
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ រូបថត NBC
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) ជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបន្តបង្កើនផលិតផល និងសេវាកម្មថ្មីៗបន្ថែម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្ម ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា វិស័យនេះត្រូវការឥណទានច្រើនបន្ថែមទៀត។
ថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ៦ របស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិស័យកសិកម្មក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក» កាលពីថ្ងៃម្សិលមិញ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបាននិយាយថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកសិកម្មនៅកម្ពុជាមិនមានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ទេ ដោយកំណើន ៦,២ ភាគរយកាលពីអំឡុងឆ្នាំ ២០០៤-២០០៨ បានធ្លាក់មកនៅត្រឹម ១ ភាគរយចន្លោះពីឆ្នាំ ២០១៤-២០១៨។ លោកស្រីបន្តថា ការចូលរួមរបស់វិស័យហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់នៅក្នុងវិស័យកសិកម្ម។
លោកស្រីថ្លែងថា៖ «ខ្ញុំជឿជាក់ថា វិស័យហិរញ្ញវត្ថុនឹងបន្តគាំទ្រដល់កំណើនរបស់វិស័យកសិកម្ម ដូច្នេះខ្ញុំសូមលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់បន្តបង្កើនផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបដើម្បីពង្រឹងអាជីវកម្ម និងគ្រួសារក្នុងវិស័យកសិកម្មឲ្យកាន់តែប្រសើរឡើង និងបន្តរួមចំណែកគាំទ្រដល់កំណើនក្នុងវិស័យកសិកម្ម»។
ទោះយ៉ាងណាក្រៅពីបញ្ហាទាក់ទងនឹងការផ្តល់ឥណទាន វិស័យនេះក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា គុណភាព និងបរិមាណផលិតកម្ម កត្តាបម្រែបម្រួលអាកាសធាតុ និងកម្លាំងពលកម្មផងដែរ។
ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា កាលពីឆ្នាំ ២០១០ ឥណទានសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុទៅកាន់វិស័យកសិកម្មមានប្រមាណ ៣៨១ លានដុល្លារ ប៉ុន្តែគិតត្រឹមខែសីហា ឆ្នាំ ២០១៩ ចំនួននេះកើនដល់ ៣,២ ពាន់លានដុល្លារ។
លោក ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា វិស័យកសិកម្មនៅកម្ពុជាកំពុងប្រឈមខ្លាំងទៅនឹងបញ្ហាកង្វះទុនបង្វិល និងថ្លៃដើមផលិតខ្ពស់ដែលធ្វើឲ្យផលិតផលក្នុងស្រុកមិនមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងៗ ខណៈប្រទេសខ្លះរដ្ឋាភិបាលគេ បានលូកដៃចូលអន្តរាគមន៍ទៀតផង។
លោកបន្តថា ខណៈបច្ចុប្បន្នវិស័យកសិកម្មបានចូលរួមចំណែកប្រមាណពី ២៥ ទៅ ៣០ ភាគរយនៅក្នុង GDP វិស័យកសិកម្មទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណត្រឹម ១០ ភាគរយប៉ុណ្ណោះពីឥណទានដែលពួកគេបានបញ្ចេញសរុបក្នុងប្រទេស។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់ដៃគូហិរញ្ញវត្ថុទាំងអស់ សូមពិចារណាក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ព្រមទាំងជួយស្វែងរកនូវដំណោះស្រាយមួយដែលអនុញ្ញាតឲ្យប្រជាកសិករ និងភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្មទាំងអស់អាចទទួលបាននូវប្រភពទុនសម្រាប់បង្វិល ដើម្បីពង្រឹងវិស័យកសិកម្មមានភាពល្អប្រសើរ»។
លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា ហេតុផលដែលធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនសូវបញ្ចេញទុនច្រើនដល់វិស័យកសិកម្ម ព្រោះវិស័យនេះនៅមានបញ្ហាប្រឈមច្រើនទាក់ទងនឹងប្រព័ន្ធស្រោចស្រពនៅមានកម្រិត។ លោកថ្លែងថា៖ «នេះជាបញ្ហាមួយដែលធ្វើឲ្យ [ធនាគារ] រារែកក្នុងការជួយគាំទ្រដល់កសិករ»៕