ភ្នំពេញ: ធនាគារ​ពិភពលោក​កាលពី​​ថ្ងៃ​អង្គារ​ បាន​កែតម្រូវ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​មក​នៅត្រឹម​ដក​ ២ ​ភាគរយ ដោយសារ​តែ​វិស័យ​ជំរុញ​កំណើន​សំខាន់ៗ​ដូចជា​សំណង់ ទេសចរណ៍ និង​ការនាំចេញ​ទំនិញ​បន្ត​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ធនាគារពិភពលោក​បាន​ឱ្យដឹងថា ការព្យាករ​កំណើន​ចុងក្រោយ ដែល​បាន​កែតម្រូវ​ពី​ចន្លោះ​ដក​ ១ ​ភាគរយ និង​ដក​ ២,៩ ​ភាគរយ​ កាលពី​ខែ​ឧសភា​។ ធនាគារ​នេះ​បន្តថា ការធ្វើ​អន្តរាគមន៍​សារពើពន្ធ​របស់​រដ្ឋាភិបាល​គឺ​មិន​ធ្លាប់មាន​ពីមុន​ដែលមាន​ចំនួន​ ៥ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ស្រប​នឹង​គោលនយោបាយ​រូបិយវត្ថុ ហើយ​វា​មាន​សារៈសំខាន់​ណាស់​ដែលថា អាជ្ញាធរ​រៀបចំ​ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូវីដ​១៩​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ក្នុង​ឆ្នាំ​ ២០២០ ការរីក​រាលដាល​ជំងឺ​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដែល​បានរួម​ចំណែក​ជាង​ ៧០ ​ភាគរយ ​នៃ​កំណើន​សេដ្ឋកិច្ច និង​ ៣៩ ​ភាគរយ​ នៃ​ការងារ​មាន​ប្រាក់ខែ​សរុប​កាលពី​ឆ្នាំ​ ២០១៩​។

ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ជាប់គាំង​វិស័យ​សំណង់ និង​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការវិនិយោគ​បរទេស​។ ការនាំចេញ​ដែកថែប និង​ស៊ីម៉ងត៍​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ បាន​ធ្លាក់ចុះ​ ៤៥,១ ​ភាគរយ​ និង​ ៨,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​ធំៗ​មួយចំនួន​ត្រូវ​បាន​ផ្អាក​សកម្មភាព​។

ដោយសារតែ​ការរឹតបន្តឹង​ការធ្វើដំណើរ និង​ការបិទ​ប្រទេស វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​បាន​ដួលរលំ​។ ការមកដល់​ភ្ញៀវ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ ៦៤,៥ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០​។

ការធ្លាក់ចុះ​តម្រូវការ​យ៉ាងគំហុក​ក្នុង​ពិភពលោក​បាន​បណ្ដាលឱ្យ​វិស័យ​កម្មន្តសាល​របស់​ប្រទេស​កម្ពុជា​ចុះខ្សោយ​។ ការនាំចេញ​ផលិតផល​កាត់ដេរ សម្ភារ​ធ្វើដំណើរ និង​ស្បែកជើង (GTF) បាន​ធ្លាក់ចុះ​ ៧,២ ​ភាគរយ ក្នុងអំឡុងពេល​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០​។ ទន្ទឹមគ្នា​នោះដែរ ការនាំ​ចូល​ក្រណាត់​សម្រាប់​យកមក​កាត់ដេរ​បាន​ធ្លាក់ចុះ​ ៨៥,៤ ​ភាគរយ​។

ធនាគារ​នេះ​បញ្ជាក់ថា​៖ «​ការនាំចូល​ធ្លាក់ចុះ​ខ្លាំង ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការស្រុតចុះ​តម្រូវការ​ក្នុង​ស្រុក​។ ដោយសារ​តែ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​មាន​ទំហំ​ច្រើនជាង​ការទូទាត់​នៃ​ការនាំ​ចូល វា​ធ្វើឱ្យ​ឱនភាព​គណនី​ចរន្ត​រីក​ធំ ហើយ​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​ឡើង​ដល់​ ១២,៨ ​ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង​អត្រា​ ១០ ​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​កាលពី​ឆ្នាំ​ ២០១៩ ដែល​រំពឹងថា ចាំបាច់​ត្រូវមាន​ការហូរចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដើម្បី​ជួយ​ទ្រទ្រង់​»​។

ទុនបម្រុង​ជាតិ​ដុល​ត្រូវបាន​ព្យាករ​ថា នឹង​មាន​នៅត្រឹម​ ១៩ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២០ ឬ​សមមូល​រយៈពេល​ ៧ ​ខែ​នៃ​ការនាំ​ចូល​។

លោក Aaditya Mattoo ប្រធាន​សេដ្ឋវិទូ​ទទួលបន្ទុក​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​នៅ​ធនាគារ​ពិភពលោក​បាន​ឱ្យដឹងថា ប្រទេស​នៅ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ជាច្រើន​បាន​ទទួល​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ និង​ផ្ដល់​ភាព​ធូរស្រាល ប៉ុន្តែ​ប្រទេស​ទាំងនោះ​នឹង​ជម្នះ​ក្នុង​ការស្ទុះ​ងើបឡើង​វិញ និង​ការរីកចម្រើន​។

លោក Mattoo ថ្លែង​ថា​៖ «​អាទិភាព​នៅពេល​នេះ គួរតែ​ជា​សាលារៀន​ដែលមាន​សុវត្ថិភាព ដើម្បី​ការពារ​ធនធាន​មនុស្ស ពង្រីក​មូលដ្ឋាន​ពន្ធ​ចង្អៀត ដើម្បី​ចៀសវាង​ការកាត់បន្ថយ​ការវិនិយោគ​សាធារណៈ និង​ការធ្វើ​កំណែទម្រង់​នៃ​វិស័យ​សេវាកម្ម​ដែល​មាន​ការការពារ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ឱកាស​ឌីជីថល​ដែល​កំពុង​​រីកចម្រើន​រហ័ស​»​។

ធនាគារពិភពលោក​បាន​ឱ្យដឹងថា វា​មាន​សារៈសំខាន់​ណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​បាន​យ៉ាង​ល្អ​សម្រាប់​ការស្ទុះងើប​ឡើង​វិញ​របស់​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូវីដ​ ១៩​។

នៅពេល​នេះ​ការយកចិត្ត​ទុកដាក់​យ៉ាង​ជិតស្និទ្ធ​ផ្ដោតលើ​ការពង្រីក​ការវិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​កើតចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​ចិន​។

ធនាគារ​នេះ​បន្ថែមថា​៖ «​មាន​តម្រូវការ​បន្ទាន់​ចំពោះ​តម្លៃបន្ថែម​ក្នុងស្រុក​នៅពេល​អនាគត និង​ការបង្កើត​ការងារ​កាន់តែ​ច្រើន​ថែមទៀត​។ ការពង្រឹង​តម្រូវការ​ក្នុង​ស្រុក​ការការពារ​អំណាច​ការទិញ​របស់​អតិថិជន​ក្នុងស្រុក ចំពេល​វិបត្តិ​សុខភាព​សាធារណៈ ឬ​គ្រោះមហន្តរាយធម្មជាតិ​ខាងក្រៅ​គឺជា​ផ្លូវ​ឆ្ពោះទៅមុខ​»​។

ធនាគារ​នេះ​បាន​បន្ត​ថា​៖ «​វា​ជា​ការចាំបាច់​ក្នុង​ការបន្ត​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដល់​ភាពងាយ​រងគ្រោះ ដែល​បណ្ដាល​មកពី​ការរីកចម្រើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​រយៈពេល​យូរ និង​ការបង្កើន​ការផ្ដល់​ឥណទាន​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​»​។

កាលពី​សប្ដាហ៍​មុន ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក៏បាន​កែតម្រូវ​ការព្យាករ​កំណើន​ឆ្នាំ​ ២០២០ របស់ខ្លួន​សម្រាប់​កម្ពុជា​មក​នៅត្រឹម​ដក​ ៤ ​ភាគរយ​ធៀប​នឹង​ការព្យាករ​លើក​មុន​ដក​ ៥,៥ ​ភាគរយ​។ វា​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់​ ៥,៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១៕LA

វីដេអូ៖