
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានចាប់ផ្តើមដំណើរការជាផ្លូវការនូវ«ប្រព័ន្ធផាត់ទាត់ជាតិ» កាលពីម្សិលមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រសិទ្ធភាព និងពង្រីកសេវាផាត់ទាត់ និងទូទាត់ សម្រាប់ការផ្ទេរប្រាក់រវាងធនាគារ។ នេះបើយោងតាមអគ្គនាយកធនាគារជាតិនៃកម្ពុជា។
ធនាគារិក និងអ្នកសេដ្ឋកិច្ចបានសាទរចំពោះការចាប់ផ្តើមនេះដោយថ្លែងថាវានឹងធ្វើឲ្យនីតិវិធីសេវាផាត់ទាត់ និងទូទាត់កាន់តែល្អប្រសើររវាងធនាគារពាណិជ្ជកម្មនៃប្រទេសកម្ពុជា។
លោកស្រីងួន សុខា អគ្គនាយកធនាគារជាតិកម្ពុជាបានថ្លែងថាប្រព័ន្ធនេះនឹងធ្វើឲ្យប្រព័ន្ធផាត់ទាត់និងទូទាត់របស់កម្ពុជាកាន់តែល្អប្រសើរឡើងដូច្នេះវាកាន់តែលឿនក៏ដូចជាបង្កើនប្រតិបតិ្តការពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិកនិងកាត់បន្ថយការប្រើប្រាស់ចំនួនសាច់ប្រាក់ច្រើន។
លោកស្រីបានគូសបញ្ជាក់ថា៖
«គោលដៅរបស់យើងគឺដើម្បីរៀបចំប្រព័ន្ធដែលកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ក្នុងសេដ្ឋកិច្ច។នៅពេលយើងគ្មានប្រព័ន្ធយើងប្រើសាច់ប្រាក់ច្រើនពីមនុស្សម្នាក់ទៅម្នាក់ទៀត ចាប់ពីពេលនេះតទៅ ជាមួយនឹងប្រព័ន្ធថ្មីយើងអាចផ្ទេរប្រាក់ចំនួនច្រើនយ៉ាងឆាប់រហ័សនិងប្រកបដោយសុវតិ្ថភាព»។
លោកស្រីបន្តថា៖ «ពីមុនប្រព័ន្ធផាត់ទាត់ប្រើសម្រាប់តែមូលប្បទានបត្រទេ។ ប៉ុន្តែ ឥឡូវនេះ យើងមានជម្រើសថ្មី ដែលនឹងប្រើផងដែរសម្រាប់ការផ្ទេរឥណទាន និងឥណពន្ធ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ក្នុងរយៈពេល១ថ្ងៃ។ នេះក៏នឹងជួយសម្រួលប្រតិបតិ្តការរវាងធនាគារបានយ៉ាងរលូន»។
ធនាគារជាតិនៃកម្ពុជាបានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីរៀបចំប្រព័ន្ធនេះ ដោយមានជំនួយរដ្ឋាភិបាល និងបចេ្ចកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីម្សិលមិញ។
លោក Ki-Sung Jangប្រធាននាយកប្រតិបតិ្តនិងជាប្រធានធនាគារ Kookmin នៅកម្ពុជាបានថ្លែងថា ធនាគារជាតិកម្ពុជាបានផ្តួចផ្តើមប្រព័ន្ធផាត់ទាត់កាន់តែជឿនលឿនចំពេលសម្រាប់វិស័យនេះព្រោះវិស័យធនាគារនៅកម្ពុជា ពិសេសចំនួនប្រាក់បង់ដោយប្រើមូលប្បទានបត្រកំពុងកើនឡើងយ៉ាងខ្លាំងដែលត្រូវការពេលវេលានិងកម្លាំងពលកម្មថែមទៀត ដើម្បីទូទាត់មូលប្បទានបត្រ។ លោកបានបញ្ជាក់ថា៖ «ការមានប្រព័ន្ធផាត់ទាត់ជាតិថ្មីនេះគឺជានិមិត្តសញ្ញា និងជំហានមូលដ្ឋានដើម្បីអភិវឌ្ឍប្រព័ន្ធបង់ប្រាក់ជាតិទាំងមូលដែលស្រដៀងនឹងប្រទេសអភិវឌ្ឍដទៃទៀតនៅក្នុងតំបន់។ វាអាចធ្វើឲ្យអតិថិជនកម្ពុជាទទួលបានសេវាកម្មកាន់តែរហ័ស និងជឿនលឿននៅថ្ងៃអនាគត។សកម្មភាពសេដ្ឋកិច្ចនឹងត្រូវបានពន្លឿន ដោយសារតែប្រព័ន្ធអេឡិចត្រូនិកនេះ»។
លោក Hiroshi Suzuki ប្រធាននាយកប្រតិបតិ្ត និងជាប្រធានអ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាបានថ្លែងថាការផាត់ទាត់លឿន និងរលូនជាមូលដ្ឋាននៃប្រសិទ្ធភាពក្នុងវិស័យធនាគារ។
លោកលើកឡើងថា៖ «ប្រព័ន្ធដែលដាក់ឲ្យអនុវត្តដោយធនាគារជាតិកម្ពុជានឹងបង្កើតបរិយាសប្រកបដោយប្រសិទ្ធភាព និងចំណាយតិចថែមទៀតដល់ធនាគារពាណិជ្ជនៅកម្ពុជា។
លោកបានបន្ថែមទៀតថា៖ «ការកែលម្អបែបនេះមានសារៈសំខាន់ដើម្បីបង្កើតវិស័យធនាគារដែលមានប្រសិទ្ធភាព និងរឹងមាំ។ ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជាមានឱកាសល្អដើម្បីដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះកាន់តែងាយស្រួលព្រោះពួកគេអាចរៀនសូត្របទពិសោធពីប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសជប៉ុន»។
ទិន្នន័យរបស់ធនាគារជាតិកម្ពុជាបានបង្ហាញថានៅចុងខែមិថុនា ឆ្នាំ២០១២ធនាគារពាណិជ្ជទាំង៣២ នៅកម្ពុជាបានផ្តល់ប្រាក់កម្ចីសរុប ៤,៩២ ពាន់លានដុល្លារកើនឡើងពីចំនួន ៣,៧៥ ពាន់លានដុល្លារដែលបានផ្តល់នៅចុងខែមិថុនា ឆ្នាំ២០១១ ពោលគឺកើនឡើង ៣១,២ភាគរយ៕TK