The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារជាតិ: សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន ៧% នៅ​ឆ្នាំ​នេះ

ធនាគារជាតិ: សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន ៧% នៅ​ឆ្នាំ​នេះ

Content image - Phnom Penh Post
ធនាគារជាតិ​នៃ​កម្ពុជា (NBC)។

ធនាគារជាតិ: សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន ៧% នៅ​ឆ្នាំ​នេះ

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដំឡើង​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៨ នេះ​ដល់ ៧ ភាគរយ ធៀប​នឹង​ការ​ព្យាករ​កាលពី​ខែ​មករា​។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

ធនាគារជាតិ​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​ថា ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​កំណើន​នាំ​ចេញ ១១,៦ ភាគរយ​កំណើន​ក្នុង​វិស័យ​សំណង់ ១១,៥ ភាគរយ និង​ទេសចរណ៍ ១២,៥ ភាគរយ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​បាន​មាន​ប្រសាសន៍​ថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកប​ដោយ​ភាពជឿជាក់ ជាពិសេស​ក្នុង​វិស័យ​នាំ​ចេញ និង​ទេសចរណ៍​ជាមួយ​នឹង​កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​ងើបឡើង​នៃ​វិស័យ​កសិកម្ម​ដែល​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០១៨ អាច​រក្សា​បាន​ល្បឿន​ខ្ពស់​រឹងមាំ​»​។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨ ដែល​ចេញ​ផ្សាយ​កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាករ​ថា សេដ្ឋកិច្ច​នឹង​កើនឡើង​តែ ៦,៩ ភាគរយ​ប៉ុណ្ណោះ​។

របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ទុនបម្រុង​រូបិយប័ណ្ណ​អន្តរជាតិ​បាន​កើនឡើង​ដល់ ៩,១ ​ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ដល់​ការនាំចូល​ទំនិញ និង​សេវា​ប្រមាណ ៦ ​ខែ ដែល​ជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ជា​ទូទៅ​មាន​កម្រិត​តែ ៣ ​ខែ​ហើយ​រំពឹង​ថា​នឹង​កើនឡើង​ដល់​ប្រមាណ ១០ ​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំ​នេះ​។

ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​បន្ត​មាន​ស្ថិរភាព​ដែល​រួម​ចំណែក​ចម្បង​ដោយ​ការបន្ត​រក្សា​បាន​នូវ​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់​រៀល ខណៈ​ដែល​អតិផរណា​នៅ​ឆមាស​ទី​ ១ នឹង​បាន​ថយ​ចុះ​មក​ត្រឹម ២,៦ ភាគរយ​ហើយ​រំពឹង​ថា​ស្ថិត​ក្នុង​អត្រា​ដែល​អាច​គ្រប់គ្រង​បាន ៣ ភាគរយ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​របាយការណ៍រ​បស់​ធនាគារ​ជាតិ​។

ទោះ​ជា​យ៉ាង​ណា​សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ​ពី​បរិយាកាស​ហិរញ្ញវត្ថុ និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​។

របាយការណ៍​ដដែល​នេះ​បាន​បន្ត​ថា បើ​ប្រទេស​អភិវឌ្ឍន៍​ធ្វើ​ប្រក្រតីកម្ម​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​ឡើង​វិញ ជាពិសេស​ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក​ដែល​អនុវត្ត​លឿន​ជាង​ការរំពឹង​ទុក​នោះ ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​នឹង​អាច​រឹតត្បិត ដែល​នឹង​ជះឥទ្ធិពល​ដល់​ថ្លៃ​ដើម​ចំពោះ​កម្ចី​មូលនិធិ​ពី​បរទេស​សម្រាប់​កម្ពុជា​។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​៖ «​ក្នុង​ករណី​ដែល​មូលធន​នឹង​ហូរ​ត្រឡប់​ទៅ​អាមេរិក​វិញ នោះ​ប្រាក់​ដុល្លារ​អាច​នឹង​ឡើង​ថ្លៃ​ដែល​បញ្ហា​នេះ​នឹង​ដាក់​សម្ពាធ​លើ​ភាពប្រកួតប្រជែង​ការនាំ​ចេញ​កម្ពុជា ដោយសារ​កម្ពុជា​មាន​កម្រិត​ដុល្លារូបនីយកម្ម​ខ្ពស់​»​។

កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​និន្នាការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម និង​លទ្ធភាព​ឈាន​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ការនាំ​ចេញ​របស់​កម្ពុជា​ផង​ដែរ​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ម្សិលមិញ​ថា សកម្មភាព​សេដ្ឋកិច្ច​ជាទូទៅ​នៅ​តែ​មាន​ភាព​សកម្ម បើ​ទោះ​ជា​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​ក៏ដោយ​។

ខណៈ​ដែល​លោក​ស្វាគមន៍​សមិទ្ធផល​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​លោក​បាន​ថ្លែង​ថា ក្រុម​អ្នក​ជំនាញ និង​អ្នក​បង្កើត​គោលនយោបាយ​គួរ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ការរក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​រយៈពេល​យូរ​ជាង​នេះ​។

លោក​បាន​បន្ថែម​ថា​​ នៅ​ពេល​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកធំ​ឡើងៗ​អត្រា​កំណើន​នឹង​ប្រឈម​ការថមថយ ដូច្នេះ​ការបង្កើត​គោលនយោបាយ​ដ៏ត្រឹមត្រូវ​មួយ​ដើម្បី​រក្សា​អត្រា​កំណើន​នៅ​កម្រិត ៧ ​ភាគរយ​ឲ្យ​មាន​រយៈពេល​កាន់តែ​យូរ គួរតែ​ជា​ការ​ផ្តោត​ដ៏ចម្បង​សម្រាប់​ពេល​បច្ចុប្បន្ន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល ២ ឬ ៣ ឆ្នាំ​ខាង​មុខ​មិនមែន​ជា​ក្តីបារម្ភ​ទេ ដោយសារ​កម្ពុជា​អាច​នឹង​មិន​មាន​កំណើន​ផ្សេង​ក្រៅពី​រង្វង់ ៧ ​ភាគរយ​ឡើយ​»​។

លោក​បន្ថែម​ថា​៖ «​តែ​បើ​យើង​ចង់​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម ឬ​មធ្យម​កម្រិត​ខ្ពស់ វា​ជា​បញ្ហា​ប្រឈម ហើយ​ការណ៍​នេះ​គឺជា​អ្វី​ដែល​អ្នក​ជំនាញ និង​អ្នក​បង្កើត​គោលនយោបាយ​គួរ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​»៕ LA

អត្ថបទគួរចាប់អារម្មណ៍