ភ្នំពេញៈ ធនាគារពាណិជ្ជ​ ជីប​​​ម៉ុង ដែល​ទើប​បង្កើត​ថ្មី​បាន​​​ចាប់​​ផ្តើម​ដំណើរការ​ផ្តល់​កម្ចី​​ជា​លើក​​ដំបូង​កាល​ពី​ម្សិលមិញ​ដោយ​​​ផ្តោត​លើ​កម្ចី​ទិញ​ផ្ទះ​ ដោយ​​សន្យា​ថា​ នឹង​ផ្តល់​កម្ចី​​​ទិញ​​ផ្ទះ​ក្នុង​អត្រា​ការ​ប្រាក់់​ទាប​ជាង​​ទីផ្សារ​ និង​​ផ្តល់​លក្ខខណ្ឌ​ងាយ​​ស្រួល ​សម្រាប់​រាល់​​អ្នក​ទិញ​​ផ្ទះ​​ពី​ក្រុមហ៊ុន​បងប្អូន​របស់​​ខ្លួន​គឺ​ ជីប​ម៉ុង ​លែន​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ ជីប​ម៉ុង​ លែន និង​ធនាគារ​ពាណិជ្ជ​ ជីប​​ម៉ុង ​ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ក្រុមហ៊ុន​មេ​គឺ​ ជីប​ម៉ុង គ្រុប ​កាល​ពី​ម្សិលមិញ​បាន​​​សម្រេច​កិច្ច​ព្រមព្រៀង​ភាព​​​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ក្នុង​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ផ្តល់​ប្រាក់​កម្ចី ​និង​អត្រា​ការ​ប្រាក់​ទាប។

លោក វង្ស​ សុខាល ​អនុ​ប្រធាន​ជាន់​ខ្ពស់​ធនាគារ​ ជីប​ម៉ុង​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ បន្ទាប់​ពី​ធនាគារ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មករា ធនាគារ​នេះ​បាន​ទទួល​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សរុប​ជាង ៤ ០០០​ នាក់​ ដោយ​មាន​ប្រាក់​បញ្ញើ​សរុប​ជាង​ ២ លាន​ដុល្លារ​។

លោក​​បាន​​​បន្ត​ថា វា​ជា​ពេល​​ដ៏​ស័ក្ដិសម​នា​ពេល​នេះ​ ដែល​ធនាគារ​ចាប់​ផ្តើមផ្តោត​លើ​ការ​ផ្តល់​កម្ចី​ ហើយ​ការ​សហការ​​ជា​មួយ​ ជីប​ម៉ុង ​លែន គឺ​ជា​វិធី​សាស្រ្ត​ល្អ។

លោក​ថ្លែង​ថា​៖ «​តាម​រយៈ​កិច្ច​សហការ​នេះ​ អ្នក​ទិញ​ផ្ទះ​អាច​ទទួល​​​កម្ចី​ពី​យើង​បាន​​តាំង​ពី​ដំណាក់​កាល​ទិញ​ដំបូង​ដោយ​​គ្រាន់​តែ​មាន​លិខិត​ទិញ​-លក់ ហើយ​អត្រា​ការ​ប្រាក់​គឺ​ ១០ ​ភាគរយ​ [ប្រចាំ​ឆ្នាំ]»។ លោក​បន្ត​ថា​៖​ «​​បន្ទាប់​មក​​​ពេល​ដែល​ពួក​គាត់​មាន​ប្លង់​បំបែក​ក្បាល​ដី ហើយ​​​បង្វែរ​ប្លង់​ហ្នឹង​ទៅ​​ជា​លិខិត​កម្មសិទ្ធិ​ដែល​ជា​​ប្លង់​​រឹង ​អត្រា​ការ​ប្រាក់​នឹង​ប្តូរ​មក​នៅ​ត្រឹម​ ៧,៧ ​ភាគរយ​វិញ»​។ ​

សម្រាប់​អ្នក​ទិញ​ដែល​ចាប់​ផ្តើម​ដោយ​មាន​ប្លង់រឹង​ស្រាប់​ជា​វត្ថុ​ធានា ​ធនាគារ​ ជីប​ម៉ុង នឹង​ផ្តល់​កម្ចី​ដោយ​មាន​អត្រា​ការ​ប្រាក់​ ៣,៩៩​ ភាគរយ​ក្នុង ​១ ​ឆ្នាំ​​សម្រាប់​ឆ្នាំ​ដំបូង និង​ ៧,៧ ភាគរយ​ចាប់​ពី​ឆ្នាំ​ទី២ ​ត​ទៅ។ ​

លោក ​លាង ​ហេនរី ​អគ្គ​នាយក​​ក្រុមហ៊ុន ​ជីបម៉ុង​ លែន​ បាន​​លើក​ឡើង​ថា​​ ការ​ផ្តល់​កម្ចី​ដែល​​មាន​លក្ខខណ្ឌ​ពិសេស​ពី ​ធនាគារ ​ជីប​ម៉ុង ​សម្រាប់​អចលន​ទ្រព្យ​ពី​ជីប​ម៉ុង​លែន​ នឹង​អនុវត្ត​គ្រប់​គម្រោង​ទាំង​អស់​ និង​​មាន​សុពលភាព​សម្រាប់​គម្រោង​​ក្រោយ​ៗ​របស់ ​ជីប​ម៉ុង​ លែន​ផង​ដែរ។ ​

លោក​​បាន​​ថ្លែង​ថា​៖ ​«​តាមរយៈ​​កិច្ច​​សហការ​ជា​មួយ​ធនាគារ ​ជីប​ម៉ុង​ នៅ​ថ្ងៃ​នេះ ខ្ញុំ​ជឿជាក់​ថា​​យើង​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​យើង​ ព្រោះ​​ពួក​គាត់​នឹង​មាន​ភាព​ងាយ​​ស្រួល​​ក្នុង​ការ​ទទួល​កម្ចី ​និង​​មាន​​អត្រា​ការ​ប្រាក់​ពិសេស​ពី​​ធនាគារ»៕