ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​បដិសេធ​ចំពោះ​ការផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ដល់​អង្គការ​សមាគម​ចំនួន​ ១២ និង​បាន​ដកហូត​វិញ្ញាបនបត្រ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​ ១១​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

ការប្រកាស​នេះ​ត្រូវ​បាន​ធនាគារ​ជាតិ​ឲ្យ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​សាធារណជន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​បាន​ដឹង​។

អង្គការ​សមាគម​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បដិសេធ​ក្នុង​ការ​ស្នើសុំ​ចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំង​ ១២ រួមមាន​៖ អង្គការ​កម្ពុជា​ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ អង្គការ​កម្ពុជា​ស្ថាបនា​រុងរឿង អង្គការ​សង្គ្រោះ និង​ផ្តល់​ក្តីសង្ឃឹម​ប្រជាជន អង្គការ​ពន្លឺ​ថ្មី​ភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ អង្គការ​អភិវឌ្ឍន៍​ជីវភាព​សហគមន៍ អង្គការ​គ្រួសារ​សាមគ្គី អង្គការ​ឥណទាន​សុវណ្ណ​ភូមិ អង្គការ​អភិវឌ្ឍន៍​ក្រុមគ្រួសារ​កម្ពុជា សមាគម​អភិវឌ្ឍន៍​ដំណាំ​ស្រូវ អង្គការ​ដារ៉ា​អភិវឌ្ឍន៍ សមាគម​អភិវឌ្ឍន៍​កូន​ខ្មែរ សមាគម​កសិករ​យើង​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC ការច្រាន​ចោល​សំណើ​នេះ ដោយសារ​គ្រឹះស្ថាន​ទាំង​នោះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​។ NBC ក៏​បាន​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​ ១១ ផង​ដែរ​។

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ធនាគារ​ជាតិ ដោយ​អះអាង​ថា NBC តែងតែ​ធ្វើ​អ្វី​ទៅ​តាម​គោលការណ៍ និង​ច្បាប់​កំណត់​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿថា ស្ថាប័ន​ទាំងអស់​នោះ​មិន​អាច​បំពេញ​បាន​ទៅតាម​លក្ខខណ្ឌ​ដែល​ NBC បាន​កំណត់​។ ការគោរព​តាមច្បាប់​នឹង​ធ្វើឲ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​រឹត​តែ​រឹងមាំ​»៕ LA