ធនាគារ​ប្រៃសណីយ៍​កម្ពុជា អ.ក ទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់​មួយទៀត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​អនុញ្ញាតឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​ប្រមូល​ពន្ធ​ផ្សេងៗ​។ ឥឡូវនេះ​បុគ្គល និង​សាជីវកម្ម អាច​បង់ពន្ធ​របស់​ពួកគេ​ដូចជា​ពន្ធអាករ​គ្រប់​ប្រភេទ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​នៅ​តាម​សាខា​ផ្សេងៗ​របស់​ធនាគារ​។

នៅក្នុង​ពិធី​ដ៏ពិសេស​នោះ​ធនាគារ​បានប្រកាស​ថា​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​ប្រមូល​ពន្ធ ខណៈ​ដែល​ធនាគារ​មាន​គោលជំហរ​ល្អ​នៅលើ​ទីផ្សារ​ដើម្បី​ដាក់ចេញ​នូវ​សេវាកម្ម​ថ្មី​។

លោក តូច ចៅចេក ប្រធាន​នាយកប្រតិបត្តិ​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​ថ្លែងថា​៖ «​ការបង់ពន្ធ​ជា​ការទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ការជួយ​ទ្រទ្រង់​ការចំណាយ​របស់​រដ្ឋ​។ ម្យ៉ាងវិញទៀត ពន្ធអាករ​ជា​ប្រភព​ចំណូល​ដ៏សំខាន់​របស់​ជាតិ​ក្នុង​ការជួយ​ជំរុញ​ឱ្យ​មាន​ការអភិវឌ្ឍ​ចាប់តាំងពី​រដ្ឋបាល​ថ្នាក់ជាតិ រហូត​ដល់​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ភាពចាំបាច់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

លោក​បន្ថែមថា​ការប្រមូល​ពន្ធ​បាន​ច្រើន​ក៏​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការចំណាយ​នានា​របស់​រដ្ឋ ជាពិសេស​ចំណូល​ពន្ធ​ដែល​បាន​មកពី​ការប្រមូល​ពន្ធ​ត្រូវ​បាន​ចំណាយ​សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​មានដូចជា ការសាងសង់​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន សួនច្បារ វត្តអារាម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ជាច្រើន​។

លោក តូច ចៅចេក ប្រធាន​នាយកប្រតិបត្តិ​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជាហេង ជីវ័ន

លោក​ ចៅចេក ​លើក​ឡើង​ថា​៖ «​ធនាគារ ប្រៃសណីយ៍​កម្ពុជា ពិតជា​មាន​មោទនភាព​ណាស់​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តល់​សិទ្ធិ​ដល់​ធនាគារ​ដើម្បី​ធ្វើការ​ប្រមូល​ពន្ធ និង​អាករ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​។

សព្វថ្ងៃនេះ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​មាន​ទ្រព្យ​សកម្ម​សរុប​ជាង ១,០០០ ​លាន​ដុល្លារ​អាមេរិក​ មាន​បណ្តាញ​សាខា​ចំនួន ៥៨ ​សាខា រួមបញ្ចូល​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ដែល​ជា​បុត្រសម្ព័ន្ធ​ចំនួន ៥១ ​សាខា និង​ម៉ាស៊ីន​អេធីអឹម​ចំនួន ៧៧ ​ទីតាំង​ទូទាំង​ប្រទេស​ដែល​អាច​ផ្តល់ជូន​ភាពងាយស្រួល​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់​អាចធ្វើ​ដំណើរ​ទៅ​បង់ពន្ធ​ដោយ​ងាយស្រួល និង​ចំណាយ​ពេលវេលា​តិច​»​។

កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​តំណាង​អធិបតី​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឯកឧត្តម អោក បូរា ប្រតិភូ​រាជរដ្ធាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា និង​ទីប្រឹក្សា​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា និង​អមដំណើរ​ដោយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ លោក​នាយក នាយិកា​សាខា និង​អ្នកតំណាង​មកពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាច្រើនរូប​ផងដែរ​។

ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ មាន​ប្រសាសន៍​ថា​៖ «​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក.អ សម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធ និង​អាករ​នា​ថ្ងៃនេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សម្រួល​ជំរុញ និង​ពន្លឿន​ការផ្តល់​សេវា​បង់ពន្ធ​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​កាន់តែ​មាន​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង​គុណភាព ជាពិសេស​អាច​បង្ខិត​សេវា​បង់ពន្ធ និង​អាករ​ឱ្យ​កៀក​នឹង​អ្នក​ជាប់ពន្ធ និង​ជួយ​កាត់បន្ថយ​ការលំបាក​នានា​ដោយ​ផ្តល់​មកវិញ​នូវ​ការជឿទុកចិត្ត​ពី​សំណាក់​អ្នក​ជាប់ពន្ធ​ផងដែរ​។

ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។ហេង ជីវ័ន

ការដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ «​ប្រៃសណីយ៍​កម្ពុជា ក.អ ក្នុង​ការទទួលប្រាក់​ពន្ធ និង​អាករ​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយទៀត​នៃ​ការចាប់យក​នូវ​សក្តានុពល និង​កាលានុវត្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក.អ​»​។

ឯកឧត្តម​ កែន សម្បត្តិ ថ្លែង​បញ្ជាក់ថា​៖ «​វា​ក៏​ជាការ​ចូលរួមចំណែក​ដ៏សំខាន់​ក្នុង​ការជំរុញ​រដ្ឋាភិបាល​អេឡិចត្រូនិក (E-Government) និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ជាពិសេស​ជាការ​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ផងដែរ ទៅនឹង​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​បណ្តាល​មកពី​មេរោគ​កូវីដ​១៩ ដែល​តម្រូវឱ្យ​រក្សា​គម្លាត និង​កាត់បន្ថយ​ការជួបជុំ​គ្នា​»​។

ក្នុង​ឆ្នាំ​ ២០២០ ធនាគារ​បានដាក់​ដំណើរការ​ប្រព័ន្ធ​ធនាគារ​ឌីជីថល​មុខងារ​ថ្មី​ជាច្រើន​រួមមាន ការស្នើសុំ​បើក​គណនី​អនឡាញ និង​ការស្នើសុំ​ឥណទាន​អនឡាញ ប្រព័ន្ធ​វាយតម្លៃ​ឥណទាន​យ៉ាង​ឆាប់រហ័ស ដំណើរការ​បណ្ណ​វីសា សេវា​ធនាគារ​ចល័ត សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង​, Retail Pay, CSS និង Fast ជាដើម​។

ការសម្រេច​បាន​ទ្រព្យសកម្ម​សរុប​កើនឡើង​រហូតដល់​ជាង ១ ​ពាន់​លាន​ដុល្លារ​អាមេរិក ចំនួន​គណនី​សរុប​ជាង 10 ​ម៉ឺន​គណនី និង​ចំនួន​បណ្ណ ATM ជាង ៥ ​ម៉ឺន​បណ្ណ​ដែល​កំពុង​បម្រើសេវា​គ្រប់​គ្រប់​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​កម្ពុជា​។

ក្រៅពី​សេវា​ប្រមូលប្រាក់​បង់ពន្ធ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ក៏​មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ជាច្រើន​សន្ធឹកសន្ធាប់​ផ្សេងទៀត​រួមមាន សេវា​ឥណទាន សេវា​បញ្ញើ​សន្សំ សេវា​អេធីអឹម សេវា​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ បណ្ណ​ឥណទាន និង​ឥណពន្ធ​វីសា សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស និង​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត​៕