
ធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត បានការយល់ព្រមពីការច្របាច់បញ្ចូលគ្នា ដើម្បីកា្លយជាធនាគារឈានមុខគេមួយទាក់ទងនឹងបណ្ដាញ និងទ្រព្យសកម្មនៅកម្ពុជា។ សហការី
ភ្នំពេញៈ ធនាគារហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតបានទទួលការអនុម័តជាផ្លូវការពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រាប់ការរួមបញ្ចូលគ្នាដើម្បីកា្លយជាធនាគារឈានមុខគេមួយទាក់ទងនឹងបណ្ដាញ និងទ្រព្យសកម្មនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារនេះបានឲ្យដឹងថា ជាមួយនឹងការរួមបញ្ចូលគ្នានេះនឹងធ្វើឲ្យធនាគារហ្វីលីពមានសាខាសរុប ៨៩ ទូទាំងប្រទេស កម្ពុជា (សាខាក្រេឌីត ៨៣ កន្លែង សាខាធនាគារហ្វីលីព ៦ កន្លែង)។
ការច្របាច់បញ្ចូលគ្នានេះនឹងដំណើរការក្រោមឈ្មោះ ធនាគារហ្វីលីព ភីអិលស៊ី និងមានបុគ្គលិកបម្រើការងាររួមជាង ២ ០០០ នាក់ ហើយថ្នាក់គ្រប់គ្រងរបស់ធនាគារហ្វីលីពបានប្ដេជ្ញាថា ទាំងបុគ្គលិកធនាគារហ្វីលីព និងក្រេឌីតនឹងត្រូវរក្សានៅដដែលបន្ទាប់ពីការរួមបញ្ចូលគ្នានេះ។
លោក Ong Teong Hoon ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិកនៃធនាគារហ្វីលីពថ្លែងថា៖ «យើងពិតជារីករាយណាស់ក្នុងការទទួលបានលិខិតអនុម័តចុងក្រោយលើការរួមបញ្ចូលគ្នាដែលមានដំណើរអស់រយៈពេលជាច្រើនខែមកហើយ»។
លោកបានបន្តថា៖ «តំណាងឲ្យម្ចាស់ភាគហ៊ុន និងបុគ្គលិកទាំងអស់នៃធនាគារហ្វីលីព ខ្ញុំសូមសម្ដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មចំពោះការគាំទ្រស្ថាប័នទាំង ២ លើរាល់ដំណាក់កាលនៃការរួមបញ្ចូលគ្នាដ៏សំខាន់នេះ ស្របពេលដែលវិស័យធនាគារក្នុងស្រុកកំពុងមានការប្រកួតប្រជែងខ្ពស់»។
ក្រុមហ៊ុន PhillipCapital របស់ប្រទេស សិង្ហបុរី ដែលជាស្ថាប័នផ្ដល់សេវាហិរញ្ញវត្ថុចម្រុះដែលមានប្រតិបត្តិការក្នុង ១៥ ប្រទេសទូទាំងពិភពលោក និងមានទ្រព្យសម្បត្តិសរុប ៣៥ ពាន់លានដុល្លារអាមេរិក ជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុនច្របាច់បញ្ចូលគ្នានេះ។
លោក Lim Hua Min ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថ្លែងថា៖ «យើងពិតជាមានសេចក្ដីរំភើបក្រៃលែងក្នុងការរួមបញ្ចូលគ្រឹះស្ថានមីក្រូហិញ្ញវត្ថុក្រេឌីត ដែលមានបណ្ដាញសេវាដ៏រឹងមាំនៅប្រទេសកម្ពុជាជាមួយនឹងចំណេះដឹង និងការអនុវត្តលំដាប់អន្តរជាតិដ៏ល្អបំផុតរបស់ធនាគារហ្វីលីព ដើម្បីបង្កើតបានជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលនឹងបម្រើដល់តម្រូវការផ្នែកហិរញ្ញវត្ថុដែលកំពុងវិវត្ដយ៉ាងឆាប់រហ័សនៅកម្ពុជាជាមួយនឹងផលិតផលធនាគារ និងការធានារ៉ាប់រងដ៏ល្អបំផុតជាមួយនឹងការប្ដេជ្ញាចិត្តជាចម្បងលើការផ្ដល់សេវាកម្មជូនអតិថិជន»។
ការរួមបញ្ចូលគ្នានេះមានន័យថា អតិថិជនរបស់ក្រេឌីតនឹងអាចប្រើប្រាស់រាល់សេវាកម្មបែបទំនើបរបស់ធនាគារហ្វីលីពដូចជាសេវាបញ្ញើសន្សំ សេវាប្រាក់កម្ចី សេវាធនាគារចល័ត ព្រមទាំងសេវាធនាគារអនឡាញដែលនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែកអតិថិជនរបស់ធនាគារហ្វីលីពនឹងអាចប្រើប្រាស់ម៉ាស៊ីនដក/ដាក់ប្រាក់របស់ក្រេឌីត ទូទាំងប្រទេសដោយមិនមានការគិតថ្លៃសេវាបន្ថែមឡើយ។
នៅដំណាក់កាលដំបូងនៃការរួមបញ្ចូលគ្នាជាផ្លូវការនេះសាខាទាំង ១២ របស់ក្រេឌីតនៅភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ និងស្រុកស្វាយអន្ទរនឹងត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី។
សាខាដែលផ្លាស់ប្តូរមុខមាត់ថ្មីទាំងនេះនឹងមានរូបរាងដ៏ទាក់ទាញ និងរចនាប័ទ្មទំនើបដែលមានលក្ខណៈស្រដៀងគ្នានឹងសាខាគំរូរបស់ធនាគារហ្វីលីពស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោមនៅភ្នំពេញដែលទើបដាក់សម្ពោធជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩។
គិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ បើសិនរបាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលគ្នា ធនាគារហ្វីលីពមានទ្រព្យសម្បត្តិសរុប ៦២៣ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំចំនួន ៤០០ លានដុល្លារអាមេរិក និងឥណទានចំនួន ៤៩០ លានដុល្លារអាមេរិក៕LA