ភ្នំពេញៈ ធនាគារ Bangkok Bank (BBL) ជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេនៅក្នុង ប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការធនាគាររបស់ខ្លួននៅកម្ពុជានៅឆ្នាំនេះ បន្ទាប់ពីការអវត្តមានរយៈពេលជាង ១៣ឆ្នាំ។
ធនាគារនេះនឹងក្លាយជាធនាគារ ទី៣ របស់ ថៃ និងជាធនាគារ ទី៤៥ ក្នុងឧស្សាហកម្មធនាគារដ៏ចង្អៀតរបស់កម្ពុជា។
BBL បានកាត់បន្ថយប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា កាលពីចុង ឆ្នាំ២០០៨ មុនពេលការបិទការិយាល័យរបស់ខ្លួន ហើយដកខ្លួនចេញទាំងស្រុងកាលពីចុង ឆ្នាំ២០០០ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានគ្រោងបង្កើនទុនបម្រុងកាតព្វកិច្ច ៥ ដងចាប់ពី ១០ ០០០ ពាន់លានរៀលដល់ ៥០ ០០០ ពាន់លានរៀលដែលបានចូលជាធរមានកាលពី ឆ្នាំ២០០០។
អគ្គនាយកធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានអះអាងថា NBC បានផ្ដល់ភ្លើងខៀវដល់ពួកគេរួចហើយចាប់តាំងពីពួកគេបានបិទទ្វារកាលពី ឆ្នាំ២០០០ ទាក់ទងនឹងការបង្កើនទុនបម្រុងកាតព្វកិច្ច។ លោកស្រីបន្តថា៖ «ធនាគារ Bangkok បានទទួលការយល់ព្រមជាគោលការណ៍ពី NBC ហើយ»។
លោកស្រី Jiranan Wongmongkol ប្រធានការិយាល័យលើកកម្ពស់ពាណិជ្ជកម្មបរទេសរបស់ស្ថានទូតថៃប្រចាំ ទីក្រុងភ្នំពេញ ថ្លែងថា ធនាគារនេះបានទទួលការយល់ព្រមជាគោលការណ៍ពីធនាគារកណ្ដាល (NBC) កាលពី ខែសីហា ហើយគ្រោងនឹងបើកដំណើរការឡើងវិញនៅ ខែធ្នូ។ លោកស្រីបញ្ជាក់កាលពី ខែសីហា មុនថា ធនាគារនេះបាននាំយកវិនិយោគិនមានសក្ដានុពលជាង ៧០ នាក់មកពី ថៃ និងបណ្ដាប្រទេសផ្សេងទៀតដើម្បីមកទស្សនាកម្ពុជា។ លោកស្រីបន្តថា៖ «បន្ទាប់ពីធនាគារនេះឃ្លាំមើលពីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៅក្នុង ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមក ពួកគេបានសម្រេចចិត្តត្រឡប់មកចាប់យកអត្ថប្រយោជន៍នេះ»។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា វាគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគេ។ ធនាគារនេះនឹងធ្វើជាអ្នកប្រឹក្សាយោបល់របស់វិនិយោគិនដើម្បីកសាងទំនុកចិត្តកាន់តែច្រើនដោយសារតែអតិថិជនរបស់ពួកគេវិនិយោគនៅទីនេះ»។
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា ស្វាគមន៍ដល់អ្នករកស៊ីថ្មីនៅក្នុងឧស្សាហកម្មនេះ ប៉ុន្តែព្រមានថា ឧស្សាហកម្មនេះគឺមានច្រើនពេក។
លោកបន្តថា៖ «នៅពេលនេះទីផ្សារក្លាយជាចង្អៀតដែលយើងមានធនាគារចំនួន ៤៤ រួចហើយ។ បើយើងធៀបជាមួយនឹងប្រទេសជិតខាងផ្សេងទៀត យើងមានច្រើនណាស់»។ លោកបញ្ជាក់ថា៖ «ពួកគេជាអ្នកចំណូលថ្មី ពួកគេត្រូវតែផ្ដល់ផលិតផល និងសេវាកម្មតែមួយគត់»។
តួលេខពី NBC បង្ហាញថា ប្រាក់កម្ចីកើនឡើង ២៨ ភាគរយគិតមកត្រឹម ខែមិថុនា ដល់ប្រហែល ៩,៥ ពាន់លានដុល្លារអាមេរិកធៀបត្រឹម ខែធ្នូ ខណៈប្រាក់បញ្ញើសរុបបានកើនឡើង ១៥ ភាគរយដល់ ៨,៧ ពាន់លានដុល្លារ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកាលពី ឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ចបានកើនឡើង ៧,៤ ភាគរយ ហើយរំពឹងថា នឹងកើនឡើងជាង ៧ ភាគរយនៅឆ្នាំនេះ ខណៈ GDP ក្នុងមនុស្សម្នាក់ៗកើនឡើងពី ៧៦០ ដុល្លារអាមេរិកកាលពីឆ្នាំ២០០៨ ដល់ ១ ០៤៣ ដុល្លារកាលពី ឆ្នាំ២០១៣ ជាមួយនឹងការព្យាករ ១ ១៣០ ដុល្លារនៅ ឆ្នាំ២០១៤ ហើយអត្រាក្រីក្របានធ្លាក់ចុះមកនៅត្រឹម ១៩ ភាគរយកាលពី ឆ្នាំ២០១៣៕