ភ្នំពេញៈ ធនាគារ​ស្ថាបនា និង​ក្រុមហ៊ុន​ទូទាត់​គ្មាន​សាច់ប្រាក់ Pi Pay បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​លើ​ការទូទាត់​តាម​អនឡាញ និង​ការផ្ទេរ​ប្រាក់​រវាង​គណនី​នៃ​ស្ថាប័ន​ទាំង​ ២​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​រវាង​លោក Norihiko Kato នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា និង​លោក Tomas Pokorny នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pi Pay​។

កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ធនាគារ​ស្ថាបនា និង Pi Pay អាច​ផ្ទេរ​ប្រាក់​ទៅ​គណនី​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥត​គិត​ថ្លៃ​។

លោក Norihiko Kato បាន​និយាយ​ថា​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Pi Pay គឺជា​ជម្រើស​ដ៏ល្អ​ព្រោះ Pi Pay ជា​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់​ទាក់ទង​នឹង​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ឲ្យ​អតិថិជន​ទទួល​បាន​នូវ​ភាព​ងាយស្រួល និង​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ហេតុផល​ដែល​យើង​ធ្វើ​កិច្ចសហការ​ជាមួយ Pi Pay»​។

លោក Norihiko Kato បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ធនាគារ​ស្ថាបនា​មាន​សាខា​ចំនួន ១៦៩ កន្លែង​គ្រប​ដណ្តប់​លើ​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pi Pay លោក Tomas Pokorny បាន​ឲ្យ​ដឹងថា ខណៈ​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ប្រហែល​ ២០ ​ភាគរយ​ប៉ុណ្ណោះ​ប្រើប្រាស់​សេវាកម្ម​តាមរយៈ​ធនាគារ ដូច្នេះ​តាមរយៈ​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​នឹង​ជួយ​ធ្វើឲ្យ​ការប្រើប្រាស់​សេវាកម្ម​តាមរយៈ​ធនាគារ​កាន់តែ​កើនឡើង​ផង​ដែរ​»​។

តាម​លោក Tomas Pokorny ពេលនេះ Pi Pay មាន​កន្លែង​ដាក់​ប្រាក់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ហើយ​នឹង​មាន​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​៕ LA