ភ្នំពេញៈ ធនាគារ​ស្ថាបនា​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ល្អ​វិញ​ជាមួយ​នឹង​ប្រាក់​ចំណេញ​សុទ្ធ​ ១៨,៥៨ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ធ្លាក់​​ចុះ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​ ២០១៦ ដែល​​​ចំណេញ​បាន​តែ​ ៨,៨ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​របស់​ធនាគារ​ពាណិជ្ជកម្ម​មួយ​នេះ​។

ធនាគារ​ស្ថាបនា​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មក​ជា​ធនាគារ​កាលពី​ខែ​មេសា​ឆ្នាំ​ ២០១៦ បន្ទាប់ពី​ត្រូវ​បាន​ទិញ​ភាគហ៊ុន​ដោយ​ធនាគារ Maruhan Bank ដែល​វិនិយោគ​ដោយ​ពាណិជ្ជករ​ជប៉ុន ហើយ​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ដំណើរការ​ស្ថិត​ក្រោម​ឈ្មោះ​ធនាគារ​ស្ថាបនា​។

មុន​ពេល​ច្របាច់​បញ្ចូល​គ្នា​ពោល​គឺ​នៅ​ឆ្នាំ​ ២០១៥ ប្រាក់​ចំណេញ​សុទ្ធ​របស់​ស្ថាប័ន​ទាំង​ ២ (​ស្ថាបនា និង Maruhan) បូក​បញ្ចូល​គ្នា​មាន​ចំនួន ​១៨,៣ លាន​ដុល្លារ​។

នៅ​ឆ្នាំ​ ២០១៦ ដែល​ជា​ឆ្នាំ​ច្របាច់​បញ្ចូល​គ្នា​ដំបូង​ប្រាក់​ចំណេញ​សុទ្ធ​ធនាគារ​ស្ថាបនា​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៨,៨ លាន​ដុល្លារ​ជា​អ្វី​ដែល​លោក ណូរីហ៊ីកុ កាតុ នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា​បាន​ឲ្យ​ដឹង​ថា​ដោយសារ​ការបង្កើន​ការចំណាយ​លើ​នីតិវិធី និង​ប្រតិបត្តិការ​នៃ​ការច្របាច់​បញ្ចូល​គ្នា​នៃ​គ្រឹះស្ថាន​ទាំង​ ២ និង​ការចំណាយ​បែបបទ​ផ្លូវ​ច្បាប់​នានា​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ជា​ធនាគារ​។

លោក ណូរីហ៊ីកុ បាន​ថ្លែង​ថា​៖ «​ធនាគារ​យើង​បាន​ធ្វើឲ្យ​ប្រាក់​ចំណេញ​វិល​ត្រឡប់​មក​រក​ភាព​ល្អ​វិញ​នៅ​ឆ្នាំ​ ២០១៧ បន្ទាប់ពី​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ពេល​ច្របាច់​បញ្ចូល​គ្នា​កាលពី​ឆ្នាំ​ ២០១៦ ហើយ​ថែម​ទាំង​បាន​កើនឡើង​លឿន​ជាង​អត្រា​មធ្យម​របស់​ទីផ្សារ​នៅ​ឆ្នាំ​ ២០១៧ ​ទៀត​ផង​»​។ លោក​បន្ថែម​ថា​៖ «​ធនាគារ​នឹង​រីកចម្រើន​បន្ត​ទៀត​នៅ​ឆ្នាំ​ ២០១៨ ហើយ​បម្រើ​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ពេញលេញ​តាមរយៈ​សាខា ១៦៨ នៅ​ទូទាំង​ប្រទេស ហើយ​បន្ថែម​ផលិតផល​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​»​។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ ២០១៧ ធនាគារ​ស្ថាបនា​ទទួល​បាន​ចំណូល​ពី​កម្រៃ​សេវា និង​កម្រៃ​ជើងសារ​ចំនួន ៥,៣៧ លាន​ដុល្លារ កើនឡើង​យ៉ាង​ខ្លាំង​ពី​ចំនួន​ជិត ១ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។ ចំណូល​សុទ្ធ​លើ​ការប្រាក់​វិញ​មាន​ចំនួន ៦៦,៥២ លាន​ដុល្លារ​។

ស្រប​ពេល​មាន​ការ​កើនឡើង​ប្រាក់​ចំណេញ​កាលពី​ឆ្នាំ​មុន​ធនាគារ​ស្ថាបនា​បាន​ធ្វើឲ្យ​អត្រា​កម្ចី​មិន​ដំណើរការ NPL (​កម្ចី​ដែល​អតិថិជន​មិន​បាន​សង​ធៀប​នឹង​កម្ចី​សរុប​) ធ្លាក់​ចុះ​ថែម​ទៀត​។ កាលពី​ឆ្នាំ ២០១៦ អត្រា NPL មាន ១,៥៧ ភាគរយ ហើយ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១,៣៣ ភាគរយ​នៅ​ឆ្នាំ​ ២០១៧​។ នេះ​ជា​និន្នាការ​ល្អ​មួយ​សម្រាប់​ធនាគារ​មួយ​នេះ ខណៈ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាច្រើន​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​អត្រា NPL​។

ការទទួល​បាន​ប្រាក់​ចំណេញ​ជាង ១៨,៥៨ លាន​ដុល្លារ​នេះ​បាន​ធ្វើឲ្យ​ធនាគារ​ស្ថាបនា​ទទួល​បាន​អត្រា​ប្រាក់​ចំណេញ​ធៀប​នឹង​ទុន​អាជីវកម្ម (ROE) មាន​ចំនួន ១២,០៥ ភាគរយ​។ អត្រា​នេះ​កើនឡើង​ពី ៦,៥ ភាគរយ​កាលពី​ឆ្នាំ​ ២០១៦ ​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ ទ្រព្យសកម្ម​ធនាគារ​ពាណិជ្ជ​នេះ​មាន ១,០២ ពាន់​លាន​ដុល្លារ​កើន ១០ ភាគរយ​ធៀប​ឆ្នាំ​ ២០១៦​។ ទំហំ​កម្ចី​បាន​កើនឡើង ៣២ ភាគរយ​មក​ដល់ ៧៩៤ លាន​ដុល្លារ​កាលពី​ឆ្នាំ​​ ២០១៧៕