ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ផ្តល់ទុន ៥០ ​លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​បង្វិល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ទុន​នេះ​អាច​នឹង​ជួយ​ទិញស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល​ស្រូវស្រាល​នេះ​។

ការផ្តល់​ទុន​បន្ថែម ៥០ លាន​ដុល្លារ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់ទុន ២០០ លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ទទួល​ដើមទុន​បន្ថែម​ពី​រដ្ឋាភិបាល​ចំនួន ៥០ ​លាន​ដុល្លារ​ ដើម្បី​ជា​កម្ចី​សម្រាប់​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​កម្ពុជា ធ្វើ​ជា​ដើមទុន​ទិញស្រូវ​ស្តុក​ទុក​បន្ថែម​នៅ​រដូវ​ប្រមូល​ផល​នេះ​។

សេចក្តី​ប្រកាស​នេះ​បន្ថែមថា ទុន​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បាន​ចាប់ពី​ថ្ងៃទី​ ៩ ខែធ្នូ​នេះ​តទៅ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ និង​ប្រមូល​ទិញស្រូវ​ពី​កសិករ ដើម្បី​ស្តុកទុក កែច្នៃ និង​នាំចេញ​។ សេចក្តី​ប្រកាស​នេះ​បន្តថា​៖ «​សូម​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នកប្រមូល​ទិញ​បន្ត​ទិញស្រូវ​ក្នុង​តម្លៃ​សមស្រប​សម្រាប់​ស្តុក​ទុក​ធ្វើជា​វត្ថុ​ធានា​បំណុល ដើម្បី​ទទួលបាន​ឥណទាន​ស្របតាម​លក្ខខណ្ឌ​របស់ RDB»​។

លោក កៅ ថាច អគ្គនាយក​ធនាគារ RDB បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បញ្ហា​កង្វះ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​មាន​ចន្លោះ​ពី​ ២០០ ទៅ ២៥០ លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ធនាគារពាណិជ្ជកម្ម​នានា ជួយ​ផ្តល់​កម្ចី​បន្ថែម​ដល់​វិស័យ​ស្រូវ​អង្ករ​»​។

CRF សង្ឃឹមថា​ឥណទាន ៥០ លាន​ដុល្លារ​នេះ​ នឹង​ជួយ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​សហគមន៍​កសិកម្ម ជាពិសេស​សមាជិក CRF ដើម្បី​បន្ត​ប្រមូល​ទិញស្រូវ​ពី​កសិករ​នៅ​រដូវ​ប្រមូលផល​នេះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

សេចក្តី​ប្រកាស​នេះ​ឲ្យ​ដឹង​ទៀតថា​៖ «​វា​នឹង​ជួយ​រក្សា​លំនឹង​ទីផ្សារ​ស្រូវ​របស់​ប្រជាកសិករ និង​បង្កើន​តម្រូវការ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ សហគមន៍​កសិកម្ម​ក្នុងការ​ទិញស្រូវ​បន្ថែម ដើម្បី​ស្តុក​ទុក​សម្រាប់​កិន កែច្នៃ និង​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​»​។

លោក លន់ យ៉េង អគ្គលេខាធិការ CRF ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃអាទិត្យ​ថា សមាជិក​របស់ CRF មួយចំនួន​បាន​តៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​ស្នើសុំ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជបបទ ដើម្បី​ទិញស្រូវ​ស្តុក​ទុក​។ លោក​បន្ថែមថា បច្ចុប្បន្ន​សមាជិក​រោង​ម៉ាស៊ីន​កិនស្រូវ​របស់ CRF ចំនួន ៤៤ ក្នុង​ចំណោម​រោង​ម៉ាស៊ីន​ជាង ១០០ នៅ​មាន​លទ្ធភាព​ទិញស្រូវ​ស្តុក​ទុក​ឃ្លាំង​បន្ថែម​។

លោក​បន្ថែមថា​ទំហំ​កម្ចី ៥០ លាន​ដុល្លារ​នេះ​របស់ RDB នឹង​អាចជួយ​ទិញស្រូវ​ពី​កសិករ​បាន​ប្រមាណ ៣០ ម៉ឺន​តោន​ដែល​វា​ជា​ទុន​សំខាន់​សម្រាប់​វិស័យ​ឯកជន​បង្វិល​ទិញស្រូវ​នៅ​រដូវ​ច្រូតកាត់​នេះ​រហូត​ដល់​រដូវ​ច្រូតកាត់​នៅ​ដើមឆ្នាំ​ ២០២០​។

លោក​បន្ថែមថា​៖ «​ទុន​នេះ​នឹង​អាច​ជួយ​ដោះស្រាយ​បន្ទាន់​ដល់​វិស័យ​ឯកជន​ដែល​ចង់​ទិញស្រូវ​ថែម​ស្របពេល​ពួកគេ​ជួប​បញ្ហា​កង្វះ​ទុន​បង្វិល​»​។

សេចក្តី​ប្រកាស​ព័ត៌មាន CRF បាន​អំពាវនាវ​ដល់​សមាជិក​របស់ខ្លួន​ឲ្យ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ RDB ដើម្បី​ទទួល​បាន​ឥណទាន​នេះ​។

កម្ពុជា​នាំចេញ​អង្ករ​បាន​ ៥១៤ ១៤៩ តោន​ ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ៣,៤ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន ៤៩៧ ២៤០ តោន​៕ LA