​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ បាន​ពង្រីក​ទីតាំង​សាខា​របស់ខ្លួន​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ តាមរយៈ​ការបើក​ដំណើរការ សាខា​សែន​សុខ ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​​ ៤ ផ្លូវ​១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ការបើក​ដំណើរការ​សាខា​សែន​សុខ​នេះ ជាការ​បោះ​ជំ​ហ៊ាន​ពង្រីក​វិសាលភាព​របស់​ធនាគារ ដើម្បី​ផ្ដល់នូវ​សេវាកម្ម​បម្រើ​ជូន​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ស្របទៅតាម​កំណើន​នៃ​តម្រូវ ការ​ផ្នែក​សេវាកម្ម​ធនាគារ ហើយ​នេះ​ក៏​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ដើម្បី​ក្លាយជា ​«​ដៃគូ​ហិរញ្ញវត្ថុ​ដែល​​គួរឱ្យ​ទុកចិត្ត​បំផុត​» នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម ប្រឹក្សាភិបាល​នៃ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាន​មានប្រសាសន៍ថា ការបើក​ដំណើរការ​សាខា​សែន​សុខ​នេះ គឺជា​ការបោះ​ជំ​ហ៊ាន​យ៉ាង សំខាន់​សម្រាប់​ធនាគារ ដើម្បី​បញ្ជាក់​​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ធនាគារ ក្នុងការ​ចូលរួមចំណែក​ដល់​ការ​លើកកម្ពស់ និង​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ក្នុងប្រទេស ក៏ដូចជា​ការ​ផ្តល់ជូន​នូវបទពិសោធន៍​ធនាគារ​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​ផងដែរ ស្របទៅនឹង​បាវចនា​ប្រតិបត្តិការ​របស់​យើង​គឺ​«​អតិថិជន​ជាចម្បង​» ដែល​ធានាថា​អតិថិជន​ទទួលបាន​សេវាកម្ម​កាន់តែ​ប្រសើរ​ពី​ធនាគារ​។​

​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខា​សែន​សុខ ផ្ដល់ជូន​នូវ​គ្រប់​ប្រភេទ​សេវាកម្ម​ធនាគារ សម្រាប់​បំពេញ​តម្រូវ​ការ​អតិថិជន​គ្រប់​ប្រភេទ រួមមាន​សេវាកម្ម​ធនាគារ​ប្រចាំថ្ងៃ​សម្រាប់​បុគ្គល អាជីវកម្ម និង​សាជីវកម្ម​។ លើសពីនេះទៅទៀត បន្ទប់​សេវា​ធនាគារ​អាទិភាព (Premier Lounge) របស់​សាខា​សែន​សុខ ផ្តល់ជូន​នូវ​បរិយាកាស​ល្អ​បំផុត​ជាមួយនឹង​ការ​រចនា​ផ្នែក​ខាងក្នុង​ដ៏​លេចធ្លោ រួមទាំង​ប្រធាន​ផ្នែក​ទំនាក់-ទំនង​​ដែលមាន​បទពិសោធន៍ និង​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្ដល់ជូន​នូវ​បទពិសោធន៍​សេវាកម្ម​ពិសេស​ជូន​សមាជិក Premier របស់ខ្លួន​។​

​ការ​រចនា​ផ្នែក​ខាងក្រៅ និង​ខាង​ក្នុង​របស់​សាខា​សែន​សុខ​នេះ បាន​រួម​​បញ្ចូល​ទាំង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ជាមួយវប្បធម៌​របស់​ប្រទេស​ជប៉ុន ដែល​ក្នុងនោះ​មាន​រំលេច​នូវ​ក្បាច់​ផ្កាចន្ទន៍ និង​អត្តសញ្ញាណ​របស់​ធនាគា​រ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បី​តំណាង​ឲ្យ​ភាព​រីកចម្រើន និង​និរន្តរភាព​របស់​ធនាគារ និង​អតិថិជន​របស់ខ្លួន​។​

​លោក Toru Myochin អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាន​មានប្រសាសន៍ថា​៖«​ការបើក​ដំណើរការ​នៃ​សាខា​សែន​សុខ ជា​សក្ខីភាព​នៃ​ទំនុកចិត្ត​របស់​ធនាគា​រ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើទោះបីជា​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​នាពេល​ថ្មីៗនេះ​ក៏ដោយ​។ ធនាគារ​បានរៀបចំ​ផែនការ​បន្ត​អាជីវកម្ម​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​សុវត្ថិភាព​ខ្ពស់ ដើម្បី​ធានាបាន​នូវ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម ដោយ​រក្សាបាន​នូវ​វិធានការ​ប្រុងប្រយ័ត្ន និង​អនាម័យ​ខ្ពស់ សម្រាប់​គ្រប់​សេវាកម្ម និង​ប្រតិបត្តិការ​របស់​ខ្លួន សមស្រប​តាម​គោលការណ៍​ណែនាំ​ពី​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​សុខភាព ដែល​អាច​កើតឡើង​ពី​ការរីក​រាលដាល​នៃ​កូ​វីដ១៩ ពីព្រោះ​សុវត្ថិភាព និង​សុខុមាលភាព​របស់​អតិថិជន និង​បុគ្គលិក គឺជា​អាទិភាព​ចម្បង​របស់​យើង​»។

​អំពី​ធនាគារ

​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd., ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group ដែលជា​ក្រុមហ៊ុន ធំ​បំផុត​មួយ​នៅ​កម្ពុជា​។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជា​ធនាគារ​បរទេស​ធំ​ជាង​គេ​បំផុត​មួយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ជូន​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បុគ្គលិក​ច្រើនជាង៥០០​នាក់​ជាមួយ​សាខា​ចំនួន ១៥​៕