ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃសុក្រនេះ បានប្រកាសចាក់បញ្ចូលទុនបន្ថែម ៥០ លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនបទ ហើយបន្ថែមមុខងារធនាគារនេះ ជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលបន្ថែមពីមុខងារស្នូលជាគ្រឹះស្ថានផ្តល់កម្ចី។
រាជរដ្ឋាភិបាលក៏បានសម្រេចប្តូរនាមករណ៍របស់ធនាគារនេះទៅជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មវិញក្នុងបំណងជំរុញឲ្យប្រតិបត្តការធនាគារនេះកាន់តែមានសមត្ថភាពរឹងមាំ។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី ១៨ នាថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានលើកឡើងថា ក្នុងបំណងជំរុញឲ្យធនាគារអភិវដ្ឍន៍ជនបទកាន់តែមានសមត្ថភាពរឹងមាំ ហើយមានលទ្ធភាពផ្តល់ហិរញ្ញប្បទាន និងសេវាកម្មពេញលេញ ប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍កសិកម្មនិងសេដ្ឋកិច្ចជនបទ លោកបានសម្រេចប្រែក្លាយ ធនាគារអភិវឌ្ឍន៍ជនបទ ឲ្យទៅជា ធនាគាអភិវឌ្ឍន៍ជនបទ និង កសិកម្ម ដែលបំពេញមុខងារជាធនាគារពាណិជ្ជផង និង ធនាគារគោលនយោបាយផង។
លោកថ្លែងថា៖ «ក្រុមកាងារដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងសិក្សានិងរៀបចំកិច្ចការនេះ រួមមានទាំងការរៀបចំទស្សនៈទាន និងគំរូធុរកិច្ច គម្រោងផែនការវិនិយោគ និងផែនការអាជីវកម្មរយៈពេលមធ្យម ព្រមទាំងត្រៀមអនុវត្តនូវបណ្តាលក្ខ័ណ្ឌនានា តាមបទបញ្ញត្តិច្បាប់តម្រូវ»។
លោកបន្តថា៖ «ដើម្បីគោលដៅនេះខ្ញុំបានសម្រេចបន្ថែមទុន ៥០ លានដុល្លារដល់ធនាការអភិវឌ្ឍន៍ជនបទ»។
យោងតាមរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា គិតមកត្រឹមដំណាច់ឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទមានទ្រព្យសកម្មសរុប ១៦០ លានដុល្លារ។
ធនាគារអភិវឌ្ឍន៍ជនបទ ទទួលបានប្រាក់ចំណេញសុទ្ធពីប្រតិបត្តិការនៅឆ្នាំ ២០១៧ ចំនួន ៦៣,៦ ម៉ឺនដុល្លារ៕