
លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកនៅកម្ពុជា។ រូបថត សហការី
ភ្នំពេញ: សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាបានព្យាករថា នឹងធ្លាក់ចុះ ១,៩ (-1,9) សម្រាប់ឆ្នាំ ២០២០ និងស្ទុះងើបឡើងវិញមក ៤ ភាគរយសម្រាប់ឆ្នាំ ២០២១ នេះដោយសារតែចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យដែលប៉ះពាល់ទាំងនោះរួមមានវិស័យទេសចរណ៍ កាត់ដេរ និងវាយនភណ្ឌ និងវិស័យសំណង់ជាដើម។
លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចកាសែតភ្នំពេញប៉ុស្តិ៍បានធ្វើការសម្ភាសន៍ជាមួយលោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំធនាគារ ពិភពលោកនៅកម្ពុជាទាក់ទិនទៅនឹងការអនុវត្តសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ ២០២០ និងការព្យាករសម្រាប់ឆ្នាំ ២០២១។
ធនាគារពិភពលោកនៅតែរក្សាជំហរការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំនេះរួញទំហំប្រមាណជា ២ ភាគរយ ដែលស្រដៀងគ្នាទៅនឹងដក ១,៩ ភាគរយដែលជាការព្យាកររបស់រដ្ឋាភិបាល។ តើការព្យាករនេះផ្អែកលើធាតុផ្សំអ្វីខ្លះទៅ?
ការនាំចេញទំនិញរោងចក្ររបស់កម្ពុជាដូចជាផលិតផលកាត់ដេរ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ គ្រឿងប្រដាប់ប្រដាអគ្គិសនី គ្រឿង បន្លាស់ និងប្រដាប់ប្រដាលម្អរថយន្ត មានការធ្លាក់ចុះ ២,៦ ភាគរយក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២០។ ក្រោយមក សកម្មភាពសេដ្ឋកិច្ចមួយចំនួនចាប់ផ្តើមវិលទៅរកប្រក្រតីភាពវិញបន្តិចម្តងៗ បន្ទាប់ពីមានភាពធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាគម្លាតសុវត្ថិភាពសង្គមដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ តម្រូវការក្នុងស្រុករាប់ទាំងសកម្មភាពធ្វើដំណើរនឹងទេសចរណ៍ក្នុងស្រុក កំពុងចាប់ផ្តើមរើបៗឡើងវិញ។
រហូតមកទល់ពេលនេះ យើងមិនបានឃើញថាផលប៉ះពាល់អវិជ្ជមានគួរឱ្យកត់សម្គាល់ណាមួយពីការរាតត្បាតជំងឺនេះទៅលើវិស័យធនាគារ ឬតុល្យភាពនៃបញ្ជីទូទាត់ទេ រីឯទំនុកចិត្តទីផ្សារត្រូវបានស្តារឡើងវិញជាបណ្តើរៗដោយសារការគ្រប់គ្រងបានល្អលើការផ្ទុះជំងឺនេះ។ ការទទួលបានប្រើប្រាស់ឯកជននៅរក្សាបានភាពរឹងមាំបានដោយសារអន្តរាគមន៍គាំទ្រហិរញ្ញវត្ថុដោយផ្ទាល់របស់រដ្ឋាភិបាលដែលមានទំហំសរុប ២,៨ ភាគរយនៃ ផ.ស.ស។ អន្តរាគមន៍របស់រដ្ឋាភិបាលដែលមានទំហំធំគួរសមបានជួយរក្សាកម្រិតទទួលទានប្រើប្រាស់ឱ្យមានលំនឹង ដែលជាហេតុធ្វើឱ្យការថយចុះនៃការនាំចូលមានទំហំល្មមអាចទ្រាំទ្របាន។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលថ្មីៗនេះនឹងជួយលើកកម្ពស់ការវិនិយោគក្នុងស្រុក និងពាណិជ្ជកម្មក្នុងតំបន់ថែមទៀត។
ការរាតត្បាតជំងឺនេះបានប៉ះទង្គិចខ្លាំងជាពិសេសទៅលើវិស័យកាត់ដេរ និង ទេសចរណ៍។ តើធនាគារពិភពលោកវាយតម្លៃដូចម្តេចដែរចំពោះគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់តទល់នឹងសភាពការណ៍នេះ?
ការអន្តរាគមន៍របស់រដ្ឋាភិបាលដើម្បីសម្រាលផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះស្ថិតក្នុងវិសាលភាពមួយដែលមិនធ្លាប់មានពីមុនមក គឺមានទំហំរហូតដល់ទៅ ៥ ភាគរយនៃ ផ.ស.ស។ កញ្ចប់ជំនួយឧបត្ថម្ភដ៏ទូលំទូលាយរួមមានការចំណាយទាក់ទងនឹងសុខភាពជំនួយសម្រាប់ប្រាក់ចំណូល ការចាក់បញ្ចូលភាគហ៊ុន និងការធានាប្រាក់កម្ចីការចំណាយលើការអភិវឌ្ឍ និងការកាត់បន្ថយពន្ធ។
កម្មវិធីវិនិយោគសាធារណៈនានាដែលអាជ្ញាធរកម្ពុជាបានដាក់ចេញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅទីរួមខេត្តព្រះសីហនុ និងសៀមរាបនឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ យ៉ាងណាក្តី អ្វីដែលសំខាន់ចាំបាច់បំផុតនោះគឺយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចមួយដែលមានប្រសិទ្ធភាព មានភាពប្រាកដនិយមអាចអនុវត្តបាន និងតម្រង់គោលដៅបានជាក់លាក់ល្អ។
នៅក្នុងអំឡុងពេលមានការរាតត្បាតជំងឺ ខ្ញុំសង្កេតឃើញថាអាជីវកម្មអនឡាញមានការស្ទុះឡើងគួរឱ្យកត់សម្គាល់ស្របគ្នានឹងកាលៈទេសៈដែលរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលនៅឆ្នាំខាងមុខៗ។ តើធនាគារពិភពលោកគិតថាខ្លួនគួរតែចូលពាក់ព័ន្ធនៅក្នុងរឿងនេះដែរឬទេ?
លទ្ធភាពរបស់ក្រុមហ៊ុនអាចទប់ទល់បានប៉ុនណាទៅនឹងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩ អាស្រ័យលើសមត្ថភាពរបស់ពួកគេ ក៏ដូចជាកត្តាផ្សេងៗទៀតដែរ ក្នុងការធ្វើការកែសម្រួលប្រភេទនៃបែបផែនធ្វើអាជីវកម្មរបស់ខ្លួនក្នុងនោះរួមទាំងការប្រើបច្ចេកវិទ្យាឌីជីថលផងដើម្បីជួយសម្រួលបង្កើតបរិយាកាសមួយកុំឱ្យនិយោជិត និងអតិថិជនមានការទាក់ទងជិតគ្នាផ្ទាល់យ៉ាងប្រញឹកដូចទម្លាប់ធ្វើអាជីវកម្មកន្លងមក។
ដូចដែលបានបញ្ជាក់នៅក្នុងការផ្តោតពិសេសនៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ីចឹងការប្រើប្រាស់ថ្នាលឌីជីថលពីសំណាក់ក្រុមហ៊ុនក្នុងការធ្វើជំនួញមានការកើនឡើង ដែលជាដំណោះស្រាយមួយឆ្លើយតបទៅនឹងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។ ធនាគារពិភពលោកនៅតែប្តេជ្ញាចិត្តជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរប្រែធាតុឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលជារបៀបវារៈគោលនយោបាយមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងបច្ចុប្បន្ននេះ។
ស្របពេលដែលការព្យួរភាពអនុគ្រោះរបស់ EBA ចូលជាធរមាន រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមបង្កើតក្រុមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនក្នុងតំបន់និងលើសកលលោក ហើយកម្ពុជាក៏បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនដែលនឹងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២១ នេះ និងនៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៩ ទៀតដែលកំពុងស្ថិតក្នុងការចរចា។ តើការត្រៀមខ្លួនទាំងអស់នេះមានអត្ថន័យដូចម្តេចដែរសម្រាប់ចីរភាពសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែងនៅកម្ពុជា?
ការដកផ្នែកខ្លះនៃភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ «ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ”» របស់សហភាពអឺរ៉ុបបានចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ដែលប៉ះពាល់ដល់ប្រមាណជា ២០ ភាគរយនៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។
តាមរយៈនេះ ផលិតកម្មនាំចេញនៅកម្ពុជាក៏កំពុងតែកែតម្រូវទៅតាមសភាពការណ៍ដែរ។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើងនិងផលិតផលកង់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងដល់ ២,៧ ពាន់លានដុល្លារអាមេរិកពោលគឺកើនឡើង ៧,៦ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០។
សហរដ្ឋអាមេរិកគឺជាផ្សារធំជាងគេដែលស្រូបយក ៣៦ ភាគរយនៃការនាំចេញសរុបនៃផលិតផលកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរស្បែកជើង និងកង់ពីកម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសនានាដែលបន្ទាប់ពីរបាំងពាណិជ្ជកម្មលើទំនិញនាំចូលនាំមកនូវផលចំណេញសុខុមាលភាពដល់អ្នកប្រើប្រាស់តាមរយៈភាពសម្បូរបែបនៃមុខទំនិញលទ្ធភាពរកបានផលិតផលមានគុណភាពល្អ និងតម្លៃទាបដូច្នេះវាបង្កើតឱ្យមានសកម្មភាពពាណិជ្ជកម្ម។ គន្លឹះសំខាន់ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនាំមក គឺការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជាថែមទៀត។ វិស័យដូចជាកសិកម្ម ការកែច្នៃកសិផល និងផលិតកម្មផលិតផលកសិកម្ម សុទ្ធតែត្រៀមខ្លួនបានល្អក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត។ ទោះយ៉ាងណាកិច្ចព្រមព្រៀមនេះតែមួយមុខប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យមានសម្ទុះកាន់តែខ្លាំងក្លាបានទេ ប្រសិនបើវាមិនអមជាមួយដោយការកែទម្រង់ក្នុងស្រុកដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។
តើធនាគារពិភពលោកមានអនុសាសន៍អ្វីខ្លះដល់រដ្ឋាភិបាលសម្រាប់កែលម្អដើម្បីយកផលពីកិច្ចព្រមព្រៀងទាំងប៉ុន្មានដែលបានលើកឡើងខាងលើ?
ជាការចាំបាច់ណាស់ដែលគេត្រូវជួយសម្រួលដល់ការពង្រីកការវិនិយោគក្នុងស្រុក និងពីបរទេសដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់។ ក្នុងន័យនេះការដាក់ចេញច្បាប់វិនិយោគដែលមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានា គឺពិតជាមានសារៈសំខាន់ណាស់។ នៅក្នុងរយៈពេលមធ្យម អ្វីដែលជាភាពចាំបាច់ដែរគឺត្រូវលើកស្ទួយការធ្វើសមាហរណកម្មនៃឧស្សាហកម្មកែច្នៃកសិផល និងផលិតកម្មកសិកម្មរបស់កម្ពុជាទៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់។ ស្របគ្នានេះដែរ ការកែលម្អការតភ្ជាប់គមនាគមន៍ និងពលកម្មមានជំនាញឱ្យប្រសើរឡើង និងកាត់បន្ថយថ្លៃដើមថាមពលសុទ្ធតែស្ថិតក្នុងចំណោមជំហានសំខាន់ៗដែលត្រូវប្រកាន់យក។
រដ្ឋាភិបាលកម្ពុជាក៏កំពុងព្យាយាមកសាងឯករាជភាពរបស់ខ្លួនតាមរយៈការបង្កើនសមត្ថភាពផលិតកម្ម តើអ្នកគិតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាចជួយជំរុញកំណើនដល់កម្ពុជាយ៉ាងណា?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសនឹងទម្លាក់បន្ទាបរបារពាណិជ្ជកម្មឱ្យទាន់សម្រាប់ទំនិញនាំចូលនាំមកនូវផលចំណេញសុខុមាលភាពដល់អ្នកប្រើប្រាស់តាមរយៈភាពសម្បូរបែបនៃមុខទំនិញលទ្ធភាពរកបានផលិតផលមានគុណភាពល្អ និងតម្លៃទាប។ ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែលជាយន្តការសំខាន់មួយ នឹងជំរុញការវិនិយោគក្នុងស្រុក និងការនាំចេញឱ្យកើនឡើង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនត្រូវបានគេរំពឹងថានឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា។
វិស័យដូចជាកសិកម្ម ការកែច្នៃកសិផល និងផលិតកម្ម ស្ថិតក្នុងស្ថានភាពមួយល្អសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងៗទៀត។ អ្វីដែលជាឧត្តមភាពប្រៀបធៀបដែលកម្ពុជានៅមានគឺកម្លាំងពលកម្មដែលមិនទាន់ប្រើប្រាស់អស់លទ្ធភាព និងថ្លៃដើមពលកម្មទាបដែលគួរលើកស្ទួយបង្កើតឱ្យមានផលចំណេញច្រើនទៀតតាមរយៈការបណ្តុះបណ្តាលជំនាញជាក់លាក់ និងជំរុញសេដ្ឋកិច្ចវិមាត្រ។ ទាំងអស់នេះនឹងជួយបង្កើនសក្តានុពលរបស់ប្រទេសកម្ពុជាឈានទៅពង្រីកផលិតកម្មឱ្យទៅហួសពីបែបផែនបច្ចុប្បន្ន ដែលពឹងផ្អែកខ្លាំងលើសម្លៀកបំពាក់ និងស្បែកជើង ហើយទន្ទឹមគ្នានោះក៏នឹងលើកកម្ពស់រចនាសម្ព័ន្ធសេដ្ឋកិច្ចកាន់តែមានភាពចម្រុះសម្បូរបែបថែមទៀតដែរ៕