ភ្នំពេញៈ ជាមួយសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងមកធនាគារប្រៃសណីយ៍កម្ពុជា ដែលទើបតែដំណើរការរយៈពេលបីខែ បានបង្ហាញនូវសន្ទុះនៃការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុនៅ កម្ពុជា។
ធនាគារប្រៃសណីយ៍កម្ពុជាដែលជាការវិនិយោគរួមគ្នានូវទឹកប្រាក់ ៣៨ លានដុល្លាររវាង ធនាគារ កាណាឌីយ៉ា ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារ Fullerton Financial Holdings ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិនិយោគ Temasek Holdings របស់ សិង្ហបុរី បានដាក់ដំណើរការប្រតិបត្តិការរបស់ខ្លួនកាលពីខែ កញ្ញា។ ធនាគារថ្មីនេះកំពុងសហការជាមួយប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដើម្បីក្លាយជាបណ្តាញធនាគារដែលធំជាងគេនៅកម្ពុជា។
លោក ទូច ចៅចេក នាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា ប្រាប់ឲ្យដឹងថា៖ «ដំណាក់កាលដំបូងយើងសហការជាមួយប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជាតែក្នុងបណ្តាញប្រតិបត្តិការទេ។ នៅរង្វង់បីឆ្នាំទៀតយើងនឹងអាចចាប់ផ្តើមសហការផ្នែកផលិតផល និងសេវាកម្ម»។
លោកបន្ថែមថា៖ «អតិថិជនគោលដៅរបស់យើងគឺមហាជន។ យើងផ្តោតលើការផ្តល់កម្ចីសម្រាប់ការបង្កើត និងពង្រីកអាជីវកម្ម ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម»។
រហូតមកដល់ពេលនេះ ធនាគារប្រៃសណីយ៍កម្ពុជាមានសាខាចំនួន ១១ នៅទូទាំងប្រទេស ដែលស្រូបអតិថិជនបានជាង ២០០០ នាក់ហើយ។ ធនាគារទទួលបានប្រាក់បញ្ញើប្រមាណ ១០ លានដុល្លារនិងបានផ្តល់ប្រាក់កម្ចីជាង ២០ លានដុល្លារ។ ដោយមានគោលដៅអតិថិជនជាទីផ្សារមហាជនធនាគារប្រៃសណីយ៍កម្ពុជាត្រូវបានគេមើលឃើញថា កំពុងបម្រើ សេវាកម្មស្រដៀងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរ ដែលបង្កើតជាការប្រកួតប្រជែងដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមានស្រាប់។
លោក ស៊ីម សេនាជាតិ អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិ ប្រាសាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ប្រតិបត្តិករថ្មីក្នុងទីផ្សារមានន័យថា កម្រិតប្រកួតប្រជែងក្នុងវិស័យនេះកាន់តែខ្លាំង។
លោកបន្តថា៖ «តិចឬច្រើនគឺមានហើយការប្រកួតប្រជែង។ សម្រាប់យើងធនាគារថ្មីនេះអាចជាគូប្រជែងសំខាន់មួយ។ ទោះជាយ៉ាងណាយើងមិនមានការបារម្ភខ្លាំងទេ ព្រោះទីផ្សារកម្ពុជា នៅធំនៅឡើយហើយ ប្រាសាក់ ក៏បានសាងបណ្តាញច្រើនមកហើយ ក្នុងប្រតិបត្តិការ ១៨ ឆ្នាំមកនេះ»។
ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា លោក អ៊ិន ចាន់នី យល់ថា ការមានស្ថាប័នហិរញ្ញវត្ថុច្រើននៅទីផ្សារដែលបង្កើតជាការប្រកួតប្រជែងនោះជារឿងល្អ។
លោកថា៖ «ទីផ្សារនៅកម្ពុជានៅធំស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើនមានន័យថា អតិថិជនមានជ្រើសរើសកាន់តែច្រើន ដូច្នេះ វាផ្តល់ផលល្អទេ»។
ទិន្នន័យពីធនាគារជាតិបង្ហាញថា មកដល់ពេលនេះកម្ពុជាមានធនាគារពាណិជ្ជ ៣៤ ធនាគារឯកទេស ៧ និងគ្រឹះស្ថានហរិញ្ញវត្ថុ ៣៧៕