
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាដោយរក្សាកំណើន ៧,២ ភាគរយ។
ធនាគារអភិវឌ្ឍន៍អាស៊ីមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងការកែប្រែចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៣ ចេញផ្សាយកាលពីម្សិលមិញ ដែលជាការកែប្រែឡើងវិញនៃចក្ខុវិស័យចេញផ្សាយកាលពី ៦ខែ កន្លងមកថា៖ «រហូតមកដល់ឆ្នាំនេះ វិស័យជាច្រើនត្រូវបានធ្វើដូចបានព្យាករកាលពីខែមេសា»។ នៅក្នុងឆ្នាំ ២០១៤ កំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករថា នឹងកើនឡើងដល់ ៧,៥ ភាគរយ ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារសំខាន់របស់កម្ពុជា។
លោក Eric Sidgwick នាយកប្រចាំប្រទេសរបស់ ADB នៅកម្ពុជាបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពី ម្សិលមិញថា៖ «សេដ្ឋកិច្ចរបស់កម្ពុជាត្រូវគេព្យាករថា នឹងនៅតែមានជោគជ័យក្នុងរយៈពេលពីរឆ្នាំបន្ទាប់ទៀត ដែលឆ្លុះបញ្ចាំងពីការកែទម្រង់ជាបន្តបន្ទាប់ និងការងើបឡើងវិញនៅក្នុងទីផ្សារពិភពលោកដូចធម្មតា»។
ចក្ខុ វិស័យរបស់ ADB ផ្ទុយគ្នានឹងការលើកឡើងជាច្រើនរបស់អ្នកវិភាគ និងមន្ដ្រីអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារអស្ថិរភាព ក្រោយការបោះឆ្នោត។
លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានលើកឡើងកាលពីខែសីហា ថា ការធ្វើបាតុកម្មរបស់បក្សប្រឆាំងជំទាស់នឹងលទ្ធផលបោះឆ្នោតអាច បង្អាក់កំណើន។
ការសិក្សានាពេលថ្មីៗនេះធ្វើឡើងដោយ ក្រុមហ៊ុនស្រាវជ្រាវឥណ្ឌូឆាយណា បង្ហាញថា ទំនុកចិត្តក្នុងចំណោមអ្នកដឹកនាំពាណិជ្ជកម្មបរទេសនៅកម្ពុជា បានធ្លាក់ចុះប្រហែល ៥០ ភាគរយក្នុងរយៈពេលតានតឹងក្រោយការបោះឆ្នោត។
លោក Hiroshi Suzuki អគ្គនាយក និងជាប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្ម នៅកម្ពុជាបាននិយាយកាលពីម្សិលមិញថា៖ «ខ្ញុំយល់ព្រមជាមួយនឹងអ្នកវិភាគរបស់ ADB ស្ដីពីដំណើរការសេដ្ឋកិច្ចកម្ពុជា និងអត្រាកំណើនដែលបានព្យាករ។ ទាក់ទងនឹងផលប៉ះពាល់ពីស្ថានការណ៍នយោបាយ វាមានការពិបាកក្នុងការព្យាករពីផលប៉ះពាល់លើដំណើរការសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះ»។
លោកបានបញ្ជាក់ថា៖ «ក្បាលម៉ាស៊ីន ៤ របស់សេដ្ឋកិច្ចកម្ពុជាគឺស្ថិតក្នុងស្ថានភាពល្អទាំងអស់មាន ដូចជា ការនាំចេញ សំណង់ ទេសចរណ៍ និងកសិកម្ម»។
យោងតាម ចក្ខុវិស័យរបស់ ADB ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅអាមេរិក និងសហភាពអឺរ៉ុបបានកើនឡើងដល់ ២,៣ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងបើធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើង ១១,៣ ភាគរយ។ រីឯ ការនាំចេញអង្ករកើនឡើងទេ្វដងដល់ ១២២ លានដុល្លារ ខណៈការអនុម័តគម្រោងសាងសង់មានសរុប ១,៩ ពាន់លានដុល្លារ។
ដោយឡែក វិស័យទេសចរណ៍បានកើនឡើង ១៩,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាចំនួន ២,១ លាននាក់ ចាប់ពីខែមករា ដល់ ខែមិថុនា។
ការព្យាកររបស់ ADB ពីវិស័យសេវាកម្មទាំងមូលនឹងកើនប្រហែល ៧ ភាគរយនៅក្នុងឆ្នាំនេះ។ កំណើនយឺតដោយមិននឹកស្មានដល់នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ កំពុងកាត់បន្ថយក្នុងការព្យាករពីដំណើរការសេដ្ឋកិច្ចនៅ តំបន់អាស៊ីអាគ្នេយ៍។ សេដ្ឋកិច្ចសមាជិកទាំង ១០ របស់សមាគមអាស៊ានត្រូវបានគេព្យាករថានឹងកើនឡើងត្រឹម ៤,៩ ភាគរយ នៅឆ្នាំនេះពោល គឺទាបជាងការព្យាករកាលពីឆ្នាំ ២០១២។
លោក Suzuki បាននិយាយថា៖ «មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនសម្រាប់ភាពខុសគ្នាជា មួយនឹងប្រទេសផ្សេងទៀតគឺថា អាមេរិក និងសហភាពអឺរ៉ុបគឺជាទិសដៅនាំចេញសំខាន់សម្រាប់កម្ពុជា។ កម្ពុជានឹងមិនមានផលប៉ះពាល់ដោយការបន្ថយល្បឿនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងរីកចម្រើនដូចជា ប្រទេសចិន និងឥណ្ឌា នោះទេ»៕PB