ភ្នំពេញៈ ធនាគារអេស៊ីលីដាមានបំណងលក់មូលបត្រដែលបានបោះផ្សាយលើផ្សារមូលបត្រកម្ពុជា (CSX) ឲ្យបាន ១០០ ភាគរយ នៅត្រីមាសទី ១ ឬត្រឹមដើមខែមេសាទៅដល់វិនិយោគិនបុគ្គលជាជាងវិនិយោគិនស្ថាប័ន។
ការអះអាងបែបនេះត្រូវបានធ្វើឡើងដោយលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាដែលបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងសិក្ខាសាលាស្ដីពីការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) កាលពីថ្ងៃពុធ។ លោកបន្តថា ចាប់តាំងពីធនាគារនេះទទួលបានកំណើនជាមួយអតិថិជនរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកអេស៊ីលីដាចង់ចែករំលែកកំណើននេះនៅក្នុងទីផ្សារមូលធនដល់អតិថិជនផងដែរ។
លោកពន្យល់ថា វិនិយោគិនស្ថាប័នមានលក្ខណសម្បត្តិគ្រប់គ្រាន់រួចហើយ ក្នុងការទិញមូលបត្រជាងវិនិយោគិនបុគ្គលដែលមានការពិបាក ដោយសារតែពួកគេមិនបានដឹងច្រើនអំពីផ្សារហ៊ុន។ លោកបន្តថា៖ «យើងកំពុងព្យាយាមផ្សព្វផ្សាយព័ត៌មាននេះឲ្យដល់សាធារណជនកាន់តែច្រើន ទោះបីជាផ្សារមូលបត្រកម្ពុជារបស់យើងបានប្រតិបត្តិការចាប់តាំងពីឆ្នាំ ២០១២ មកក៏ដោយ ប៉ុន្តែវាមិនបានទៅដល់ប្រជាជនយ៉ាងទូលំទូលាយនោះទេ»។
លោកបានឲ្យដឹងថា ទន្ទឹមនឹងនេះសម្រាប់ក្រុមហ៊ុនចុះបញ្ជីលើកមុនលើផ្សារហ៊ុននេះភាគច្រើនផ្ដោតលើវិនិយោគិនស្ថាប័នជាជាងវិនិយោគិនបុគ្គល មូលបត្រធនាគារអេស៊ីលីដានឹងកំណត់ទិសដៅវិនិយោគិនបុគ្គលជាជាងវិនិយោគិនស្ថាប័ន។ លោកបញ្ជាក់ថា៖ «ដូច្នេះនេះមានន័យថា ទាំងវិនិយោគិនបុគ្គល និងវិនិយោគិនស្ថាប័នក៏អាចក្លាយជាភាគទុនិករបស់ធនាគារអេស៊ីលីដាបានដែរ»។
លោកថ្លែងថា៖ «យើងមិនបំបែកប៉ុន្មានភាគរយនៃមូលបត្រដែលចេញរបស់យើង សម្រាប់ស្ថាប័ន ឬបុគ្គលនោះទេ។ ការផ្ដោតជាសំខាន់របស់យើងលើវិនិយោគិនបុគ្គល។ និយាយតាមត្រង់ វាមិនពិបាកសម្រាប់យើងក្នុងការលក់មូលបត្រឲ្យវិនិយោគិនស្ថាប័ននោះទេ ប៉ុន្តែគោលបំណងរបស់យើងនឹងលក់ឲ្យប្រជាជនរបស់យើងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
លោក សុផាន ភក្ដី ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយដែលបានចូលរួមនៅក្នុងសិក្ខាសាលាស្ដីពី IPO នេះនៅការិយាល័យកណ្ដាលរបស់ធនាគារអេស៊ីលីដាបានឲ្យដឹងថា លោកមានចំណាប់អារម្មណ៍ខ្លាំងលើការចេញមូលបត្ររបស់ធនាគារនេះ ដោយសារតែវាឈានមុខគេមួយ និងរកបានប្រាក់ចំណូលច្រើនក្នុង ១ ឆ្នាំ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានបទពិសោធជាមួយផ្សារហ៊ុនរួចហើយ ដោយសារតែខ្ញុំបានវិនិយោគរួចហើយលើក្រុមហ៊ុនចុះបញ្ជី ប៉ុន្តែខ្ញុំគិតថា មូលបត្ររបស់ធនាគារអេស៊ីលីដាមានសក្ដានុពលខ្លាំងជាងមូលបត្រផ្សេងទៀត»។
លោក Tomas ជាជនជាតិកម្ពុជាសញ្ជាតិបារាំងជាវិនិយោគិនផ្សេងទៀត ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះបានឲ្យដឹងថា លោកបានដឹងច្រើនអំពីធនាគារនេះ ហើយវាជាពេលវេលាដ៏ល្អមួយសម្រាប់វិនិយោគិនបុគ្គល ដូចជារូបលោកក្នុងការវិនិយោគលើធនាគារនេះ។
លោកបន្តថា៖ «ខ្ញុំសម្លឹងមើលការវិនិយោគជាមួយធនាគារនេះ ដោយសារតែខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការវិនិយោគនោះ ដោយសារតែវាអាចក្លាយជាភាគទុនិកម្នាក់របស់ធនាគារនេះ នៅពេលអនាគត។ អ្នកមើលឃើញធនាគារនេះមានសាខាច្រើន គ្រប់កន្លែងនៅក្នុងប្រទេសនេះដែលបញ្ជាក់ថា ធនាគារនេះមានតួនាទីហិរញ្ញវត្ថុល្អ និងរឹងមាំនៅក្នុងទីផ្សារនេះ ដូច្នេះខ្ញុំមិនបារម្ភក្នុងការវិនិយោគនោះទេ ដោយសារតែជាការវិនិយោគរយៈពេលវែងរបស់ខ្ញុំ»។
យោងតាមលោក អ៊ិន ចាន់នី ធនាគារអេស៊ីលីដាមានបទពិសោធជាង ២៧ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុចាប់តាំងពីការចាប់ផ្ដើមដំបូងរបស់ខ្លួនជាអង្គការមិនមែនរដ្ឋាភិបាលមួយកាលពីឆ្នាំ ១៩៩៣ ជាមួយនឹងទុនវិនិយោគ ៦០០ ០០០ ដុល្លារប៉ុណ្ណោះ។
បច្ចុប្បន្នទុនរបស់ធនាគារនេះបានកើនឡើង ៧០០ ដង ខណៈទ្រព្យសកម្មសរុបមានចំនួនប្រហែល ៦ ពាន់លានដុល្លារដែលជាការកើនឡើងជាង ៩០០០ ដង ហើយប្រាក់ចំណេញសុទ្ធបានកើនឡើងជិត ២០០០ ដង៕LA