ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា (CFMA) ក្នុង​គោលបំណង​បញ្ចេញ​ប្រាក់កម្ចី​ដែល​ខ្លួន​បានដាក់​ចេញ​ចំនួន​ ៥០ លាន​ដុល្លារ​សម្រាប់​ផ្តល់​ឲ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​ការពង្រីក​អាជីវកម្ម និង​ផលិតកម្ម​របស់​ពួកគេ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ចន្ទ​លោក កៅ ថាច អគ្គនាយក​ធនាគារ ARDB បាន​ឲ្យ​ដឹងថា មូលនិធិ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ការនាំចេញ​របស់​កម្ពុជា និង​កាត់បន្ថយ​ការនាំ​ចូល ខណៈ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​គ្រប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ​មូលនិធិ​នេះ​អាច​ផ្តល់​ឲ្យ ៥០០ SME នៅ​កម្ពុជា​ដើម្បី​ធ្វើការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។

មូលនិធិ​នេះ​មានបំណង​ក្នុង​ការបង្កើន​ចង្វាក់​ផលិត និង​ដើម្បី​រក្សា​ភាពប្រកួតប្រជែង​នៅក្នុង​វិស័យ SME ស្របពេល​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ និង​ការបាត់បង់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​សហភាព​អឺរ៉ុប​។ ​នេះ​បើ​យោងតាម ARDB​។

ARDB បាន​ឲ្យ​ដឹងថា SME អាច​ខ្ចីប្រាក់​បាន​រហូត​ដល់ ៣០០ ០០០ ដុល្លារ ជាមួយ​នឹង​អត្រា​ការប្រាក់ ៦ ភាគរយ​សម្រាប់​ទុនបង្វិល និង​ ៦,៥ ភាគរយ​សម្រាប់​ទុនវិនិយោគ​ក្នុង​ ១ ​ឆ្នាំ​។

តំណាង​មកពី​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​លោក មៀវ សុខទ្រី បាន​ឲ្យ​ដឹងថា លោក​នឹង​ជំរុញ​ឲ្យ​សមាជិក​របស់​សមាគម​ដាក់ពាក្យ​ស្នើសុំ​ខ្ចីប្រាក់​ពី ARDB​។ លោក​ថ្លែងថា​៖ «CFMA ពិតជា​សារៈសំខាន់​ណាស់​ក្នុង​ការសហការ​ជាមួយ ARDB ដែល​នឹង​ផ្តល់​អត្រា​ការប្រាក់​ទាប​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ប្រសិន​បើ​សមាជិក​របស់ខ្ញុំ​ចង់​ធ្វើការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ខ្ញុំ​នឹង​ផ្តល់យោបល់​ឲ្យ​មក​ខ្ចី​ពី​ ARDB»​។

ទោះបី​ជា​បែបនេះ​ក្តី​រហូត​មក​ដល់​ពេលនេះ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការស្នើសុំ​កម្ចី​ពី ARDB បន្ទាប់ពី​ធនាគារ​នេះ​បាន​បញ្ចេញ​មូលនិធិ ៥០ លាន​ដុល្លារ​សម្រាប់​វិស័យ​កសិឧស្សាហកម្ម​ពី​សប្តាហ៍​មុន​។ នេះ​បើតាម​លោក កៅ ថាច អគ្គនាយក​ ARDB​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​មិនទាន់​​នរណាម្នាក់​ស្នើសុំ​កម្ចី​នោះទេ​។ ពួកគេ​កំពុង​រង់ចាំ​មើល​ពី​ស្ថានភាព ថា​តើ​វា​នឹង​ប្រសើរឡើង​នៅពេលណា​? បញ្ហា​នេះហើយ​ដែល​ពួកគេ​មិនទាន់​ហ៊ាន​ខ្ចីប្រាក់​ពី​យើង​»​។

កាលពី​សប្តាហ៍​មុន ARDB ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​សមាគម​អ្នកវិនិយោគ​កម្ពុជា​ផងដែរ​។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បង្ហាញ​ថា កាលពី​ឆ្នាំ​មុន សហគ្រាស​ខ្នាតតូច និង​មធ្យម​មាន​ចំនួន ៥២ ១៥៤ សហគ្រាស​ដែល​មាន​បង្កើត​ការងារ​បាន ៨២៤ ២៤៥ នាក់​៕