
លោក Guillaume Perdon នាយកប្រិតិបត្ត ធនាគារ BRED Bank Cambodia ក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ កាលពីសប្ដាហ៍មុន។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ Bred Bank មិនត្រឹមតែជាធនាគារបារាំងដំបូងមកបើកនៅកម្ពុជាទេ ប៉ុន្តែវាក៏ជាធនាគារអឺរ៉ុបដំបូងផងដែរ។ រយៈពេលជាង ១ ឆ្នាំហើយដែលធនាគារនេះបានដំណើរការក្នុងទីផ្សារកម្ពុជា។
តំណាង Bred Bank (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបារាំង BRED Banque Populaire បានចាត់ទុកសមិទ្ធផលក្នុងរយៈពេលជាង ១ ឆ្នាំនេះនៅកម្ពុជាគឺជាភាព ជោគជ័យមួយនៅក្នុងទីផ្សារប្រទេស កម្ពុជា។
តាំងពីបើកដំណើរការនៅកម្ពុជាកាលពីខែមីនា ឆ្នាំ ២០១៧ Bred Bank បានចាប់ផ្តើមពង្រីកប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់ ដោយដាក់ឲ្យដំណើរការសាខាថ្មីៗទាំងនៅភ្នំពេញ និងបណ្តាខេត្ត។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ហ៊ គីមសាយ បានជួបសម្ភាសជាមួយលោក Guillaume Perdon នាយកប្រតិបត្តិ ធនាគារ BRED Bank Cambodia អំពីដំណើរការធនាគារនាពេលកន្លងមក និងផែនការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស កម្ពុជា។
តើអ្នកអាចប្រាប់អំពីអាជីវកម្មរបស់អ្នកបានទេ បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៅកម្ពុជា?
កំណើនអាជីវកម្មរបស់ពួកយើងក្នុងរយៈពេល ១ ឆ្នាំ កន្លះមកនេះ គឺល្អណាស់។ ខ្ញុំចង់និយាយថា វាប្រហែលជាប្រសើរជាងបន្តិចនូវអ្វីដែលយើងបានរំពឹងទុកពីដំបូង។ យើងមានការពេញចិត្តខ្លាំង ជាមួយនឹងការវិនិយោគនៅប្រទេស កម្ពុជា។
យើងបានចាប់ផ្ដើមពីគ្មានអ្វីសោះនៅទីនេះ (គ្មានអតិថិជន) ដោយសារតែយើងមិនបានទិញធនាគារណាមួយនៅទីនេះទេ។ យើងចាប់ផ្ដើមពីចំណុចសូន្យ។ បន្ទាប់ពីរយៈពេល ១ ឆ្នាំកន្លះ នៅពេលនេះយើងមានអតិថិជន ២-៣ ពាន់នាក់។
រហូតមកដល់ពេលនេះ យើងបានបញ្ចេញប្រាក់កម្ចីប្រហែល ១០០ លានដុល្លារ និងចំនួនដូចគ្នានេះសម្រាប់ប្រាក់បញ្ញើ។ នៅក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំខាងមុខ ទិសដៅរបស់យើងប្រហែលជាស្ថិតក្នុងធនាគារឈានមុខគេទី ៥ ទៅ ១០ នៅកម្ពុជា។
យើងទើបនឹងបើកដំណើរការសាខា ២ ទៀតបន្ថែមលើការិយាល័យកណ្ដាលតែមួយគត់របស់យើង នៅទីក្រុងភ្នំពេញ។ សាខាមួយនៅទួលគោក និងមួយទៀតនៅសៀមរាប។
យើងគ្រោងនឹងពង្រីកបណ្ដាញរបស់យើង ឬសាខារបស់យើងរហូតទៅដល់ប្រហែលពី ១៥ ទៅ ២០ ក្នុងរយៈពេល ២ ឆ្នាំទៀត។ ដូច្នេះ ត្រឹមចុងឆ្នាំនេះ យើងនឹងបើកដំណើរការសាខាមួយចំនួនទៀតដូចជានៅខេត្តបាត់ដំបង ហើយឆ្នាំក្រោយ និងឆ្នាំបន្ទាប់ទៀត យើងនឹងរក្សាការបើកដំណើរការសាខានៅទីក្រុងភ្នំពេញ និងខេត្តនានាផងដែរ។ ទីផ្សារនៅតែរីកចម្រើនល្អនៅកម្ពុជា។ យើងមានសុទិដ្ឋិនិយមសម្រាប់ការអភិវឌ្ឍរបស់ធនាគារនៅពេលអនាគត។
គិតមកដល់ពេលនេះតើអ្នកណាជា អតិថិជនសំខាន់របស់អ្នក?
យើងកំពុងធ្វើការងារជាមួយគ្រប់វិស័យទាំងអស់រួមមានការលក់រាយ សហគ្រាសធុនតូច និងមធ្យម (SME) និងក្រុមហ៊ុនអន្តរជាតិធំៗ។ ក្នុងចំណោមផលបត្រកម្ចីអាជីវកម្មសរុប ខ្ញុំចង់និយាយថា កម្ចីជាង ៨០ ភាគរយ ដែលយើងផ្ដល់នឹងគាំទ្រក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិខ្មែរក្នុងស្រុក។
សម្រាប់ផ្នែកលក់រាយ ខ្ញុំចង់និយាយថា យ៉ាងហោចណាស់ ៦០ ភាគរយគឺប្រជាជនខ្មែរ។ យើងមិនមែនកំពុងកំណត់ទិសដៅក្រុមហ៊ុនបារាំង ឬប្រជាជនបារាំងប៉ុណ្ណោះទេ។ យើងធ្វើការងារជាមួយមនុស្សគ្រប់គ្នា។
អ្នកលើកឡើងពីការរីកចម្រើនអាជីវកម្មនៅកម្ពុជា តើគួរតែវាជាសារដ៏ល្អមួយសម្រាប់ក្រុមហ៊ុនបារាំងផ្សេងទៀត ក្នុងការស្វែងរកឱកាសនៅកម្ពុជាដែរឬទេ?
ការអនុវត្តរបស់ធនាគារ BRED Bank នៅកម្ពុជា នឹងជាការទាក់ទាញខ្លាំងសម្រាប់ក្រុមវិនិយោគិនបារាំង និងវិនិយោគិនដ៏មានសក្ដានុពលនៅអឺរ៉ុបលើកម្ពុជា។
ដូចដែលអ្នកដឹងហើយ យើងមិនមែនគ្រាន់តែជាធនាគារបារាំង តែមួយគត់នៅកម្ពុជានោះទេ ប៉ុន្តែវាជាធនាគារអឺរ៉ុបតែមួយគត់នៅកម្ពុជាផងដែរ។ ខ្ញុំគិតថា ភាពជោគជ័យរបស់យើងនឹងទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើនមកពីបារាំង ឬ អឺរ៉ុប។
តើអ្វីជាបញ្ហាប្រឈមជាចម្បង ចាប់តាំងពីប្រតិបត្តិការនៅកម្ពុជា?
បញ្ហាប្រឈមសំខាន់សម្រាប់ពួកយើងគឺថា ដោយសារតែយើងចាប់ផ្ដើមពីបាតដៃទទេ ដូច្នេះបញ្ហាប្រឈមសំខាន់គឺការស្វែងរកអតិថិជន ការបណ្ដុះបណ្ដាលអតិថិជន។ មានការប្រកួតប្រជែងនៅក្នុងវិស័យធនាគារផងដែរ។ បើគិតពីពាណិជ្ជកម្ម មានក្រុមហ៊ុនប្រកួតប្រជែងជាច្រើន ហើយវាជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗជាច្រើនសម្រាប់ពួកយើង។
តើអ្នកយល់យ៉ាងណាដែរចំពោះបទប្បញ្ញត្តិធនាគារកណ្ដាលកម្ពុជា ដូចជាការតម្រូវឲ្យគ្រឹះស្ថានផ្ដល់កម្ចីត្រូវមានយ៉ាងហោចណាស់ ១០ ភាគរយនៃកម្ចីរបស់ពួកគេជាប្រាក់រៀលត្រឹមឆ្នាំ ២០១៩។ តើអ្នកមិនគិតថាវាជាបញ្ហាប្រឈមទេឬ?
វាមានការពិបាកបន្ដិចសម្រាប់ពួកយើង។ យើងបានចាប់ផ្ដើមផ្ដល់កម្ចីជាប្រាក់រៀលខ្មែរ។ វានឹងពិបាកក្នុងការអនុវត្តតាមឲ្យបានត្រឹមចុងឆ្នាំ ២០១៨ ន្តែយើងសង្ឃឹមថា យើងនឹងគោរពតាមយ៉ាងពេញលេញ ត្រឹមឆ្នាំ ២០១៩។
ខ្ញុំនឹងមិនបង្ហាញតួលេខពិតប្រាកដនោះទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា អ្នកនឹងស្ថិតក្នុងពាក់កណ្ដាលផ្លូវត្រឹមចុងឆ្នាំ ២០១៨ ប្រហែលជា ៥ ភាគរយ និងចុងឆ្នាំ ២០១៩ យើងគួរតែសម្រេចបាន ១០ ភាគរយ ដែលតម្រូវដោយធនាគារកណ្ដាល។
យើងកំពុងផ្តោតលើក្រុមហ៊ុន និងអាជីវកម្ម ដែលកំពុងលក់សេវា និងផលិតផលជាប្រាក់រៀលខ្មែរ។
ចុះការផ្ដល់កម្ចីប្រាក់រៀលដល់ MFI នៅកម្ពុជា ដែលត្រូវការកម្ចីជារូបិយប័ណ្ណក្នុងស្រុកសម្រាប់អតិថិជនរបស់ពួកគេយ៉ាងម៉េចដែរ?
វាជាលទ្ធភាពផ្សេងទៀត និងជាផ្នែកមួយនៃការពិភាក្សាគ្នាជាមួយនិយតករ។ និយតករបានចាត់ទុកធនាគារនេះរួចហើយ ក្នុងការផ្ដល់កម្ចីមួយចំនួនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាប្រាក់រៀលខ្មែរ ដើម្បីឲ្យពួកគេអាចផ្ដល់ប្រាក់ដល់អតិថិជនរបស់ពួកគេជាប្រាក់រៀលខ្មែរ។ វាជាជម្រើសផ្សេងទៀត។
យើងបានអង្កេតឃើញថា MFI ជាច្រើនបានលក់ភាគហ៊ុនភាគច្រើនឬទាំងមូលឲ្យធនាគារមកពីតំបន់អាស៊ី។ តើអ្នកយល់យ៉ាងណាដែរអំពីនិន្នាការថ្មីនេះ ហើយតើអ្នកចាប់អារម្មណ៍ក្នុងការទិញ MFI ណាមួយនៅកម្ពុជាដែរឬទេ?
អាជីវកម្មមីក្រូហិរញ្ញវត្ថុ ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងនៅកម្ពុជា ហើយវាទាក់ទាញក្រុមវិនិយោគិនបរទេសជាច្រើន។ ខ្ញុំគិតថា វាល្អខ្លាំងណាស់សម្រាប់ប្រទេសនេះ។ មួយចំនួននៃMFI កំពុងរីកចម្រើនយ៉ាងរហ័ស និងកំពុងព្យាយាមក្នុងការប្រែក្លាយទៅជាធនាគារ។
នៅកម្ពុជា នៅពេលប្រៀបធៀបនឹងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ វិស័យ MFI នៅកម្ពុជា នឹងប្រហែលជាចំណុចមួយ ក្នុងចំណោមចំណុចល្អ និងរឹងមាំសម្រាប់ប្រទេសនេះ។ វាគាំទ្រការអភិវឌ្ឍនៃសេដ្ឋកិច្ចទាំងមូល ជាពិសេសអាជីវកម្មតូចៗនៅតំបន់ដាច់ស្រយាល។
សម្រាប់ពួកយើង ខ្ញុំមិនគិតថា វាជាយុទ្ធសាស្រ្តក្នុងការវិនិយោគនៅក្នុង MFI នៅកម្ពុជានោះទេ។ ក្រុមហ៊ុនរបស់យើង មិនមែនកំពុងវិនិយោគខាង MFI នៅកម្ពុជា ឬប្រទេសផ្សេងទៀតណាមួយនោះទេ។ ទិសដៅរបស់យើង នឹងចាប់ផ្ដើមពីមិនមានអ្វីសោះ និងឆ្ពោះទៅរកកំណើនជាបណ្ដើរៗ ជាមួយនឹងកំណើនផ្ទៃក្នុងផ្ទាល់ខ្លួនរបស់យើង៕LA