ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា (​ផ.ស.ក) ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ដើមទុន​ដំបូង​ ១០០ ​លាន​ដុល្លារ​ បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​មូលនិធិ​សម្រាប់​ជួយ​ពង្រឹង​ដល់​ចង្វាក់​ផលិតកម្ម និង​ភាពប្រកួតប្រជែង​របស់​អ្នក​នៅក្នុង​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ជាង​ពេលមុន​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ឥណទាន​មានការ​ប្រាក់ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព រួមមាន​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម​។

មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ ​ដែល​ផ្តល់​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ជាមួយ​នឹង​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ៣៣ ក្នុងនោះ​រួមមាន ធនាគារ​ពាណិជ្ជ​ចំនួន​ ២៣ ធនាគារ​ឯកទេស​ ២ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៥ និង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ២​។

សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ខ្ចីប្រាក់​ចំនួន ២០ ​ម៉ឺនដុល្លារ​ សម្រាប់​ទុន​បង្វិល និង​ ៣០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ទុនវិនិយោគ​ដែល​អត្រា​ការប្រាក់​អតិបរមា​ ៧ ​ភាគរយ ​ក្នុង​ ១ ​ឆ្នាំ និង​មាន​រយៈពេល​សង​ត្រឡប់​មិន​លើសពី ៤ ​ឆ្នាំ​។

តាម​សេចក្តីប្រកាស​ព័ត៌មាន «​លក្ខខណ្ឌ​ខ្ចីប្រាក់​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នីមួយៗ​»​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា ដើម្បី​អាច​ទទួលបាន​ឥណទាន​នេះ សហគ្រាស​ធុនតូច និង​មធ្យម​ត្រូវជា​សហគ្រាស​ដែល​ចុះបញ្ជី​ផ្លូវការ​ស្របច្បាប់​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានសរសេរថា​៖«​សហគ្រាស​ធុនតូច​សំដៅ​ទៅដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី ២៥០ ០០០ ០០០​រៀល ឬ​មាន​ចំនួន​និយោជិត​ចាប់ពី​ ១០ ​នាក់​ទៅ​ ៥០ ​នាក់​។ ចំណែក​សហគ្រាស​ធុន​មធ្យម​សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី ៧០០ ០០០ ០០០ រៀល ឬ​មាន​ចំនួន​និយោជិត​ចាប់ពី​ ៥១ ​នាក់​ដល់​ ១០០ ​នាក់​»​។

មន្ត្រីជាន់ខ្ពស់​នៃ​ ផ.ស.ក សុំមិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​​ថា ធនាគារ​ចាប់ផ្តើម​ទទួលពាក្យ​សើ្នសុំ​កម្ចី​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ លោក​ថ្លែងថា​៖ «​ធនាគារ​នេះ​ជា​ធនាគារ​របស់​រដ្ឋ​ដែល​ផ្តល់​អត្រា​ការប្រាក់​ទាប​ដល់​វិស័យ SME ហើយ​ប្រាក់កម្ចី​ទទួល​បាន​ពី​ធនាគារ​នឹង​ជួយ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។

លោកស្រី កែវ មុំ អគ្គនាយិកា LYLY Food Industry Co ដែលជា​រោងចក្រ​ផលិត​នំ​ស្រួយ លីលី បាន​ប្រាប់​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ខណៈ​លទ្ធភាព​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​របស់ SME នៅមាន​កម្រិត​ទាប មូលនិធិ​នេះ​នឹងធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់ SME ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​។ លោកស្រី​បាន​បន្តថា SME ភាគច្រើន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ធ្វើជា​ទុន​បង្វិល និង​ទុនវិនិយោគ​។

លោកស្រី​ថ្លែងថា​៖ «​យើង​ខ្ចីប្រាក់​ដើម្បី​ធ្វើការ​ពង្រីក​អាជីវកម្ម​រួមមាន​ទិញ​វត្ថុធាតុដើម និង​នាំចូល​ម៉ាស៊ីន​ផលិត កែច្នៃ ហើយ​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​បន្ធូរបន្ថយ​នូវ​វត្ថុ​បញ្ចាំ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការទទួលបាន​កម្ចី​»​។

លោក តែ តាំងប៉ ប្រធានសម្ព័ន្ធ​សមាគម​សហគ្រាសធុន​តូច និង​មធ្យម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ធនាគារ​ SME ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ភ្លាម សមាជិក​ប្រមាណ ៣០០ ​នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​ប្រយោជន៍​ពី​ធនាគារ​នេះ​។ លោក​ថ្លែងថា​៖ «​សមាគម​កំពុង​ត្រៀម​ឯកសារ​ដើម្បី​ស្នើសុំ​កម្ចី​ដែល​គ្រោង​នឹងដាក់​នៅ​សប្តាហ៍​ក្រោយ​»​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) បានចេញ​ផ្សាយ​កាលពី​ខែសីហា ឆ្នាំ​ ២០១៩ បង្ហាញថា សហគ្រិន​ស្ត្រី​របស់​កម្ពុជា​បាន​បន្ត​ជួប​ការលំបាក​ដោយសារ​លទ្ធភាព​នៅមាន​កម្រិត​ក្នុង​ការទទួល​បាន​កម្ចី​សម្រាប់​ពង្រីក​អាជីវកម្ម​។ របាយការណ៍​បញ្ជាក់ថា មានតែ​ ៣ ​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ផ្លូវការ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។

របាយការណ៍​បាន​ប៉ាន់​ប្រមាណ​ថា តម្រូវការ​ឥណទាន​ពី​សហគ្រិន​ស្ត្រី​បច្ចុប្បន្ន​មាន​ចំនួន​ ៤,២ ​ពាន់​លាន​ដុល្លារ ​ដែល​ស្មើនឹង​ជិត​ ៦៣ ​ភាគរយ ​នៃ​ថវិកា​ ៦,៧ ​ពាន់​លាន​ដុល្លារ ​របស់​ប្រទេស​ កម្ពុជា ​សម្រាប់​ឆ្នាំ​ ២០១៩​។

ការស្ទង់មតិ​មួយ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ចំណោម​សហគ្រាស​ ៧១ នាពេល​ថ្មី​នេះ​ក្នុងប្រទេស​កម្ពុជា​បាន​រកឃើញថា ពួកគេ​ត្រូវការ​ជំនួយ​សម្រាប់​ការស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធាន​មនុស្ស ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម​ពន្ធដារ ព្រម​ទាំង​ការលម្អ​ស្តង់ដារ​អនាម័យ​៕