ភ្នំពេញៈ ធនាគារ​អេស៊ីលីដា​គ្រោង​នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (​រ៉ូដសូ​) រយៈពេល​ ២ ​ថ្ងៃ ដើម្បី​ឲ្យ​ក្រុម​វិនិយោគិន​សាធារណៈ​យល់ដឹង​កាន់តែ​ច្រើន​អំពី​ប្រតិបត្តិការ​អាជីវកម្ម ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​នេះ​មុន​ពេល​ពួកគេ​សម្រេចចិត្ត​ទិញ​ភាគហ៊ុន​របស់​អេស៊ីលីដា​។

សេចក្ដី​ប្រកាស​ដែល​បាន​ធ្វើ​ឡើង​ ១ ​ថ្ងៃ​បន្ទាប់ពី​ធនាគារ​នេះ​ទទួល​បាន​ការយល់ព្រម​ជាគោលការណ៍​លើ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) កាលពី​ថ្ងៃ​អង្គារ​។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី កា្លយ​ជា​ធនាគារពាណិជ្ជ​ទី​ ១ ​នៅ​កម្ពុជា​ក្នុងការ​ចុះបញ្ជី​បោះផ្សាយ​លក់​មូលត្រ​កម្មសិទិ្ធ​លើកដំបូង​ជា​សាធារណៈ​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX)​។ ធនាគារ​នេះ​គ្រោង​នឹង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ថ្មី​ចំនួន ៨ ៧៥១ ៣៩១ ភាគហ៊ុន និង​ភាគហ៊ុន​ដែលមាន​ស្រាប់​រហូតដល់ ១៣ ១២៧ ០៨៦ ​ភាគហ៊ុន​ដល់​សាធារណជន​។

លោក​ អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ឲ្យ​ដឹងថា អេស៊ីលីដា​នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​រយៈពេល​ ២ ​លើក​នៅ​ទីស្នាក់ការ​កណ្ដាល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅ​ថ្ងៃទី​ ៣ ខែ​មីនា និង​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ​ ២០២០ ដែល​នឹងមាន​បទបង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ប្រតិបត្តិការ​អាជីវកម្ម និង​ហិរញ្ញវត្ថុ​របស់​ធនាគារ​នេះ និង​ពេលវេលា​រំពឹងទុក​នៃ IPO ព្រមទាំង​គោលការណ៍​ណែនាំ​វិនិយោគិន​ស្ដីពី​របៀប​ក្នុង​ការទិញ​ភាគហ៊ុន​របស់​ធនាគារ​នេះ​ក្នុង​អំឡុងពេល IPO ។

លោក​ថ្លែងថា​៖ «​ប្រាក់​ដែល​បានមកពី IPO នឹងត្រូវ​យកទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ឌីជីថល​របស់​ធនាគារ​នេះ​ព្រមទាំង​សម្រាប់​គោលបំណង​សាជីវកម្ម​ទូទៅ​របស់​ធនាគារ​។ យើង​រីករាយ​ក្នុង​ការអញ្ជើញ វិនិយោគិន​សាធារណៈ​ទាំងអស់​វិនិយោគ​លើ IPO របស់​ធនាគារ​អេស៊ីលីដា​»​។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យន់តា ស៊ីឃ្យូរីធី (​ខេមបូឌា) ភីអិលស៊ី ដែល​រៀបចំ​គម្រោង IPO របស់​ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា អ្វី​ដែល​ធ្វើ​ឲ្យ IPO របស់​ធនាគារ​អេស៊ីលីដា​មាន​លក្ខណៈពិសេស និង​ខុសប្លែក​ពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​មុនៗ​គឺ​ធនាគារ​មិនមាន​លៃ​បម្រុង​ទុក​ភាគហ៊ុន​សម្រាប់​វិនិយោគិន និង​ស្ថាប័ន​ដែលមាន​សក្ដានុពល​នោះទេ​។ រាល់​ភាគហ៊ុន​ដែល​នឹង​បោះផ្សាយ​លក់​ទាំងអស់​នឹង​ត្រូវ​លក់​ជូន​វិនិយោគិន និង​សាធារណជន​។

លោក​លើកឡើងថា​៖ «IPO របស់​ធនាគារ​អេស៊ីលីដា នឹង​ត្រូវ​បានចាត់ទុក​ថា ជា «​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជូន​ប្រជាជន​» ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន រូបវន្តបុគ្គល និង​សាធារណជន​ទូទៅ​ឲ្យ​ចូលរួម​ក្នុងការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​នេះ​ទៅ​តាម​សមត្ថភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​។ យើង​បាន​ធ្វើការ​ជាមួយ​ធនាគារ ដើម្បី​បង្កើត​វិធីសាស្ដ្រ​បែងចែក​ភាគហ៊ុន ដែល​ផ្ដល់​អាទិភាព​ដល់​វិនិយោគិន​រូបវន្តបុគ្គល​ដែល​ទិញ​ភាគហ៊ុន​ចំនួន ១០០០ ​ភាគហ៊ុន ឬ​តិចជាង​នេះ​។ ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ គឺជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​រូបវន្តបុគ្គល ដើម្បី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​ដែល​គួរ​ឲ្យ​ទុកចិត្ត និង​មាន​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

បន្ទាប់ពី​ការយល់ព្រម​ជាគោលការណ៍​របស់ SECC ធនាគារ​នេះ​អាច​ចាប់ផ្ដើម​ដំណើរការ​ប៊ុកបៀលឌីង​ជា​ផ្លូវការ​របស់ខ្លួន និង​អញ្ជើញ​វិនិយោគិន និង​សាធារណជន​ទាំងអស់​ចូលរួម​កំណត់​ថ្លៃ​ភាគហ៊ុន​នៅក្នុង​រវាង​ចន្លោះ​ថ្លៃ​ចាប់ពី ១៥ ០០០ ​រៀល​ដល់ ១៧ ៤០០ ​រៀល​ក្នុង​ ១ ​ភាគហ៊ុន​។ នេះ​បើតាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​នេះ​។

ថ្លៃ​ភាគហ៊ុន​ចុងក្រោយ​នឹងត្រូវ​កំណត់​ទៅតាម​ការកំណត់​ថ្លៃ​ដែល​វិនិយោគិន​បានដាក់​នៅក្នុង​ដំណើរការ​ប៊ុកបៀលឌីង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២០​។ បន្ទាប់ពី​ប៊ុកបៀលឌីង វិនិយោគិន និង​សាធារណជន​ទាំងអស់​នឹង​ត្រូវ​អញ្ជើញ​មក​ចូលរួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​លើ​ថ្លៃ​ភាគហ៊ុន​ចុងក្រោយ​ចាប់ពី​ថ្ងៃទី​ ២៣ ខែមីនា ដល់​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ​ ២០២០​។

លោក អ៊ិន ចាន់នី បាន​ថ្លែងថា​៖ «​ដើម្បី​ចូលរួម​ក្នុងដំណាក់កាល​ប៊ុកបៀលឌីង និង​ដំណាក់កាល​បរិវិសកម្ម វិនិយោគិន​ត្រូវមាន​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​គណនី​ជួញដូរ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ​ណាមួយ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​»​។

លោក​បន្តថា​៖ «​ធនាគារ​រំពឹងថា នឹង​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ត្រឹម​ចុងខែ​មេសា ឆ្នាំ​ ២០២០ ​នេះ​។ ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ទី​ ១ ដែល​នឹងត្រូវ​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ធនាគារ​អេស៊ីលីដា​នឹង​បម្រើ​ជា​ធនាគារ​គំរូ​មួយ​សម្រាប់​ធនាគារ​ផ្សេងទៀត​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​កំពុង​ស្វែងរក​ការប្រមូល​ទុន​តាមរយៈ​ការប្រើប្រាស់​ទីផ្សារ​មូលធន​កម្ពុជា​»៕LA