ភ្នំពេញៈ ធនាគារ អេស៊ីលីដា ដែល​គ្រោង​ចុះបញ្ជី​នឹង​ធ្វើ​រ៉ូដសូ ភាគហ៊ុន​រយៈពេល​ ៣​ ​ថ្ងៃ ដើម្បី​ផ្ដល់ព័ត៌មាន​បន្ថែម​អំពី​ធនាគារ​នេះ​ដល់​សាធារណជន និង​ក្រុម​វិនិយោគិន​ដែល​ចង់​ទិញ​ភាគហ៊ុន​របស់​ពួកគេ ខណៈ​ធនាគារ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ឡើង​ផ្សារហ៊ុន​នៅពេល​ណាមួយ​នៅ​ចុង​ត្រីមាស​ទី​ ៤ ឬ​ដើម​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​។

អេស៊ីលីដា​ជា​ធនាគារពាណិជ្ជកម្ម​ដំបូង​គេ​ដែល​បាន​ទទួល​ការយល់ព្រម​ជាគោលការណ៍​លើ​ការពិនិត្យ​លទ្ធភាព​ចុះបញ្ជី​មូលបត្រ​ពី​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បន្ទាប់ពី​ធនាគារ​នេះ​ទទួល​បាន​លិខិត​ផ្លូវការ​មួយ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា​។

លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាន និង​ជា​ប្រធាន​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ធនាគារ​នេះ​នឹង​ធ្វើ​រ៉ូដសូ​រយៈពេល​ ៣ ​ថ្ងៃ​នៅ​ថ្ងៃទី​ ១០ ទី​ ១៥ និង​ទី​ ១៨ ខែ​មករា ដើម្បី​ផ្ដល់ព័ត៌មាន​បន្ថែម​ដល់​ក្រុម​វិនិយោគិន​។

លោកស្រី​ថ្លែង​ថា​៖ «​រាល់​ក្រុម​វិនិយោគិន​ទាំងអស់​អាច​ចូលរួម​នៅក្នុង​ការធ្វើ​រ៉ូដសូ​នេះ ដូច្នេះ​ពួកគេ​នឹង​ទទួល​បាន​ព័ត៌មាន​បន្ថែម និង​អាច​សួរ​ពួកយើង​នូវ​សំណួរ​នានា​មុន​ពេល​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការទិញ​មូលបត្រ​របស់​យើង​។ នេះ​ជា​ឱកាស​ដ៏ល្អ​ដែល​យើង​អាច​ជួប​ជាមួយ​សាធារណជន និង​ក្រុម​វិនិយោគិន​»​។ លោកស្រី​បញ្ជាក់ថា​៖ «​វា​ជា​ពេលវេលា​ដ៏ល្អ​មួយ​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​ការត្រៀមខ្លួន ដើម្បី​ធានា​ថា ពួកគេ​ទទួល​បានការ​កំណត់​អត្តសញ្ញាណ​វិនិយោគិន ប្រសិនបើ​ពួកគេ​ចង់​ទិញ​ភាគហ៊ុន​របស់​យើង​»​។

លោកស្រី ប៊ុនសីហា ឲ្យ​ដឹងថា បន្ទាប់ពី​ការធ្វើ​រ៉ូដសូ​រយៈពេល​ ៣ ​ថ្ងៃ​ធនាគារ​នេះ​នឹង​រៀបចំ​ធ្វើការ​ស្ទាបស្ទង់​តម្លៃ​ជា​សាធារណៈ នៅពេល​ទទួល​បាន​ការយល់​ព្រម​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC)​។ លោកស្រី​ឲ្យ​ដឹងថា​៖ «​យើង​សង្ឃឹម​ថា​នឹង​ទទួលបាន​ការយល់ព្រម​ពី SECC នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ ដោយសារ​យើង​បាន​ដាក់​ជូន​ឯកសារ​ដែល​ចាំបាច់​រួចហើយ​។ បន្ទាប់ពីនោះ​យើង​នឹង​ចុះបញ្ជី​នៅ CSX នៅ​ចុង​ត្រីមាស​ទី​ ១ ឬ​ដើម​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​»​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា SECC នឹង​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ ដើម្បី​ត្រួតពិនិត្យ​ការដាក់​ពាក្យសុំ​របស់​ធនាគារ​អេស៊ីលីដា​។

IPO ធនាគារ​អេស៊ីលីដា​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ជា « IPO របស់​ប្រជាជន​» ដែល​លើក​ទឹកចិត្ត​ដល់​ក្រុម​វិនិយោគិន​លក់រាយ និង​សាធារណជន​ទូទៅ​ឲ្យ​ចូលរួម​នៅក្នុង IPO តាម​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។

លោក Han Kyung Tae នាយក​គ្រប់គ្រង​ក្រុមហ៊ុន Yuanta Securities (Cambodia) Plc ដែល​នឹង​គ្រប់គ្រង​គម្រោង IPO សម្រាប់​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹងថា វត្តមាន​របស់​ធនាគារ​នេះ​នឹង​ផ្ដល់​ផល​វិជ្ជមាន​លើ​ផ្សារហ៊ុន ខណៈ​ដែល​ធនាគារ​នេះ​គឺជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មាន​ភាព​រីករាយ​ក្នុងការ​ធ្វើជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏ធំ​បែប​នោះ​ក្នុង​នាម​ជាទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​តែមួយគត់​។ ទំហំ​ជួញដូរ​ដែល​បាន​ជំរុញ និង​ការកើនឡើង​ចំនួន​ក្រុម​វិនិយោគិន​បណ្ដាល​មកពី IPO របស់​ធនាគារ​អេស៊ីលីដា ពិតណាស់​នឹង​ផ្លាស់ប្តូរ​សម្ទុះ​ផ្សារហ៊ុន​នេះ និង​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នូវ​ទីផ្សារ​មូលធន​កម្ពុជា ដើម្បី​ឈានដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​»​។

លោក​បន្តថា មូលធនីយកម្ម​ទីផ្សារ​សរុប​របស់ CSX អាច​កើនឡើង​ ៣ ​ដង​ដោយសារតែ IPO របស់ ACLEDA Bank Plc ។

SECC កាលពី​ឆ្នាំ​ ២០១៩ ឲ្យ​ដឹងថា មូលធនីយកម្ម​ទីផ្សារ​បាន​កើនឡើង​ ១៥៧ ​ភាគរយ​ ដល់​ ៨០០,៣៩ លាន​ដុល្លារ​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ៥ ​ចេញ​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៣ ​ចេញ​មូលបត្រ​បំណុល​ដែល​បាន​ប្រមូល​មូលនិធិ​សរុប​រហូត​ដល់​ ១៥១ ​លាន​ដុល្លារ​។ ចំនួន​ក្រុម​វិនិយោគិន​បាន​កើនឡើង​ដល់​ ២២ ៣៣៨ នាក់​ក្នុង​នោះ​ ១៧ ​ភាគរយ​ ជា​ជនបរទេស​។ ទំហំ​ជួញដូរ​ជា​មធ្យម​មាន​ចំនួន ១ ៧៥០ ៥០២ ​ភាគហ៊ុន​ ក្នុង​ ១ ​ខែ​ ស្មើនឹង​ ៤២២១ ៤៩០ ដុល្លារ ​ក្នុង​ ១ ​ខែ​៕LA