ភ្នំពេញៈ ធនាគារពាណិជ្ជ​ឈានមុខ​គេ​ ២ គឺ​ធនាគារ អេស៊ីលីដា​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក និង​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​ទទួល​បាន​ការយល់ព្រម​ពី​ផ្សារមូលបត្រ​កម្ពុជា​ (CSX) លើ​ពាក្យ​ស្នើសុំ​ពិនិត្យ​លើ​លទ្ធភាព​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់ CSX​។

អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារពាណិជ្ជ​ដំបូង​ដែល​បានទទួល​ការយល់ព្រម​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លើ​លទ្ធភាព​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ពី CSX ខណៈ PPCBank Plc បាន​ទទួល​ការយល់ព្រម​ជា​គោលការណ៍​លើ​ការពិនិត្យ​លើ​លទ្ធភាព​ចុះ​បញ្ចី​លក់​មូលបត្រ​បំណុល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី CSX ដែល​ទទួលបាន​ដោយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា CSX បានអនុម័ត​លើ​ការពិនិត្យ​លើ​លទ្ធភាព​ចុះបញ្ជី​មូលបត្រ​ដល់ អេស៊ីលីដា និង​ការត្រួតពិនិត្យ​សិទ្ធិ​ចុះបញ្ជី​មូលបត្រ​បំណុល​ដល់ PPCBank Plc កាលពី​ថ្ងៃទី​ ២៤ ខែ ធ្នូ ឆ្នាំ​ ២០១៩​។

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​ចុះបញ្ជី​ផ្លូវការ និង​មាន​មូលបត្រ​របស់ខ្លួន​ជួញដូរ​លើ CSX ធនាគារ​អេស៊ីលីដា និង​ PPCBank Plc នឹង​ទទួល​បាន​ការយល់ព្រម​សម្រាប់​ការបោះផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង (IPO) ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) ​និង​ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ចុះបញ្ជី​បន្ថែមទៀត​របស់ CSX »​។

ធនាគារ​អេស៊ីលីដា​បាន​ទទួល​លិខិតផ្លូវការ​មួយ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​ ២៦ ​ខែ​វិច្ឆិកា​ដែល​អាច​ឲ្យ​ធនាគារ​នេះ​បន្ត​ផែនការ​របស់ខ្លួន​សម្រាប់ IPO ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ថ្លែង​ថា​៖ «​ភាគទុនិក​របស់​យើង​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ថា ធនាគារ​នេះ​គួរតែ​ក្លាយ​ជា​សាធារណៈ​ដើម្បី​ធ្វើ​ពិពិធកម្ម​ធនធាន​របស់​យើង​នៃ​ការផ្ដល់​ហិរញ្ញប្បទាន និង​ប្រើប្រាស់​ទីផ្សារ​មូលធន​កម្ពុជា​សម្រាប់​កំណើន​នៅពេល​អនាគត​របស់​យើង​។ ក្នុងឱកាស​នេះ​យើង​ចង់​ជូនដំណឹង​ដល់​អតិថិជន​របស់​យើង និង​សាធារណជន​ថា ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​នឹង​អាច​រកបាន​សម្រាប់​ការវិនិយោគ បន្ទាប់ពី​ការទទួល​បាន​ការយល់​ព្រម​បន្ថែម​ពី CSX និង SECC»​។

លោក HA Jong Weon ប្រធាន​ផ្នែក​ប្រតិបត្តិការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា មូលហេតុ​នេះ​គឺថា​ធនាគារ​ជាច្រើន​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​សាធារណៈ​លើកដំបូង ហើយ​ការចេញ​មូលបត្រ​បំណុល​នឹង​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន​ដើម្បី​ពង្រីក​ប្រតិបត្តិការ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​។

លោក​ថ្លែងថា​៖ «​ធនាគារពាណិជ្ជ​ពីរ​ចង់​ទទួល​បាន​កេរ្តិ៍ឈ្មោះ​កាន់តែ​ខ្ពស់ និង​អត្ថប្រយោជន៍​ការប្រកួតប្រជែង​កាន់តែ​ប្រសើរ តាមរយៈ​ការចុះបញ្ជី​នៅ​ផ្សារមូលបត្រ​។ ការទទួល​យក​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​ធនាគារ​ផ្សេងទៀត​ត្រូវបាន​រំពឹងថា​នឹង​អនុវត្តតាម​ករណី​របស់​ពួកគេ​»​។

លោក​បញ្ជាក់ថា​៖ «​មូលបត្រ និង​មូលបត្រ​ដែល​បានចេញ​ដោយ​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ទាំង​ ២ នឹងមិន​គ្រាន់តែ​លើកកម្ពស់​ទំហំ និង​គុណភាព​របស់​ផ្សារមូលបត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួនាទី​ដ៏សំខាន់​សម្រាប់​ការចូលរួម​ជា​បន្តបន្ទាប់​នៅ​ទីផ្សារ​នេះ​ផងដែរ​»​។

លោក Ha ឲ្យ​ដឹងថា​ សម្រាប់​វិនិយោគិន ពួកគេ​នឹង​មាន​ផលិតផល​មាន​គុណភាព​ល្អ​កាន់តែ​ច្រើន ដើម្បី​វិនិយោគ​បន្ថែម​លើ​ភាគហ៊ុន​ដែល​មាន​ស្រាប់​។

លោក​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ឧស្សាហកម្ម​ធនាគារ​ល្បី​ចំពោះ​ប្រជាជន​កម្ពុជា​ទាក់ទង​នឹង​ប្រាក់ចំណេញ គណនេយ្យភាព តម្លាភាព និង​ការគោរព​តាម​ច្បាប់​របស់​ខ្លួន​។ ធនាគារ​ពាណិជ្ជកម្ម​ ២ ​នេះ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុម​វិនិយោគិន ហើយ​ភាពជោគជ័យ​នៃ​ការចេញ​នេះ​នឹង​ជា​ឧទាហរណ៍​ដ៏ល្អ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ផ្សេងទៀត ពិសេស​ធនាគារពាណិជ្ជ​ផ្សេងទៀត​ដើម្បី​បន្ត​ចុះបញ្ជី​»​។

ធនាគារ PPCBank ​នឹង​ចេញ​មូលបត្រ​បំណុល​សាជីវកម្ម​គិត​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ (​ប្រាក់រៀល​)​។ បន្ទាប់ពី​ការយល់​របស់ CSX វា​ប្រហែល​ជា​ត្រូវការ​ពេលវេលា​ ២ ​ខែ​ក្នុង​ការចុះបញ្ជី​។

CSX បាន​ប្រមូលទុន​ប្រហែល​ ១៥១ ​លាន​ដុល្លារ​ ពី​ការជួញដូរ​មូលបត្រ និង​មូលបត្រ​បំណុល​សាជីវកម្ម​គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ ​កើនឡើង​ប្រហែល​ ២៦ ​ភាគរយ​ ធៀប​នឹង​ ១២០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ទិន្នន័យ​បាន​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​៕LA