ភ្នំពេញៈ ធនាគារ​វឌ្ឍនៈ​បានដាក់​ឲ្យ​ដំណើរការ​សេវា​ធនាគារ​ចល័ត (Mobile Banking) កាលពី​ថ្ងៃ​ពុធ ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​ព្រមទាំង​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​យ៉ាង​រហ័ស​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរការ​នៃ​ «​សេវា​ធនាគារ​ចល័ត​» ​ថ្មី​នេះ​គឺ​បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា ឆ្នាំ​ ២០២០​។

ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការដាក់​ឲ្យ​ដំណើរការ​សេវា​ធនាគារ​ចល័ត នាពេលនេះ​គឺជា​ការបោះ​ជំហាន​ថ្មី​មួយ​ប្រកប​ដោយ​ភាពជោគជ័យ​របស់​ធនាគារ​វឌ្ឍនៈ​ក្នុង​ការចូលរួម​អភិវឌ្ឍ លើកស្ទួយ​ការធ្វើ​ទំនើបកម្ម​សេវាកម្ម​តាមបែប​ឌីជីថល​ក្នុង​វិស័យ​ធនាគារ ដើម្បី​ឆ្លើយតប​ទាន់​ពេលវេលា និង​តម្រូវការ​របស់​អតិថិជន​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​ ១ ​ប្រកប​ដោយ​ភាពទំនើប ងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់​ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ និង​ច្បាស់លាស់​ក្នុង​ការធ្វើ​ឌីជីថលូបនីយកម្ម​លើ​ប្រតិបត្តិការ​របស់​ធនាគារ​»​។

ធនាគារ​ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០០២ ដោយ​លោក សំ អាង លោកស្រី ឈុន លាង ដែលជា​អ្នកមាន​ស្តុកស្តម្ភ និងមាន​អាជីវកម្ម​ច្រើន​ប្រភេទ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ធនាគារ​នេះ​មាន​សាខា​ ១៩ ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​។

គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ ធនាគារ​​នេះ​មាន​ទ្រព្យ​សកម្ម​សរុប​មាន​តម្លៃ​ ៧២០,៧ ​លាន​ដុល្លារ​ កើនឡើង​ ១៣ ​ភាគរយ​ ធៀប​នឹង ​៦៣៥,៩ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ ធនាគារ​នេះ​គ្រោង​នឹង​បង្កើត​សាខា​កាន់តែ​ច្រើន​ថែមទៀត​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក្រោយ​៕LA