ភ្នំពេញៈ ធនាគារ​ឯកទេស វីង ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​អេឡិចត្រូនិក បាន​ដាក់​ដំណើរការ​សេវា​កាបូប​ប្រាក់​អេឡិចត្រូនិក​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ក្នុង​ការ​ប្រតិបត្តិការ​ទូទាត់​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ផលិតផល​ដែល​ហៅថា WingPay នៅពេល​នេះ​អាច​រក​បាន​នៅក្នុង​ដៃគូ​ពាណិជ្ជកម្ម​ជាង ២០ ០០០ កន្លែង​ទូទាំង​ប្រទេស​ដែល​ចាប់ពី​រ៉ឺម៉ក​ម៉ូតូ​ដល់​អ្នក​លក់ដូរ​តាម​ដងផ្លូវ និង​ហាង​លក់​រាយ​ធំៗ​។

កម្មវិធី​នេះ​អាច​ឲ្យ​អតិថិជន​ផ្ទេរ​មូលនិធិ និង​បង់ប្រាក់​វិក្កយបត្រ​តាម​ទាំង​ទូរស័ព្ទ​ស្មាតហ្វូន និង​ទូរស័ព្ទ​ធម្មតា​។

លោក Jojo Malolos អគ្គនាយក Wing ថ្លែង​ថា​ដំណោះស្រាយ​ការទូទាត់​ចល័ត​គ្មាន​សាច់ប្រាក់​ថ្មី​នេះ​នឹង​ជំនួស​ការទូទាត់​ជា​សាច់ប្រាក់​នៅ​កម្ពុជា​ពេល​ណា​មួយ​នាអនាគត ដោយសារ​តែ​ប្រជាជន​ជិត​ពាក់កណ្ដាល​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​មាន​ទូរស័ព្ទ​ចល័ត​។

កម្មវិធី​ទូទាត់​ចល័ត​កំពុង​ទទួល​បាន​ការទាក់ទាញ​យ៉ាង​រហ័ស និង​ផ្ដល់​បណ្ដាញ​ថ្មី​ដើម្បី​លើក​កម្ពស់​ការរួម​បញ្ចូល​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

Pi Pay បាន​នាំ​មុខ​គេ​ក្នុង​ចំណោម​សេវា​ទូទាត់​ចល័ត​ដោយសារ​កម្មវិធី​នេះ ត្រូវ​បាន​ទាញ​យក​ជាង​ ២១០ ០០០ ដង​តាំងពី​ការដាក់​ដំណើរការ​របស់​ខ្លួន​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​។

កម្មវិធី​ផ្សេង​ទៀត​កំពុង​ប្រកួត​ប្រជែង​ដណ្ដើម​ចំណែក​ទីផ្សារ​ទូទាត់​ចល័ត​ដែល​រីកចម្រើន​រួមមាន​កម្មវិធី DaraPay កម្មវិធី Bongluy កម្មវិធី Speedpay កម្មវិធី GrabPay និង​កម្មវិធី Smartluy​។ ធនាគារ​មួយ​ចំនួន​ក៏​បាន​ដាក់​ចេញ​កម្មវិធី​ទូទាត់​ផ្ទាល់​ជា​ផ្នែក​មួយ​នៃ​ធនាគារ​អនឡាញ​ផង​ដែរ​៕LA