ភ្នំពេញៈ ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកឈានមុខគេ និងធនាគារឯកទេសវីង សម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និងការទូទាត់ជាផ្លូវការក្នុងការពង្រីកសេវាកាន់តែទូលំទូលាយទូទាំងប្រទេសឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាពសម្រាប់អតិថិជនរបស់ធនាគារទាំង ២ ព្រមទាំងសាធារណជន។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅការិយាល័យកណ្ដាលធនាគារអេស៊ីលីដានៅទីក្រុងភ្នំពេញកាលពីថ្ងៃពុធរវាងប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អិន ចាន់នី និងលោក Manu Rajan អគ្គនាយកធនាគារ វីង។
លោក អ៊ិន ចាន់នី បានឲ្យដឹងថា បច្ចុប្បន្នធនាគាររបស់លោកមានបណ្ដាញម៉ាស៊ីនអេធីអឹមឈានមុខគេ ៦២៧ គ្រឿង ទូទាំងប្រទេសកម្ពុជា និងមានម៉ាស៊ីនឆូតកាតអេស៊ីលីដាជាង ៤ ២៨៩ គ្រឿង។ ជាមួយគ្នានេះដែរ ខណៈធនាគារអេស៊ីលីដាក៏ជាធនាគារឌីជីថលដែលមានបណ្ដាញដ៏ទូលំទូលាយនៃជម្រើសដែលរួមទាំងអេស៊ីលីដាទាន់ចិត្តអាចឲ្យអតិថិជនទាំងអស់ដំណើរប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនផងដេរ។
លោកបន្តថា គិតមកដល់ថ្ងៃនេះអេស៊ីលីដាទាន់ចិត្តគឺជាសេវាធនាគារចល័តឈានមុខគេនៅក្នុងប្រទេស កម្ពុជា ដែលមានអ្នកប្រើប្រាស់ ១ ២២៦ ៣៨៣ នាក់ បានចុះបញ្ជីជាលក្ខណៈបុគ្គល និង ៣០ ៩៨៩ ចុះបញ្ជីជាដៃគូសាជីវកម្ម។
លោកបានបញ្ជាក់ថា៖ «សាជីវកម្មជំរុញធនាគារទាំង ២ នេះឲ្យមានបណ្ដាញប្រតិបត្តិការកាន់តែទូលំទូលាយចំនួន ៤៣ ៤៧៦ កន្លែងដែលគ្របដណ្ដប់ទូទាំងប្រទេសដែលជួយសម្រួលដល់សេវាផ្ទេរប្រាក់ និងទូទាត់របស់អតិថិជនយ៉ាងទូលំទូលាយ រហ័ស ងាយស្រួល និងសុវត្ថិភាព»។
លោកបានថ្លែងថា៖ «អត្ថប្រយោជន៍របស់វាគឺមានច្រើន ហើយវាក៏គាំទ្រដល់កំណើនរបស់អតិថិជនផងដែរ ខណៈវាកាត់បន្ថយហានិភ័យ និងការចំណាយ។ ពេលនេះអតិថិជន ដែលមានគណនីជាមួយអេស៊ីលីដាអាចធ្វើការទូទាត់កម្ចីជាថ្មី និងការដកសាច់ប្រាក់/ប្រាក់បញ្ញើនៅក្នុងបណ្ដាញប្រតិបត្តិការរបស់ធនាគារទាំង ២ ទូទាំងប្រទេសបាន»។
លោក Manu Rajan អគ្គនាយកធនាគារ វីង បានឲ្យដឹងថា ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកធនាគារវីងបានធានាថា ប្រជាជនកម្ពុជារាប់លាននាក់ទទួលបានភាពងាយស្រួល និងសន្ដិសុខ បើនិយាយអំពីសេវាហិរញ្ញវត្ថុចល័ត តាមរយៈការបង្កើតបណ្ដាញថ្នាក់ពិភពលោកនៃទីភ្នាក់ងារ Wing Cash Express Agents ជាឆ្អឹងខ្នងរបស់ខ្លួន។
លោកបានបន្តថា បច្ចុប្បន្នដោយមានការទុកចិត្តរបស់អតិថិជនជាង ៥ លាននាក់ ដែលភាគច្រើនក្នុងចំណោមអ្នកទាំងនោះមិនមានគណនីក្នុងធនាគារបានជួយឲ្យវីងក្នុងការគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដោយការជួយសម្រួលប្រតិបត្តិការមានតម្លៃជិតដល់ ៨០ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះតាមរយៈប្រតិបត្តិការជាង ១៣០ នាទីគ្រាន់តែកាលពីឆ្នាំមុន។
លោកបញ្ជាក់ថា ជាមួយនឹងភាពជាដៃគូនេះអតិថិជនរបស់ធនាគារអេស៊ីលីដា នៅពេលនេះនឹងអាចធ្វើការទូទាត់កម្ចីរបស់ពួកគេតាមរយៈ Wing Cash Express Agents ជាង ៧ ៣០០ កន្លែង ហើយពួកគេក៏អាចផ្ទេរប្រាក់ភ្លាមៗពីគណនីវីងទៅគណនីអេស៊ីលីដាផងដែរ។
លោក Manu ថ្លែងថា៖ «នៅពេលនេះអតិថិជនរបស់ធនាគារអេស៊ីលីដា នឹងមានសិទ្ធិទទួលបាន និងផលិតផល និងសេវារបស់ធនាគារវីងផងដែរ។ ពួកគេអាចផ្ទេរប្រាក់ដោយរលូនរវាងគណនីអេស៊ីលីដា និងគណនីវីង៕LA