The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ទិញ​យក​ហ្វូណន

ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ទិញ​យក​ហ្វូណន

Content image - Phnom Penh Post
អគារ​ប្រៃសណីយ៍​កម្ពុជា​ដែល​មាន​ទីតាំង​នៅ​ក្បែរ​វត្តភ្នំ​។ ប្រៃសណីយ៍​កម្ពុជា​ជា​ម្ចាស់​ភាគហ៊ុន​មួយ​របស់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ។ ហុង មិនា

ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ទិញ​យក​ហ្វូណន

ភ្នំពេញៈ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​ចំណាយ​ប្រាក់​ ១២ ​លាន​ដុល្លារ​ក្នុង​ការ​ទិញ​ភាគហ៊ុន​ទាំង​ស្រុង​ពី​មីក្រូហិរញ្ញវត្ថុ​ហ្វូណន ដើម្បី​ពង្រីក​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​គ្រប់​កម្រិត​។

ហ្វូណន​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ស្រុក​តូច​មួយ​ដែល​ផ្តល់​កម្ចី​ជា​មធ្យម​ក្នុង​ទំហំ​ ៤០០ ​ដុល្លារ ប៉ុន្តែ​បន្ទាប់ពី​ត្រូវ​បាន​ទិញ​ដោយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ទំហំ​កម្ចី​ជា​មធ្យម​របស់​ហ្វូណន​នឹង​កើន​ឡើង​ដល់​ ១០០០ ​ដុល្លារ​។

បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០១៣ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ជា​ការ​វិនិយោគ​រួម​ដោយ​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីល (Canadia Investment Holding) គ្រប់គ្រង​ភាគហ៊ុន​ ៥០ ​ភាគរយ និង​ប្រៃសណីយ៍​កម្ពុជា​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ភាគហ៊ុន​ ៥ ​ភាគរយ ហើយ​ភាគហ៊ុន​ដែល​នៅ​សល់​កាន់កាប់​ដោយ​ក្រុមហ៊ុន Fullerton Financial Holdings ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Singapore Corporation Temasek Holdings​។

លោក ពុង ខៀវសែ ប្រធាន​ក្រុមហ៊ុន Canadia Investment Holding បាន​ឲ្យ​ដឹង​ថា ​ការ​ទិញ​ភាគហ៊ុន​ ១០០ ​ភាគរយ​ក្នុង​មីក្រូហិរញ្ញវត្ថុ​ហ្វូណន​អាច​ឲ្យ​លោក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដល់​គ្រប់​ផ្នែក​ទីផ្សារ​ទាំងអស់ ចាប់ពី​អតិថិជន​មាន​ប្រាក់​ចំណូល​ទាប​ដល់​អតិថិជន​មាន​ប្រាក់​ចំណូល​កណ្ដាល​ព្រម​ទាំង​អតិថិជន​មាន​ចំណូល​ខ្ពស់​ផង​ដែរ​។

ខណៈ​ទំហំ​កម្ចី​ជា​មធ្យម​របស់​ធនាគារ​កាណាឌីយ៉ា​មាន​ចំនួន ២០ ​ម៉ឺន​ដុល្លារ លោក ខៀវសែ ឲ្យ​ដឹង​ថា​ទំហំ​កម្ចី​ជា​មធ្យម​របស់​ធនាគារ​ប្រៃសណីយ៍​មាន​ចំនួន ៧០០០ ​ដុល្លារ​។ លោក​បន្ថែម​ថា​បន្ទាប់ពី​ធនាគារ​ប្រៃសណីយ៍​បាន​ទិញ​មីក្រូហិរញ្ញវត្ថុ​ហ្វូណន​ធនាគារ​នេះ​នឹង​ពង្រីក​ទំហំ​កម្ចី​របស់​ហ្វូណន​ពី​បច្ចុប្បន្ន​ ៤០០ ​ដុល្លារ ដល់​ ១០០០ ​ដុល្លារ​។

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ​យើង​មាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ដែល​ផ្ដល់​កម្ចី​ដល់​​សហគ្រាស​ធុន​តូច សហគ្រាស​ធុន​មធ្យម និង​សហគ្រាស​ធុន​ធំ​»​។ លោក​បន្ថែម​ថា​ធនាគារ​ប្រៃសណីយ៍​នឹង​ចាក់​បញ្ចូល​សាច់​ប្រាក់​ ៤០ ​លាន​ដុល្លារ​ទៅក្នុង​មីក្រូហិរញ្ញវត្ថុ​ហ្វូណន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​»​។ លោក​បន្ត​ថា​៖ «​នៅ​ពេល​នេះ​យើង​កំពុង​គ្របដណ្ដប់​លើ​ចំណែក​ទីផ្សារ​ទាំងអស់​»​។

តាម​លោក ខៀវ សែ ការ​ចរចា​លើ​ការ​ទិញ​បាន​ចាប់ផ្ដើម​ចាប់​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦ ហើយ​កិច្ចព្រមព្រៀង​សម្រេច​បាន​កាលពី​ខែ​វិច្ឆិកា​មុន​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ទិញ​កាលពី​ដើម​ឆ្នាំ​នេះ​។

គិត​ត្រឹម​ចុង​ខែ​មេសា ហ្វូណន មាន​សាខា​សរុប​ ៥១ ជាមួយ​នឹង​កម្ចី​ ១២ លាន​ដុល្លារ​។ នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​កម្ចី​របស់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​កើន​ឡើង​ដល់​ ២៧០ ​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​ ៤០០ ​លាន​ដុល្លារ​។ សាខា​របស់​ធនាគារ​នេះ​មាន​ ៤១ ​។

របាយការណ៍​ត្រួតពិនិត្យ​របស់ NBC បាន​បង្ហាញ​ថា​ប្រាក់​ចំណេញ​សុទ្ធ​របស់​ហ្វូណន​កាលពី​ឆ្នាំ​ ២០១៦ មាន​ចំនួន ៨៨ ៩២៧ ​ដុល្លារ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​ប្រៃសណីយ៍​កាលពី​ឆ្នាំ​​ ២០១៦ មាន​ចំនួន​ ៧,៩ ​លាន​ដុល្លារ​។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (C-MA) បាន​ឲ្យ​ដឹង​ថា​មាន​​និន្នាការ​ក្រុមហ៊ុន​ធំ​ទិញ​ក្រុមហ៊ុន​តូច​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​កំពុង​កើនឡើង​។

ដោយ​ទទួល​ស្គាល់​ថា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​សម្រាប់​ប្រតិបត្តិករ​នៅ​ក្នុង​វិស័យ​នេះ​លោក វឿន បាន​ឲ្យ​ដឹង​ថា​ការ​ប្រកួតប្រជែង​នឹង​ជំរុញ​ឲ្យ​អ្នក​រកស៊ី​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ផ្ដល់​សេវា​កាន់តែ​ប្រសើរ និង​ផ្ដល់​អត្រា​ការប្រាក់​កាន់​តែ​ទាប​ដែល​ទីបំផុត​ផ្ដល់​អត្ថប្រយោជន៍​ដល់​អតិថិជន​។

លោក​ថ្លែង​ថា​៖ «​ស្ថានការណ៍​ទីផ្សារ​បច្ចុប្បន្ន​អាច​ធ្វើឲ្យ​ប្រតិបត្តិករ​រស់​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចាប់ពី​ពេល​នេះ​ខ្ញុំ​គិត​ថា​នឹង​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​តម្រូវ​តាម​ទីផ្សារ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។