
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ នៅក្រុងតាខ្មៅកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០១៩ នេះ ត្រូវបានរំពឹងថានឹងមានកំណើនទាបជាងឆ្នាំមុន បើទោះបីជាប្រព័ន្ធសេដ្ឋកិច្ចនៅតែរក្សាភាពរឹងមាំក៏ដោយ ដែលភាគច្រើនដោយសារតែតម្រូវការខាងក្រៅកាន់តែខ្សោយជាងការរំពឹងទុក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក។
ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៧ ភាគរយនៅឆ្នាំ ២០១៩ ដែលទាបជាងបន្តិចពីកំណើន ៧,៥ ភាគរយកាលពីឆ្នាំ ២០១៨ ខណៈការនាំចេញមានកម្រិតមធ្យមស្របជាមួយនឹងការបន្ថយល្បឿននៃតម្រូវការពិភពលោក។
ប៉ុន្តែអ្នកជំនាញរបស់ធនាគារនេះបានឲ្យដឹងថា អត្រាកំណើន ៧ ភាគរយរបស់កម្ពុជាត្រូវបានចាត់ទុកជាកម្រិតខ្ពស់ និងរក្សាភាពខ្លាំងរួចទៅហើយ។
ធនាគារនេះបានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃពុធថា៖ «កំណើនសេដ្ឋកិច្ចដ៏រឹងមាំត្រូវបានរំពឹងថានឹងនាំឲ្យមានការកាត់បន្ថយភាពក្រីក្រជាបន្ត»។ ធនាគារនេះបន្តថា៖ «ប៉ុន្តែ ចក្ខុវិស័យរយៈពេលវែង អាស្រ័យលើស្ថិរភាពរបស់ប្រទេសនេះ ក្នុងការស្រូបយកកំណើនលំហូរចូលការវិនិយោគផ្ទាល់បរទេស (FDI) ខណៈមានការលើកកម្ពស់ការវិនិយោគក្នុងស្រុក»។
ទោះបីយ៉ាងនេះក្តីរបាយការណ៍ធនាគារពិភពលោកក៏បានបង្ហាញពីហានិភ័យ និងបញ្ហាប្រឈមជាប់ទាក់ទងនឹងភាពមិនច្បាស់លាស់លើការទទួលបានការអនុគ្រោះពន្ធទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) របស់ប្រទេសនេះ។
របាយការណ៍បន្ថែមថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលបច្ចុប្បន្នផ្ដល់ដល់កម្ពុជា ការរួចពន្ធ និងការមិនគិតកូតាចូលទៅ EU វានឹងទំនងជានាំឲ្យមានកំណើននាំចេញកាន់តែទាប។
ក្រៅពីនេះ ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេស កម្ពុជា លើលំហូរចូលមូលធនពីប្រទេស ចិន ដែលកំពុងមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ចិន នោះវានឹងអាចកាត់បន្ថយចក្ខុវិស័យកំណើនផងដែរ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានឲ្យដឹងកាលពីម្សិលមិញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា បានកើនឡើងកាលពីឆ្នាំមុន ចំនួន ៧,៥ ភាគរយ ខ្ពស់ជាងការព្យាករដំបូងដោយធនាគារពិភពលោក ដែលព្យាករថា មានចំនួន ៧ ភាគរយ។
លោកបន្ថែមថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលមានចំនួនជាង ២ ភាគ ៣ នៃការនាំចេញទំនិញសរុបរបស់ប្រទេសនេះ បានកើនឡើងក្នុងកម្រិតខ្ពស់រយៈពេល ៤ ឆ្នាំ ដែលមានកំណើន ១៧,៦ ភាគរយកាលពី ឆ្នាំ ២០១៨ កើនពីអត្រាកំណើន ៨,៣ ភាគរយ កាលពីឆ្នាំ ២០១៧។
លោកបានថ្លែងទៀតថា៖ «តាមពិតកត្តាជំរុញដ៏សំខាន់ គឺការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ទៅអាមេរិក និង EU ដែលបានកើនឡើងយ៉ាងរហ័ស ដូច្នេះវាជាមូលហេតុដ៏សំខាន់នៅពីក្រោយការរំពឹងទុកនៃកំណើនផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីដើមខែនេះបានឲ្យដឹងថា ចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំក្នុងរយៈពេលមធ្យម ទោះបីជាប្រទេសនេះនឹងប្រឈមហានិភ័យខាងក្រៅកាន់តែធំ និងលទ្ធភាពបាត់បង់សិទ្ធិពាណិជ្ជកម្មទៅកាន់ទីផ្សារសំខាន់របស់ខ្លួនក៏ដោយ។
ក្រុមការងាររបស់ IMF កាលពីដើមខែនេះបានធ្វើទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ និងបានជួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីធ្វើការពិភាក្សាអំពីការវិវឌ្ឍថ្មីៗ និងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា IMF ព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងរក្សាបានចន្លោះពី ៦,៥ ភាគរយទៅ ៧ ភាគរយនៅរយៈពេលខ្លី និងរយៈពេលមធ្យម ដោយសារលទ្ធផលសារពើពន្ធកាន់តែប្រសើរ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករកាលពីដើមខែនេះថា សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា នឹងមានកំណើន ៧ ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះបន្តិចពី ៧,៣ ភាគរយកាលពីឆ្នាំ ២០១៨ ដោយសារតែមូលហេតុដូចគ្នានេះដែរ៕LA