​ផ្ដល់​ការ​អនុគ្រោះ​បន្ធូរបន្ថយ​យក​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​លើក​លែង​ការ​ផាក​ពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ ​២០២០​ ខណៈ​​ការ​រីក​រាល​ដាល​កូវីដ ​១៩​ កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។​

យោង​តាម​សេចក្ដី​ប្រកាស​របស់​ NBC កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​​ថា ​ក្នុង​ស្ថានភាព​ដែល​ប្រទេស ​កម្ពុជា ​កំពុង​ប្រឈម​នឹង​ការ​រីក​រាល​ដាល​កូវីដ ​១៩ NBC ស្នើ​សុំ​ការ​យោគយល់​​ពី​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ ផ្ដល់​ការ​អនុ​គ្រោះ​បន្ថែម​ដល់​អតិថិជន​ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​ក្នុង​គ្រា​លំបាក​នេះ ដូច​ជា​ការ​បន្ធូរ​បន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង/ឬ​លើកលែង​ការ​ផាក​ពិន័យ​ផ្សេងៗ​ ចំពោះ​អតិថិជន​របស់​ខ្លួន​ចាប់​ពី​កាល​បរិច្ឆេទ​នៃ​លិខិត​នេះ​រហូត​ដល់​ដំណាច់​ខែធ្នូ​ ឆ្នាំ ​២០២០​។

លោក ​សាយ​ សូនី នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា គ្រឹះស្ថាន​របស់​លោក​កំពុង​ជួយ​សម្រួល​ដល់​អ្នក​ខ្ចី​ប្រាក់​ ចាប់​តាំង​ពី​ការ​រីក​រាល​ដាល​បាន​កើត​ឡើង​។ ជាមួយ​គ្នា​នេះ​ដែរ​ ប្រាសាក់ ក៏​ស្នើ​សុំ​ការ​បន្ទាប​កម្រៃ​សេវា​ក្នុង​អំឡុង​ពេល​នេះ​ផង​ដែរ​។ លោក​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា វា​ជា​ការ​ធ្វើ​អន្តរាគមន៍​ដ៏​ល្អ​របស់​និយតករ​​ក្នុង​ការ​បន្ត​ការ​រីក​ចម្រើន​ជាមួយ​គ្នា​ មិន​គ្រាន់​តែ​ក្ដី​មេត្តា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​និរន្តរភាព​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ផង​ដែរ​។ យើង​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​អំពាវ​នាវ​នេះ»។

លោក​​បាន​បន្ត​ថា​៖ ​«​កម្រៃ​​ដែល​មាន​ស្រាប់​​របស់​យើង​ គឺ​ទាប ទោះ​យ៉ាង​ណា​​យើង​កំពុង​ចាត់​វិធាន​ការ​បន្ទាន់​ ដើម្បី​ត្រួត​ពិនិត្យ​រចនា​សម្ព័ន្ធ​កម្រៃ​សេវា​​របស់​យើង​ ហើយ​យើង​ពិចារណា​​ការ​បន្ធូរ​បន្ថយ​ជា​ច្រើន​តាម​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​​របស់​ NBC ព្រម​ទាំង​បន្ត​ការ​រីក​ចម្រើន​​ជាមួយ​គ្នា​ ជាមួយ​នឹង​អតិថិជន​របស់​យើង​។ ​យើង​មិន​មាន​ការ​ផាក​​ពិន័យ​ចំពោះ​ភាព​យឺតយ៉ាវ​របស់​អតិថិជន​ ដែល​សង​​ប្រាក់​យឺត​​ទេ​»។​​

កាល​ពី​ថ្ងៃទី ​២៧ ខែ​មីនា NBC ក៏​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ ត្រូវ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​វិស័យ​អាទិភាព​ទាំង ​៤​ ដែល​បាន​លើក​ឡើង​ដោយ​ NBC គឺ​ទេសចរណ៍ កាត់ដេរ សំណង់ ដឹក​ជញ្ជូន និង​ឡូជីស្ទិក​។

Maybank ជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី​កាល​​ពី​ថ្ងៃទី ​២៣ ខែ​មេសា​ បាន​ប្រកាស​ជា​សាធារណៈ​សម្រាប់​ការ​បន្ធូរបន្ថយ​ឥណទាន​សម្រាប់​អតិថិជន​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​រីក​រាលដាល​​កូវីដ ១៩​ ​ពេល​​បច្ចុប្បន្ន​។

ធនាគារ Maybank បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ការ​រីករាល​ដាល​កូវីដ ១៩ ធនាគារ​ Maybank បាន​ចាប់​ផ្ដើម​ផ្ដល់​សេវា​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​របស់​ខ្លួន​ដែល​​រង​ផល​ប៉ះពាល់​​ដោយ​ការ​រីក​រាល​ដាល​នេះ​ បន្ថែម​លើ​ផែន​ការ​បន្ធូរបន្ថយ​​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​ក្នុង​ទម្រង់​​នៃ​ការ​រៀបចំ​ឥណទាន​​ឡើង​វិញ និង​ការ​កំណត់​ពេល​វេលា​ឡើង​វិញ​ (R&R)​ របស់​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ ព្រម​ទាំង​ការ​ផ្អាក​​លើ​ការ​សង​ប្រាក់​​កម្ចី​ផង​ដែរ​។​​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាល​ពី​ថ្ងៃទី ​១៧​ ខែ​មេសា ​បាន​ឲ្យ​ដឹង​ថា សមាជិក​ទាំង​អស់​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ​ ក្នុង​ការ​ឆ្លើយ​តប​ និង​គាំទ្រ​អតិថិជន​ដែល​កំពុង​​ប្រឈម​នឹង​ការ​លំបាក​ ក្នុង​អំឡុង​ពេល​វេលា​ដ៏​ពិបាក​នេះ ដើម្បី​ធានា​និរន្តរភាព​របស់​វិស័យ​នេះ។ សមាជិក​ទាំង​អស់​ កំពុង​អនុវត្ត​ និង​ដោះស្រាយ​បញ្ហា​ ដោយ​ពឹង​ផ្អែក​លើ​គោលការណ៍​​ផ្ទៃ​​ក្នុង​របស់​ពួក​គេ ​ប្រភេទ​អតិថិជន ​ផល​ប៉ះពាល់ និង​ស្ថានការណ៍​ជាក់​ស្ដែង​ សម្រាប់​អតិថិជន​នីមួយៗ ស្រប​ជាមួយ​នឹង​ NBC។

គិត​ត្រឹម​ចុង​ឆ្នាំ ​២០១៩ ​ប្រទេស​ កម្ពុជា ​​មាន​ធនាគារ​ពាណិជ្ជ​ ៤៦​ ធនាគារ​ឯកទេស​ ១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​៨២ ប្រតិបត្តិករ​ឥណទាន​ជនបទ​ ២៤៨ ​ក្រុមហ៊ុន​ភតិសន្យា ​១៥ និង​ក្រុមហ៊ុន​ផ្ដល់​​សេវា​ទូទាត់​ ​២០​។ ​កម្ចី​នៅ​ធនាគារ​បាន​កើន​ឡើង​ដល់​ ២៤,៥ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ​ខណៈ​ប្រាក់​បញ្ញើ​​មាន​​ប្រហែល​ ២៥,៥ ​ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​កម្ចី​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំនួន​ ​៧,២ ​ពាន់​លាន​ដុល្លារ​ និង​ប្រាក់​បញ្ញើ​មាន​ ៣,​៩ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម NBC៕​ LA

វីដេអូ៖