ធនាគារ​ឯកទេស​ វីង (​ខេមបូឌា​) លីមីតធីត និង​ធនាគារ កាណាឌីយ៉ា បាន​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏រឹងមាំ​មួយទៀត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដើម្បី​ធានា​ថា​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​នឹង​បាន​ទៅ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​ដោយ​ភាពងាយស្រួល​។

ក្រុមហ៊ុន​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ តាមរយៈ​ការប្រើប្រាស់​បណ្តាញ​របស់​ពួកគេ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែងថា​៖ «​នៅពេល​ភាព​ជា​ដៃគូ​នេះ​ត្រូវ​អនុម័ត​ពី​រដ្ឋាភិបាល​នោះ​អតិថិជន​ធនាគារ កាណាឌីយ៉ា​ទាំងអស់​នឹង​អាច​ប្រើប្រាស់​ភ្នាក់ងារ​វីង​ជិត​ ៨០០០ ​កន្លែង ​ដើម្បី​ធ្វើការ​ទូទាត់​សង​ប្រាក់កម្ចី​ដល់​ធនាគារ​កាណាឌីយ៉ា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-payment) »​។

ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។

«​និយាយ​ម្យ៉ាងទៀត​គឺ​វា​ដូច​មាន​បណ្តាញ​ម៉ាស៊ីន ATM មនុស្ស ជិត ៨០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​ដែល​អតិថិជន​របស់​ធនាគារ​កាណាឌីយ៉ា​អាច​ចាប់ផ្តើម​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​របស់​ពួកគេ ហើយ​ក៏​អាច​ទទួល​បាន​សក្តានុពល​នៃ​ប្រព័ន្ធ​អេកូហិរញ្ញវត្ថុ​ជាមួយ​ពាណិជ្ជករ​ជាង​ ៤ ​ម៉ឺន​ដែល​ទទួល Wingpay សម្រាប់​ការទិញ​ទំនិញ​របស់​ពួកគេ​ផងដែរ​»​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយមាន​វត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​អ្នក​ឧកញ្ញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត និង​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កាណាឌីយ៉ា ភ្ញៀវកិត្តិយស និង​គណគ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទាំងពីរ​។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា​គណនី​អេឡិកត្រូនិកសកម្ម (e-wallet) មាន​ចំនួន​ ៥,២ ​លាន​គណនី និង​មាន​ប្រតិបត្តិការ​សរុប​ចំនួន​ ៥៨ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំមុន​។

សម្រាប់​អតិថិជន​កាណាឌីយ៉ា​ទាំងអស់​ក្រៅពី​អាច​ប្រើប្រាស់​សេវា​តាមរយៈ​សាខា​ទាំង​ ៦១ ​របស់​ធនាគារ​ទៅ​ទូទាំង​ប្រទេស​ ហើយ​អតិថិជន​ក៏​អាចមាន​ជម្រើស​ក្នុង​ការប្រើប្រាស់​សេវា​រហ័ស​របស់​ភ្នាក់ងារ​ វីង​ជិត ៨០០០ ​កន្លែង​ក្នុង​ការធ្វើ​ប្រតិបត្តិការ ផ្ទេរប្រាក់ និង​សេវា​ទូទាត់​ឥណទាន​ផងដែរ​។

វីង​មាន​អ្នកប្រើប្រាស់​ជិត​ ១០ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ និង​បាន​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​សកម្ម តាមរយៈ​ការជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ដែលមាន​តម្លៃ​ជិត​ ៩០ ​ភាគរយ​នៃ​តម្លៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៩​។

លោក Manu មានប្រសាសន៍​ថា​ក្រោម​ភាពជា​ដៃគូ​រវាង​ធនាគារ​ឯកទេស​វីង និង​ធនាគារ​កាណាឌីយ៉ា​នឹង​ស្វែងរក​ឱកាស​ថ្មីៗ ដើម្បី​ធានា​ថា​ប្រជាជន​កម្ពុជា​គ្រប់រូប​ទទួល​បាន​ភាព​ងាយស្រួល និង​សុវត្ថិភាព នៅពេល​ពួកគេ​ទទួល​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ធ្វើឱ្យ​កម្រិត​ជីវភាព​រស់នៅ​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង​៕