ក្រុង​ញូវយ៉កៈ ​ធនាគារ Wells Fargo កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​យល់​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន ១​ ពាន់​លាន​ដុល្លារ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ពី​កំហុស​របស់​ធនាគារ​មួយ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​អតិថិជន។

ធនាគារដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​​ដែល​ឋិត​ក្រោម​ការ​រិះគន់​ដោយ​សារ​រឿង​អាស្រូវ​គណនី​ក្លែង​ក្លាយ​កាលពី​ឆ្នាំ ២០១៦ នឹង​ត្រូវ​​បង់​ពិន័យ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អប្រសិទ្ធភាព​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​​ក្នុង​អាជីវកម្ម​ឥណទាន​គេហដ្ឋាន និង​ឥណទាន​រថយន្ត​របស់ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ការិយាល័យ​គ្រប់គ្រង​រូបិយ​ប័ណ្ណ​ (OCC) និង​ការិយាល័យ​ការ​ពារ​ហិរញ្ញវត្ថុ​អតិថិជន (BCFP)។

ការិយាល័យ​ OCC និង​ការិយាល័យ​ BCFP បាន​រក​ឃើញ​ថា ធនាគារ Wells Fargo បាន​យក​កម្រៃ​សេវា​ពី​អតិថិជន​មួយ​ចំនួន​ដោយ​មិន​ត្រឹម​ត្រូវ​ក្នុង​កម្មវិធី​ផ្តល់​កម្ចី​ទិញ​រថយន្ត និង​ក្នុង​ករណី​មួយ​ចំនួន​ទៀត​ «ពោល​គឺ​យក​កម្រៃ​មិន​សមរម្យ»​ លើ​រថយន្ត​ដែល​កាន់​កាប់​ឡើង​វិញ​ពី​ ​អ្នក​ខ្ចី​ប្រាក់ ដែល​មិន​មាន​លទ្ធភាព​សង​ប្រាក់​។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ផ្នែក​និយ័ត​កម្ម​​របស់​​ទីភ្នាក់​ងារ​ទាំង​ពីរ។​

ទីភ្នាក់​ងារ​ទាំង​នេះ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ធនាគារ Wells Fargo បាន​យក​កម្រៃ​សេវា​ដោយ​មិន​ត្រឹមត្រូវ​ពី​អតិថិជន នៅ​ពេល​ដែល​ទ្រព្យ​បញ្ចាំ​មិន​អាច​ត្រូវ​បានធានា​តាម​កាល​បរិច្ឆេទ​ផុត​​កំណត់​ «ដែល​មាន​ក្នុង​កិច្ច​សន្យា»​ សម្រាប់​ការ​ធានា​អត្រា​ការ​ប្រាក់ សូម្បី​តែ​ក្នុង​ករណី​មួយ​ចំនួន​ដែល​ធនាគារ​នេះ​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​កាល​បរិច្ឆេទ​កំណត់​ដែល​បាន​ខក​ខាន​នោះ​ក៏​ដោយ​។​

ការិយាល័យ OCC បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ថា​ ធនាគារ Wells Fargo ត្រូវ​បាន​ពិន័យ​ «ដោយ​សារភាពធ្ងន់​ធ្ងរ​នៃ​អប្រសិទ្ធភាព​ការ​ងារ និង​ការ​បំពាន​ច្បាប់​ ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​ចំពោះអតិថិជន និង​ការ​បរាជ័យ​របស់​ធនាគារ​នេះ​ក្នុង​ការ​កែលម្អ​អប្រសិទ្ធភាព​ការ​ងារ និង​ការ​រំលោភ​ពេល​វេលា​ជា​ដើម»។​

ធនាគារ​នេះ​ពុំ​បាន​សារភាព​ ឬ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ៕ AFP/BP