ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យអាជីវករប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ណ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យចូលរួមក្នុងការដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ លានដុល្លារ ក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពរូបិយប័ណ្ណប្រាក់រៀល និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
សេចក្ដីប្រកាសបានឱ្យដឹងថា៖ «ធនាគារជាតិនៃកម្ពុជាសូមជូនដំណឹងដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ណទាំងអស់ជ្រាបថា ដើម្បីរក្សាស្ថិរភាពដល់អត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ លានដុល្លារនៅសប្ដាហ៍នេះ។ ចំពោះតម្លៃដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនៅព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង»។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។
លោកស្រីថា៖ «ជាក់ស្តែង អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀលដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃឱ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជាបានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០ លានដុល្លារអាមេរិក»។
លោកស្រីថា ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះនឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។
លោក Anthony Galliano អគ្គនាយក Cambodia Investment Management បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា ការធ្វើអន្តរាគមន៍ដោយធនាគារជាតិនៃកម្ពុជានឹងពង្រឹងប្រាក់រៀលជារូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាមេរិក។
លោកថ្លែងថា៖ «ការធ្វើអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជាលើទីផ្សាររូបិយប័ណ្ណ ប្រហែលជាជាប់ទាក់ទងនឹងការកើនឡើងតម្លៃប្រាក់ដុល្លារនៅពេលថ្មីៗធៀបនឹងប្រាក់រៀលខ្មែរ ដែលនៅពេលនេះមានតម្លៃលើសពី ៤១០០ រៀល។ គំនិតផ្តួចផ្ដើមការបង្កើនការប្រើប្រាស់ប្រាក់រៀលយុទ្ធសាស្ដ្រនេះ សម្រាប់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចមានន័យថា តម្លៃប្រាក់រៀលកាន់តែខ្ពស់នឹងត្រូវការសម្រាប់ការទិញដែលមានមូលដ្ឋានលើប្រាក់ដុល្លារអាមេរិក ប្រសិនបើប្រាក់រៀលធ្លាក់ថ្លៃ»។
លោកបានពន្យល់ថា ដោយសារតែប្រាក់រៀលខ្មែរប្តូរជាប្រាក់ដុល្លារមានតម្លៃកាន់តែខ្ពស់ ប្រសិនបើតម្លៃប្រាក់រៀលចុះខ្សោយ ដែលបណ្ដាលឱ្យមានអតិផរណាធៀបនឹងប្រាក់រៀល។ ទោះយ៉ាងណាលោកបានឱ្យដឹងថា ការធ្លាក់ថ្លៃនៅត្រង់ចំណុចនេះមិនមានការបារម្ភនោះទេ និងស្ថិតនៅក្នុងការជួញដូរធម្មតា។
លោកថ្លែងថា៖ «ខណៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃក្រដាសប្រាក់រៀលជំនួសក្រដាសប្រាក់ដុល្លារប្រភេទ ១ ដុល្លារ និង ៥ ដុល្លារការកើនឡើងតម្លៃប្រាក់ដុល្លារអាចធ្វើឱ្យអតិថិជនមិនប្រើប្រាស់ ប្រសិនបើប្រាក់ដុល្លារត្រូវបានគេដឹងថា ជារូបិយប័ណ្ណមានតម្លៃកាន់តែខ្ពស់»។
លោកបន្តថា៖ «ការដាក់ដេញថ្លៃប្រាក់ដុល្លារដោយធនាគារជាតិនៃកម្ពុជា គួរតែមានប្រសិទ្ធភាពក្នុងការពង្រឹងប្រាក់រៀល ដោយសារតែទីផ្សារសម្រាប់ប្រាក់រៀលមិនស៊ីជម្រៅនោះទេ ហើយតាមការពិត មិនមែនជារូបិយប័ណ្ណដែលជួញដូរជាអន្តរជាតិបើកចំហដល់ក្រុមអ្នកកេងចំណេញនោះទេ»៕ LA
វីដេអូ