ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​បញ្ជាក់​កាល​ពីម្សិលមិញ​ថា ​កិច្ច​ព្រមព្រៀង​ការ​​ប្រើប្រាស់​ប្រាក់​យន់​ចិន​នៅ​កម្ពុជា​នាពេល​​កន្លង​មក​ជា​ការ​អនុញ្ញាត​តែ​ក្នុង​ចំណោម​គ្រឹះស្ថាន​ធនាគារ និង​​ហិរញ្ញវត្ថុ​​ប៉ុណ្ណោះ​​ ហើយ​​​មិន​​សំដៅ​ដល់​​ចរាចរណ៍​ក្រដាស​ប្រាក់​​សុទ្ធ​​​សម្រាប់​​ទូទាត់​ការ​លក់​​​​រាយ​​ប្រចាំ​ថ្ងៃ​​​នោះ​ទេ។

ការ​បញ្ជាក់​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​ពី​​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ គ្នា​នា​ពេល​ថ្មីៗ​នេះ​រវាង​ធនាគារ​ចិន ​(Bank of China) និង​ក្រសួង​ទេសចរណ៍​កម្ពុជា​ក្នុង​គោល​ដៅ​សម្រួល​​ការ​បង្កើត​ការ​ទូទាត់​តាម​ប្រព័ន្ធ​​អនឡាញ​ ឬឌីជីថល​ដូចជា Union Pay, WeChat Pay, និង​ Alipay ​សម្រាប់​សណ្ឋាគារ ​ភោជនីយដ្ឋាន ​និង​ទីភ្នាក់ងារ​ទេសចរណ៍​ផ្សេងៗ។

លោក​ស្រី​ ជា សិរី ​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ NBC បាន​លើក​ឡើង​តាមរយៈ​មន្ត្រី​អ្នក​នាំពាក្យ​របស់​លោកស្រី​ថា ការ​ជំរុញ​ការ​​ប្រើប្រាស់​​ប្រាក់​យន់​ចិន​​សម្រាប់​​ពាណិជ្ជកម្ម​ឆ្លង​​​ព្រំដែន និង​វិស័យ​ទេសចរណ៍ គឺ​​​មិនមែន​​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ ក្រដាស​​ប្រាក់​យន់ (លុយ​សុទ្ធ​) ដើម្បី​​​ទូទាត់​នៅ​កម្ពុជា​ទេ។​ រាល់​កិច្ច​ព្រមព្រៀង​ទាំង​នោះ ​គឺ​អនុញ្ញាត​ត្រឹមតែ​​តាម​ប្រព័ន្ធ​ធនាគារ​ ដែល​កត្តា​នេះ​នឹង​មិន​ធ្វើ​ឲ្យ​​​ប្រាក់​យន់​​ដើរ​តួនាទី​ទូទាត់​នៅ​ក្នុង​ការ​ទិញ​ដូរ​ទំនិញ​នៅ​កម្ពុជា​​ដូច​ប្រាក់​រៀល​ ឬប្រាក់​ដុល្លារ បច្ចុប្បន្ន​នោះ​​​​ទេ។ «​​​​ការ​យក​លុយ​យន់​ចិន​មក​ចាយ​​ដោយ​​ផ្ទាល់​តែ​ម្តង​បាន​ជា​រឿង​ត្រូវ​បារម្ភ។​ ​​បើ​ដូច្នេះ វា​គ្រាន់​តែ​ប្តូរ​ពី​​​ការ​​ប្រើប្រាស់​ដុល្លារ​ ទៅ​ជា​ប្រាក់​យន់​​ចិន​ទេ»​​។

មន្ត្រី​បន្ត​ថា ការ​អនុញ្ញាត​ឲ្យ​​មាន​ការ​ចាយ​ប្រាក់​យន់​​តាម​ Union Pay, Alipay ​និង ​We​Chat គឺ​ជួយ​​ទប់ស្កាត់​ការ​ចាយ​លុយ​នោះ​ដោយ​ផ្ទាល់​។

មន្ត្រី​អ្នក​នាំពាក្យ​បញ្ជាក់​ថា​ ការ​​អនុញ្ញាត​ឲ្យ​មាន​ការ​​​ប្រើប្រាស់​ប្រាក់​យន់​សម្រាប់​​ការ​ទូទាត់​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន (ទ្វេ​ភា​គី​ កម្ពុជា​-ចិន) ក៏​មិន​​មាន​​ន័យ​​ថា​ ជា​ការ​ជំរុញ​​ឲ្យ​មាន​ការ​ទូទាត់​ជា​ប្រាក់​យន់​​នៅ​​ក្នុង​ការ​លក់​​ដូរ​​រាយ​​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ វា​គឺ​សម្រាប់​តែ​​​​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ អាច​​​ធ្វើ​ការ​​ទូទាត់​ពាណិជ្ជកម្ម ​ដោយ​ប្រើប្រាស់​​ប្រាក់​យន់ ឬ​ប្រាក់​រៀល​ដោយ​ផ្ទាល់​តាម​ប្រព័ន្ធ​ធនាគារ​​​។

គិត​មក​ទល់​ពេល​នេះ NBC បាន​អនុញ្ញាត​ឲ្យ​​គ្រឹះស្ថាន​ធនាគារ ​១៥​ អាច​​ធ្វើ​​​ប្រតិបត្តិ​ការ​ជា​លុយ​យន់​ចិន ខណៈ​ធនាគារ ​២ ​​ដែល​​ជា​សាខា​ធនាគារ ប្រទេស​ ​ចិន ​នៅ​កម្ពុជា​គឺ​ ធនាគារ​ចិន​ ​និង​ធនាគារ ICBC ត្រូវ​បាន​ការ​អនុញ្ញាត​ឲ្យ​ក្លាយ​​ជា​​ភ្នាក់ងារ​ទូទាត់​ប្រាក់​យន់​ជាមួយ​ធនាគារ​ផ្សេង​នៅ​​កម្ពុជា​។​

ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាយ​ប្រាក់​យន់​​តាម​ Union Pay, Alipay និង WeChat គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​ ធនាគារ​កណ្តាល​កម្ពុជា​ និង​ថៃ​ បាន​សម្រេច​នា​ពេល​ថ្មីៗ​នេះ​ដែរ ​ដែល​បាន​បើក​ផ្លូវ​​ឲ្យ​ប្រជាជន​កម្ពុជា​ និង​ថៃ​ អាច​ប្រើប្រាស់​រូបិយប័ណ្ណ​​រៀងៗ​ខ្លួន​ក្នុង​ការ​ទូទាត់​នៅ​ទឹក​ដី​ប្រទេស​ទាំង ​២។ តែ​ការ​សម្រេច​នេះ​ ក៏​មិនមែន​មាន​ន័យ​ថា​ ប្រជាពលរដ្ឋ​អាច​យក​​​លុយ​សុទ្ធ​ (ជា​ក្រដាស​ប្រាក់​រៀល ឬ ប្រាក់​បាត) ទៅ​​ទូទាត់​ដោយ​ផ្ទាល់​នោះ​ទេ​។ តែ​វា​នឹងត្រូវ​​ធ្វើ​ឡើង​តាមរយៈ​ទូរស័ព្ទ​​ស្មាត​ហ្វូន​ ដោយ​ការ​​​ស្កេន​ QR ​កូដ ហើយ​ទឹក​ប្រាក់​នឹង​ត្រូវ​បាន​កាត់​កង​​តាម​គណនី​ធនាគារ​។

លោក ​អ៊ិន​ ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​អេស៊ីលីដា បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​មិន​គួរ​ព្រួយ​​បារម្ភ​ទាក់ទង​នឹង​ការ​អនុញ្ញាត​របស់​​ NBC ក្នុង​ការ​ឲ្យ​​ប្រាក់​យន់​ចរាចរ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ទេ ព្រោះ​ថា ​ការ​អនុ​ញ្ញាត​នេះ​​មិនមែន​មាន​ន័យ​ថា ប្រាក់​យន់​​​នឹង​​ប្រើប្រាស់​ដូច​ប្រាក់​​រៀល ឬ​​​​ដុល្លារ​ដូច​​សព្វ​ថ្ងៃ​​ទេ។​ ​

លោក​ថ្លែង​ថា​៖ «​​តាម​ពិត​ទៅ វា​កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​វា​​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​សម្រាប់​ជា​មធ្យោបាយ​ទូទាត់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​វិញ​ទេ»៕