ភ្នំពេញៈ វិស័យ​ធនាគារ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លងមក​នេះ​ដែល​កំណើន​ជា​មធ្យម​ប្រមាណ​ ២៨ ​ភាគរយ​នាំឲ្យ​មាន​ការទាក់ទាញ​ចំនួន​ធនាគារ​ថ្មីៗ​ជាច្រើន ជា​លទ្ធផល​បណ្ដាល​ឲ្យ​ធនាគារ​តូចៗ​ជាច្រើន​មិន​ទទួល​បាន​នូវ​លទ្ធផល​ប្រតិបត្តិការ​ដូច​ការរំពឹង​ទុក​។

របាយការណ៍​បាន​ពី​ក្រុមហ៊ុន Mekong Strategic Partners ដែលមាន​ឈ្មោះថា ចក្ខុវិស័យ​ធនាគារ​កម្ពុជា​ឆ្នាំ​ ២០២០ «​ពេលវេលា​សម្រាប់​ការច្របាច់​បញ្ចូល​គ្នា​» ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញថា នៅ​ឆ្នាំ​ ២០១៩ ប្រាក់ចំណូល​របស់​វិស័យ​ធនាគារ​កើនឡើង​ ២៣ ​ភាគរយ និង​ប្រាក់ចំណេញ​កើនឡើង​ ១៥ ​ភាគរយ ចំណែកឯ​កំណើន​ប្រាក់កម្ចី​បានបន្ត​កើនឡើង​ដល់​កម្រិត​ខ្ពស់ និង​មិនមាន​ស្ថិរភាព​ប្រមាណ​ ២៤ ​ភាគរយ ហើយ​ប្រាក់​បញ្ញើ​កើនឡើង​ ១៥ ​ភាគរយ ខណៈ​ដែល​កម្ចី​សរុប​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​រួមទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់​ ៣២ ​ពាន់​លាន​ដុល្លារ​។

របាយការណ៍​បន្តថា ទោះបី​ជា​ការកើនឡើង​ក៏ដោយ ចំណូល​គិត​ជា​ភាគរយ​នៃ​ទុន​អាជីវកម្ម (ROE) នៅក្នុង​វិស័យនេះ​នៅតែ​ក្នុង​ចំនួន​ ១១,៧ ​ភាគរយ ខណៈ​ពេល​នេះ​មាន​ធនាគារ​ ១២ (​កើនឡើង​ពី​ចំនួន​ ៧ ​ធនាគារ​កាលពី​ឆ្នាំ​ ២០១៦) ​ទទួល​បាន​ប្រាក់ចំណេញ​ដែល​អាច​ទទួល​យក​បាន​គឺ​ជាង​ ១៥ ​ភាគរយ​។ ប្រាក់ចំណេញ​វិស័យនេះ​ត្រូវ​បាន​ធ្វើឲ្យ​ធ្លាក់ចុះ​ដោយ​ធនាគារ​តូចៗ​ជាច្រើន​ដែល​ដំណើរការ​មិនល្អ​ដោយ​មាន​ធនាគារ​ ៦០ ​កាលពី​ចុង​ឆ្នាំ​ ២០១៩ ដែល​មិន​មាន​ស្ថិរភាព​។

របាយការណ៍​បន្តថា​៖ «​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លងមក ប្រាក់ចំណេញ​របស់​ធនាគារ​បាន​កើនឡើង​ជា​មធ្យម​ ២៨ ​ភាគរយ ទោះបី​ជា​កំណើន​បាន​ធ្លាក់​ជា​មធ្យម​មក​ត្រឹម​ ២០ ​ភាគរយ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ​។

យើង​ជឿជាក់​ថា ការកើនឡើង​នេះ​គឺជា​អត្រា​ដ៏ខ្ពស់​បំផុត​មួយ​នៃ​កំណើន​ទូទាំង​ពិភពលោក និង​បានរួម​ចំណែក​ធ្វើឲ្យ​មាន​កំណើន​នៃ​ធនាគារ​កើត​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​លទ្ធផល​គឺមាន​ធនាគារ​តូចៗ​ជាច្រើន​ដែល​ដំណើរការ​អាជីវកម្ម​មិនល្អ​នោះទេ ដែល​ទាមទារ​ច្របាច់​បញ្ចូល​គ្នា​នៅក្នុង​វិស័យនេះ​»​។

លោក Stephen Higgins ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន Mekong Strategic Partners បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា នៅក្នុង​កម្រិត​ទុនបម្រុង​បច្ចុប្បន្ន ធនាគារ​ភាគច្រើន​ទាមទារ​ឲ្យ​មាន​ប្រាក់កម្ចី​យ៉ាង​ហោច​ណាស់​ ៤០០ លាន​ដុល្លារ ដើម្បី​បង្កើត​ចំណូល​គិត​ជា​ភាគរយ​នៃ​ទុន​អាជីវកម្ម (ROE) ដែល​អាច​ទទួលយក​បាន ហើយ​កាលពី​ចុងឆ្នាំ​មុន​គឺ​មានតែ​ធនាគារ​ ១៦ ប៉ុណ្ណោះ​ដែល​ផ្ដល់ប្រាក់​កម្ចី​ក្នុង​កម្រិត​ដ៏ខ្ពស់​នេះ​។

លោក​បាន​ឲ្យ​ដឹងថា សម្រាប់​ការផ្ដល់​ប្រាក់កម្ចី ៤០០ ​លាន​ដុល្លារ​គឺ​ឆ្លុះបញ្ចាំង​អំពី​ភាព​ល្អប្រសើរ ប៉ុន្តែ​វា​តំណាង​ឲ្យ​ចំណែក​ទីផ្សារ​ ១,៥ ​ភាគរយ​ប៉ុណ្ណោះ ដែល​ក្នុង​ពេល​ឆាប់ៗ​នឹង​មាន​ចំនួន​ ១ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​យើង​មាន​ធនាគារ​តូចៗ​ជាច្រើន​ដែល​នឹង​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​ការច្របាច់​បញ្ចូល​គ្នា ឬ​ទិញ​ភាគហ៊ុន​ធនាគារ​ផ្សេងទៀត ប្រសិន​បើ​ពួកគេ​ចង់បាន​នូវ​អាជីវកម្ម​ល្អ​។ ប្រសិន​បើ​អ្នក​បំបែក​ធនាគារ​ ៤ ​ធំៗ យើង​ឃើញ​ថា ROE ជា​មធ្យម​សម្រាប់​វិស័យនេះ​ធ្លាក់​ចុះមក​នៅ​ត្រឹម​តែ​ ៨ ​ភាគរយ​ប៉ុណ្ណោះ​។ នៅក្នុង​អត្រា​នេះ អ្នក​ស្ទើរតែ​យក​ទុន​បម្រុង​របស់​អ្នក​ទៅ​វិនិយោគ​ទៅជា​ប្រាក់​បញ្ញើ​មាន​ពេល​កំណត់​»​។

របាយការណ៍​នេះ​បាន​បង្ហាញថា និយតករ​គួរតែ​បន្ត​បង្កើន​តម្រូវការ​ទុនបម្រុង​អប្បបរមា​សម្រាប់​ធនាគារ​ពាណិជ្ជ ដូច​ដែល​ខ្លួន​បាន​ធ្វើ​កាលពី​ឆ្នាំ​ ២០១៦ ដោយ​បង្កើន​ ២ ​ដង​ពី​ ៣៧,៥ ​លាន​ដុល្លារ​ដល់​ ៧៥ ​លាន​ដុល្លារ​ដែល​ទុកពេល​ឲ្យ​ ២ ​ឆ្នាំ​សម្រាប់​អនុលោម​តាម​។

របាយការណ៍​បន្តថា ធនាគារ​ទូទៅ​មួយ​ដែលមាន​ទុនបម្រុង​អប្បបរមា​ ៧៥ ​លាន​ដុល្លារ​អាច​បង្កើត​ទំហំ​ប្រាក់កម្ចី​អតិបរមា​ប្រហែល​ ៤០០ ​លាន​ដុល្លារ ឬ​តិចជាង​ ១,៥ ​ភាគរយ​នៃ​ចំណែក​ទីផ្សារ​នៃ​កម្ចី​របស់​វិស័យ​ហិរញ្ញវត្ថុ​ជារួម​កាលពី​ឆ្នាំ​ ២០១៩​។ ចំនួន​នេះ​នឹង​ធ្លាក់​ចុះមក​នៅត្រឹម​តិចជាង​ចំណែក​ទីផ្សារ​ ១ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០២៣ ដែល​នឹង​ធ្វើឲ្យ​មាន​ភាពសង្ស័យ​ពី​លទ្ធភាព​ជោគជ័យ និង​ភាពពាក់ព័ន្ធ​របស់​ធនាគារ​អំពី​ទំហំ​នេះ​។

របាយការណ៍​បន្ត ​«​យើង​ជឿជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា (NBC) គួរ​ពិចារណា​ឡើងវិញ​អំពី​ការបង្កើន​ទុនបម្រុង​អប្បបរមា​ដល់​ ១៥០ ​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២៣-២០២៥​។ បច្ចុប្បន្ន​ធនាគារ​នៅ​កម្ពុជា​មាន​តិចជាង​ ២០ ​ភាគរយ​គឺ​មាន​ទុនបម្រុង​ចំនួន​ ១៥០ ​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ​។ ហើយ​ធនាគារ​មួយ​នឹង​តម្រូវ​ឲ្យ​មាន​ការប្រាក់​កម្ចី​នៅ​ចន្លោះ​ពី​ ៦៧០ ​លាន​ដុល្លារ​ទៅ​ ៧៥០ ​លាន​ដុល្លារ ដើម្បី​បង្កើត​ ROE ​បាន​ចំនួន​ ១៥ ​ភាគរយ​។

លោក Stephen បញ្ជាក់ថា NBC បាន​បង្កើន​កម្រិត​ទុនបម្រុង​អប្បបរមា​ ២ ​ដង​រួចមក​ហើយ​ដែល​កាលពី​ឆ្នាំ​ ២០១៦ ដោយមាន​ពេលវេលា​អនុគ្រោះ​រយៈពេល​ ២ ​ឆ្នាំ រយៈពេល​ ៨ ​ឆ្នាំ​បន្ទាប់ពី​ពួកគេ​បាន​បង្កើន​ចុងក្រោយ ហើយ​នេះ​ពិតជា​សមរម្យ និង​ត្រូវការ​ផ្លាស់ប្តូរ​ជា​ចាំបាច់​។

លោក Stephen បន្ថែម​ថា​៖ «​យើង​ប៉ាន់ប្រមាណ​ថា យ៉ាង​ហោចណាស់​ធនាគារ​ ១ ​ភាគ​ ៣ នឹង​ស្ថិតក្នុង​កម្រិត​នេះ ហើយ​ធនាគារ​ផ្សេង​ទៀត​ចាំបាច់​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ ឬ​ស្វែងរក​​ទុនបម្រុង​បន្ថែម​ពី​ភាគទុនិក​របស់ខ្លួន​»៕ LA