ទីក្រុង​ហាណូយៈ បើទោះបី​មាន​ការធ្លាក់​ចុះ​ឥណទាន​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ធនាគារពាណិជ្ជ​ឯកជន​ខ្លះ​បាន​ស្នើ​ដល់​ធនាគារជាតិ​វៀតណាម (SBV) សម្រាប់​ការពង្រីក​បន្ថែម​ដល់​អត្រា​ឥណទាន ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​រដូវកាល​ខ្ចីប្រាក់​កើនឡើង​វិញ ដែល​គេ​រំពឹង​នៅ​ចុងឆ្នាំ​នេះ​។

យោង​តាម​គោលនយោបាយ​របស់​ធនាគារ SBV ដែល​បាន​កំណត់​ចំនួន​កំណើន​ឥណទាន​ចំពោះ​ធនាគារ​ពាណិជ្ជ​នីមួយៗ​ផ្អែកលើ​ប្រតិបត្តិការ​អាជីវកម្ម និង អនុបាត​បំណុល​អាក្រក់ ដើម្បី​គ្រប់គ្រង​ការផ្តល់​កម្ចី​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងមូល និង​ធានា​ការផ្តល់​សាច់ប្រាក់ និង​ការគ្រប់គ្រង​អតិផរណា ដូចដែល​បាន​កំណត់​ទិសដៅ​ដោយ​រដ្ឋាភិបាល​។

កំណើន​ឥណទាន​ក្នុង​ឆមាស​ដំបូង​ឆ្នាំនេះ គឺ​ស្មើ​ពាក់កណ្តាល​នៃ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ស្ថិតិ​របស់​ធនាគារ​កណ្តាល​វៀតណាម​បង្ហាញ​ថា មូលធន​ប្រមូលផ្តុំ​របស់​ធនាគារ​ទាំងអស់​កើនឡើង​ត្រឹម​ ៥,៣១ ​ភាគរយ ខណៈ​ប្រាក់កម្ចី​កើនឡើង​ត្រឹមតែ​ ៣,៤៥ ​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នានេះ​។

ទោះបី​ជា​យ៉ាងណា​ធនាគារពាណិជ្ជ​បាន​ឲ្យ​ដឹងថា ប្រាក់កម្ចី​ជាធម្មតា​កើនឡើង​យ៉ាង​រហ័ស​នៅ​ចុង​ឆ្នាំ​ជា​ពេល​ដែល​តម្រូវការ​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ និង​ឯកជន​ច្រើន​គួរ​ជា​ទីកត់សម្គាល់ ដើម្បី​ត្រៀម​សម្រាប់​ការឈប់​សម្រាក និង​កម្មវិធី​ផ្សេងៗ​។

យោង​តាម​អ្នកជំនាញ​ហិរញ្ញវត្ថុ​លោក Huynh Trung Minh វា​អាច​ទៅ​រួច​សម្រាប់​ធនាគារ​កណ្តាល​វៀតណាម SBV ដើម្បី​បន្ធូរ​កម្រិត​កំណើន​ឥណទាន សម្រាប់​ធនាគារ​ពាណិជ្ជ​ឯកជន ប៉ុន្តែ​ធនាគារ​ត្រូវតែ​ធានា​ផ្តល់​កម្ចី​ដល់​គម្រោង​ដែល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​។

SBV ថ្មីៗ​នេះ​បាន​ពង្រីក​ការដាក់​កម្រិត​កំណើន​ឥណទាន​សម្រាប់​ធនាគារ​ឯកជន​ដែល​សកម្មភាព​អាជីវកម្ម​មាន​ដំណើរការ​ល្អ ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​។ ធនាគារ Techcombank, VIB, VPBank, TPBank និង Sacombank ត្រូវបាន​អនុម័ត​ឲ្យ​បង្កើន​កម្រិត​កំណើន​ឥណទាន​របស់​ពួកគេ​ដល់​ចន្លោះ​ ១៩ ​ទៅ​ ២៣ ​ភាគរយ​។

ទោះបី​មាន​ការពង្រីក​របាយការណ៍​របស់​ក្រុមហ៊ុន​មូលបត្រ BSC របស់​ធនាគារ BIDV បាន​ព្យាករ​ថា កំណើន​ឥណទាន​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​សម្រាប់​ឆ្នាំនេះ​នឹងមាន​ត្រឹមតែ​ ៩ ​ភាគរយ​ប៉ុណ្ណោះ​ធៀប​ ១៣ ​ភាគរយ​ ក្នុង​ ២០១៩​។

BSC បាន​កត់សម្គាល់​ថា ធនាគារពាណិជ្ជ​ឯកជន​បាន​បន្ថយ​សមាមាត្រ​នៃ​ការផ្តល់​ប្រាក់កម្ចី​សម្រាប់​បុគ្គល និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ (SMEs) ខណៈ​ដែល​ផ្តោតលើ​អាជីវកម្ម​ធុន​ធំ​ដែល​មាន​ភាពសុំា​ល្អ​ទល់​នឹង​ការរីករាលដាល​កូវីដ​ ១៩​។

មាន​ការយល់ឃើញ​ដូចគ្នា​នេះ ក្រុមហ៊ុន​មូលបត្រ VCBS ​នៃ​ធនាគារ Vietcombank ក៏បាន​ឲ្យ​ដឹងថា SBV បាន​បន្ធូរ​កម្រិត​កំណើន​ឥណទាន​សម្រាប់​ធនាគារ ពាណិជ្ជ​មួយ​ចំនួន ប៉ុន្តែ​កំណើន​ឥណទាន​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​នឹង​តិចជាង​ ១០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

ក្រុម​អ្នកវិភាគ​នៃ​សាជីវកម្ម​មូលបត្រ Saigon (SSI) បាន​ព្យាករ​ថា សូម្បីតែ​អត្រា​ទាប​ក៏ដោយ​របាយការណ៍​របស់ SSI ថ្មីៗ​នេះ​លើ​ទស្សនៈ​វិស័យ​សម្រាប់​ឧស្សាហកម្ម​ធនាគារ​ក្នុង​ឆមាស​ទី​ ២ ​ឆ្នាំ​ ២០២០ កំណើន​ឥណទាន​ដែល​បាន​ព្យាករ​ក្នុង​ឆ្នាំ​ ២០២០ នឹង​នៅក្នុង​រង្វង់​ ៧,៥ ទៅ​ ៨,៥ ​ភាគរយ​។

យោងតាម​អ្នកវិភាគ​ហិរញ្ញវត្ថុ​តម្រូវការ​ឥណទាន​ប្រហែល​បន្ត​ចុះខ្សោយ​ក្នុងពេល​ខាងមុខ ស្រប​ពេល​ដែល​ប្រទេស​នៅតែ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ការរីករាលដាល​កូវីដ ១៩ ​ខណៈ​ធនាគារ​ជាពិសេស ធនាគារពាណិជ្ជ​ឯកជន​ធំៗ​ប្រហែល​មិន​ទម្លាក់​ស្តង់ដា​ផ្តល់​ឥណទាន​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​នេះ​ទេ​៕ VNS_ANN/RR