ភ្នំពេញៈ​​ ធ​នា​គារ​ពា​ណិជ្ជ​នៅ​កម្ពុជា​បាន​បង្ហាញ​ផែន​ការ​ក្នុង​ការ​បង្កើន​ការ​ផ្តល់​កម្ចី​​ប្រាក់​រៀ​ល​​​ទៅ​ឲ្យ​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ (MFI​) ឲ្យ​បាន​ច្រើន​ជាង​​​​មុន​​សម្រាប់​​ឆ្នាំ​នេះ ​និង​ឆ្នាំ​ក្រោ​យ ​​ដើម្បី​បង្កើន​កម្ចី​​ជា​ប្រាក់​រៀល​ឲ្យ​​បាន​យ៉ាង​​ហោច​ណាស់​ ១០ ​ភាគ​រយ​​នៃ​កម្ចី​សរុ​ប​​នៅ​មុន​ដំ​ណាច់​ឆ្នាំ​​​ ២០១៩។ នេះ​​បើ​​តាម​ការ​បញ្ជាក់​ពី​តំ​ណា​ង​​​ធនា​គា​រ​​ជា​ច្រើន​។

ការ​​ធ្វើ​បែប​នេះ​​ដើ​ម្បី​បំ​ពេញ​តាម​លក្ខ​ខណ្ឌ​​​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​​ ដែល​តម្រូវ​ឲ្យ​​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​​​ទាំ​ង​អស់​នៅ​​កម្ពុជា​​​ត្រូវ​មាន​​ទុន​កម្ចី​ជា​ប្រាក់​រៀល​យ៉ាង​ហោច​ណាស់​ ១​០ ភា​គ​រយ​នៃ​កម្ចី​ស​រុប​របស់​ពួក​​​គេ​។

ក្នុង​សេច​ក្តី​ប្រ​កាស​របស់​ខ្លួន​​ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​ ២០​១​​៦ ​ធនា​គារ​ជាតិ​បាន​ទុក​ពេល​ឲ្យ​ស្ថា​ប័ន​ទាំង​អស់​ត្រូវ​បំ​​ពេ​​ញ​តាម​លក្ខ​ខណ្ឌ​​នេះ​ រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០១៩​។

ធនា​គារ​ពា​ណិជ្ជ​​ជា​ច្រើន​ដែល​​ភ្នំ​ពេញ​ប៉ុស្តិ៍​បាន​សាក​សួរ​ បាន​​បញ្ជាក់​ថា ​ពួក​គេ​មាន​កម្ចី​ជា​​ប្រាក់​រៀល​តិច​ជាង​ ៥ ​ភាគ​រយ​​ប៉ុ​ណ្ណោះ​គិត​មក​ទល់​ពេល​នេះ​​ ​​ប៉ុន្តែ​រំ​ពឹង​ថា ​នឹង​អាច​សម្រេច​បាន​ទាន់​ពេល​ ដោយ​សារ​ពួក​គេ​បាន​សម្លឹង​ឃើញ​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ទៅ​ឲ្យ​ MFI​ ដែល​​កំ​ពុង​មាន​តម្រូវ​ការ​ដើម​ទុន​ជា​ប្រាក់​រៀល​​ច្រើន​។

លោក ​Han Peng Kwang​ អ្នក​គ្រប់​គ្រង​ទូ​ទៅ​​នៅ​ធនា​គារ​ Phillip Bank ដែល​កន្លង​មក​មិន​បាន​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល ​បាន​ឲ្យ​ដឹង​ថា ធ​នាគារ​នេះ​បាន​បញ្ចេញ​​កម្ចី​ជា​ប្រាក់​រៀល​លើក​ដំ​បូង​ បន្ទាប់​ពី​​ NBC បាន​ចេញ​ប្រ​កាស​ស្ដី​ពី​​កម្ចី​ជា​ប្រាក់​រៀល​។

លោក​បន្ថែម​ថា​ Phillip Ban​k ​ នឹង​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​ត្រឹម​​ខែ ​ធ្នូ ឆ្នាំ​​ ២០១៩ ​​ដោយ​រំ​ពឹង​​​​​លើ​អតិ​ថិជន​​​​សក្ដា​នុ​ពល​ពី​វិ​ស័យ​​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​រួម​មាន​ដូច​ជា​ MFI សហ​គ្រាស​ធុន​តូច ​និង​មធ្យម​ និង​ប្រតិ​បត្តិ​ករ​ឥណ​ទាន​ជន​បទ​។​

លោក​ថ្លែង​ថា​៖ ​«​យើង​យល់​ថា​កា​រ​ធ្វើ​​ប្រ​តិ​បត្តិ​ការ​ជា​ប្រាក់​រៀល​មាន​ការ​ប្រើ​ប្រាស់​ច្រើន​ក្នុង​ចំ​ណោម​ប្រ​ជា​ជន​នៅ​តាម​ខេត្ត​ និង​ជន​បទ​ ដែល​ធ្វើ​ឲ្យ​កម្ចី​ជា​​​ប្រាក់​រៀល​មាន​តម្រូវ​ការ​ខ្ពស់​»។

លោក​បាន​បន្ត​ថា​៖ ​«​ស្រ​ប​ពេល​​ដែល​ធនា​គារ​ PhillipBank មិន​ទាន់​មាន​វត្ត​មាន​នៅ​តាម​បណ្តា​ខេត្ត​នៅ​ឡើយ​ យើង​នឹង​ផ្តល់​កម្ចី​ដុំ​ទៅ​ឲ្យ​ MFI ដែល​មាន​សា​ខា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​ ហើ​យ​ត្រូវ​ការ​ទុន​ជា​ប្រាក់​រៀល​ដើ​ម្បី​បំ​ពេញ​តម្រូវ​ការ​ពី​អតិ​ថិ​ជន​​ពួក​គេ​នៅ​​​បណ្តា​ខេត្ត​»។

យោង​តាម​លោក​ Han​ អ្នក​ខ្ចី​ភាគ​ច្រើន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​​ស្នើ​សំុ​កម្ចី​ជា​ប្រាក់​ដុ​ល្លារ​ ជា​ជាង​​ប្រាក់​រៀល ទោះ​បី​​នា​​ពេល​នេះ​មាន​​អ្នក​ខ្ចី​មួយ​ចំ​នួន​ចាប់​ផ្តើម​យល់​ព្រម​ទទួល​យក​​កម្ចី​​មួយ​ផ្នែក​​​ជា​ប្រាក់​រៀល​ក៏​ដោយ​។​​

ធនា​គារ​ពា​ណិជ្ជ​បរ​ទេស​ ធ្លាប់​​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​រវាង​ប្រ​តិ​បត្តិ​ការ​​ធនា​គារ និង​តំ​ណាង​របស់​ NB​C កាល​​ពី​ចុង​ឆ្នាំ​មុន​ថា ការ​តម្រូវ​​ឲ្យ​មាន​កម្ចី ១០ ​ភាគ​រយ​ជា​ប្រាក់​​រៀល​ មាន​ការ​ពិ​បាក​​ ដោយ​​សារ​អ​តិ​ថិ​ជន​​ធំ​ៗ​របស់​​ពួក​គេ​ចង់​បាន​ប្រាក់​បញ្ញើ និង​​កម្ចីជា​​រូ​បិយ​ប័ណ្ណ​បរ​ទេស​ជាង​​។​

អ្នក​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​ឲ្យ​ដឹង​ថា ​​​ផល​បត្រ​កម្ចី​សរុប​​ក្នុ​ង​​វិ​ស័យ​ធនា​គារ ​នៅ​ពេល​​នោះ ​មាន​តែ​ ២ ​ភាគ​រយ​ប៉ុ​ណ្ណោះ​ជា​កម្ចីជា​ប្រាក់​រៀល ហើយ​ក្នុង​ចំ​ណោម​នោះ​ ​ភាគ​ច្រើន​ជា​កម្ចី​ពី​​ធនា​គារ​អេ​ស៊ី​លី​ដា និង​ MF​I​។

លោក ​Chang Moo Shin ​ប្រ​ធាន​ធនា​គារ​ PPCB​ ដែល​បាន​ផ្តល់​​កម្ចី​ប្រ​ហែល​ ៥៧០ ​លាន​ដុ​ល្លារ​ បាន​ឲ្យ​ដឹង​ថា ​ធនា​គារ​របស់​លោក​​មាន​​ផល​បត្រ​កម្ចី​ជា​ប្រាក់​រៀល​តិច​ជាង​​ ៥ ​ភាគ​រយ​ប៉ុ​ណ្ណោះ​នៅ​ពេល​បច្ចុ​ប្បន្ន​។ ​

ប៉ុន្តែ​លោក​រំ​ពឹង​ថា​ នឹង​សម្រេ​ច​បាន​​ ១០ ​ភាគ​រយ​ តាម​ការ​តម្រូវ​​ត្រឹម​ចុង​ឆ្នាំ​ក្រោយ​ ដោយ​ការ​ជំ​រុញ​កម្ចី​ដោយ​ផ្ទាល់​ជា​មួយ SME និង​ដោយ​ប្រ​យោល​តាម​រយៈ ​MFI។​

លោក​ថ្លែង​ថា​៖ «​យើង​ធ្វើ​ការ​ងារ​ជា​មួយ​ MFI ដើ​ម្បី​បញ្ចុះ​បញ្ចូល​ពួក​គេ​​ឲ្យ​​បង្កើន​ផល​បត្រ​កម្ចី​របស់​ពួក​គេ​​ជា​ប្រាក់​រៀល​។ ​យើង​ដាក់​ប្រាក់​បញ្ញើ​​ប្រាក់​រៀល​ទៅ​ក្នុង MFI ហើយ​តាម​រយៈ​ការ​ធ្វើ​ដូច​នេះ​ យើង​បង្កើន​ដោយ​​ប្រ​យោល​នូវ​​ផល​បត្រ​កម្ចី​ជា​ប្រាក់​រៀល​របស់​យើង​»។

លោក​​បន្ត​ថា​៖ «​ជា​ជាង​ការ​វាយ​លុក​ទី​ផ្សារ​ MFI យើង​ព្យា​យាម​ជំ​រុញ​​ប្រតិ​បត្តិ​​ការ​របស់​ពួក​គេ​ ដើ​ម្បី​​ឲ្យ​ពួក​គេ​អាច​ផ្ដល់​​កម្ចី​ជា​ប្រាក់​រៀល​ខ្មែរ ​ដល់​អតិ​ថិ​ជន​របស់​ពួក​គេ​ ជា​មួយ​នឹង​លក្ខ​ខណ្ឌ​កាន់​តែ​ប្រ​សើរ​។​

លោក ​យុន ​សុ​វណ្ណា ​នា​យក​ប្រតិ​បត្តិ​​សមា​គម​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​កម្ពុជា ​​បញ្ជាក់​​កា​ល​​ពី​ម្សិ​ល​មិញ​​​ថា គ្រឹះ​ស្ថាន​​មីក្រូ​ហិរ​ញ្ញវ​ត្ថុ​​​កម្ពុជា​ មាន​លទ្ធ​ភាព​​ទទួល​​កម្ចី​ជា​ប្រាក់​រៀ​ល​ពី​ធនាគារ​ច្រើន​ជាង​​ពេល​មុន​។​

លោក​ថ្លែង​ថា​៖ ​«​ការ​មាន​កម្ចី​ [ជា​រៀល] ច្រើន​ជាង​មុន​ ដោយ​មាន​​​លក្ខ​ខណ្ឌ​ល្អ​ជា​ង​មុន គឺ​ជា​ការ​វិ​វត្ត​វិជ្ជ​មាន​មួយ​​​ដោយ​សារ​ថា ការ​ទទួល​បាន​​ទុន​​ជា​​ប្រាក់​រៀល​តែង​តែ​មាន​តម្លៃ​ខ្ពស់​ជា​ង​ដុល្លារ​។ ទុន​ជា​​រៀល​ច្រើន​ជាង​មុន​ ក៏​ត្រូវ​តាម​ប្រ​ភេទ​ប្រាក់​ចំ​ណូល​របស់​អតិ​ថិ​ជន​ផង​ដែរ ដែល​កត្តា​នេះ​អាច​ជួយ​បង្កើន​ប្រតិ​បត្តិ​ការ​ជា​រូបិយ​ប័ណ្ណ​ជាតិ»។

​លោក​​​បន្ថែម​​​ថា​ ការ​លើក​ទឹក​ចិត្ត​​កាន់​តែ​ច្រើ​ន​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ដល់​​អ្នក​ខ្ចី​ជា​រូបិ​យ​ប័ណ្ណ​ក្នុង​ស្រុក​ ​​​ពិ​សេស​​អ្នក​​ដែល​​ស្ថិត​​ក្នុង​វិ​ស័យ ​SME ​និង​វិ​ស័យ​កសិ​កម្ម៕​ LA