
ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ «B+» ពីទីភ្នាក់ងារ S&P ជាមួយនឹងចក្ខុវិស័យដ៏មានស្ថិរភាព។ ហេង ជីវ័ន
ភ្នំពេញៈ ធនាគារ ABA Bank ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានក្លាយជាធនាគារពាណិជ្ជទី ២ របស់ប្រទេសកម្ពុជាដែលទទួលបានចំណាត់ថ្នាក់ «B+» ពីទីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ Standard & Poor''s (S&P) កាលពីថ្ងៃទី ១៧ ខែធ្នូ ជាមួយនឹងចក្ខុវិស័យដ៏មានស្ថិរភាព។
កាលពីថ្ងៃទី ១៦ ខែធ្នូ ទីភ្នាក់ងារ S&P''s ក៏បានផ្ដល់ចំណាត់ថ្នាក់ ឥណទានរយៈពេលវែង «B+» និងរយៈពេលខ្លី «B» ដល់ធនាគារ ACLEDA Bank Plc សម្រាប់ ចក្ខុវិស័យស្ថិរភាពរយៈពេលវែង។
S&P''s ថា ធនាគារ ABA Bank នឹងគ្រប់គ្រងកំណើនប្រាក់កម្ចីរហ័ស និងប្រាក់បញ្ញើប្រកបដោយស្ថិរភាព ទោះបីជាការរីករាលដាលជំងឺកូវីដ ១៩។ ទីភ្នាក់ងារស្រាវជ្រាវមួយនេះក៏បានបញ្ចេញយោបល់ថា ដំណើការអាជីវកម្មនៃស្លាកសញ្ញា ABA មូលធននីយកម្ម ទម្រង់ហានិភ័យ ការផ្ដល់មូលនិធិ និងសន្ទនីយភាពរបស់ធនាគារ ABA នឹងរក្សាភាពមិនផ្លាស់ប្តូរក្នុងរយៈពេល ១២ ខែក្រោយ។
ក្រុមអ្នកជំនាញរបស់ទីភ្នាក់ងារ S&P''s ត្រូវបានគេដកស្រង់សម្ដីដោយលើកឡើងថា៖ «តាមទស្សនៈរបស់យើងយីហោពាណិជ្ជសញ្ញាពាណិជ្ជកម្មរបស់ធនាគារ ABA កំពុងពង្រឹង ដែលគាំទ្រដោយកំណើនគួរឱ្យកត់សម្គាល់ និងចំណែកទីផ្សាររបស់ខ្លួន។ ធនាគារនេះបន្តពង្រីកចំណែកទីផ្សារកម្ចី បណ្ដាញចែកចាយរូបវន្ត និងឌីជីថល និងមូលដ្ឋានអតិថិជនរបស់ខ្លួន។ យើងជឿជាក់ថា មហិច្ឆតាពង្រីករបស់ ABA និងប្រសិទ្ធភាពប្រតិបត្តិការល្អ គាំទ្រដល់ប្រាក់ចំណេញលើសពីកម្រិតមធ្យម»។
លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA Bank បានឱ្យដឹងថា ការផ្ដល់ចំណាត់ថ្នាក់ដោយទីភ្នាក់ងារ S&P បានឆ្លុះបញ្ចាំងពីប្រតិបត្តិការរបស់ធនាគារនេះជាពិសេសជាមួយគុណភាពទ្រព្យសកម្ម។
លោកបន្តថា៖ «យើងស្វាគមន៍ការបញ្ជាក់ឡើងវិញនៃការផ្ដល់ចំណាត់ថ្នាក់ឥណទានដោយ S&P។ វាបញ្ជាក់ពីភាពរឹងមាំជាយុទ្ធសាស្ដ្រ និងគុណភាពខ្ពស់នៃទ្រព្យសកម្មរបស់យើង និងបញ្ជាក់ពីស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារ ABA ទោះបីជាបញ្ហាប្រឈមនៅពេលថ្មីៗទាំងក្នុងស្រុក និងពិភពលោក»។
ស្ថាប័ន S&P ក៏បានចង្អុលបង្ហាញថា ស្ថានភាពពាណិជ្ជកម្មប្រកបដោយស្ថិរភាពរបស់ ABA និងសក្ដានុពលរបស់ខ្លួនសម្រាប់កំណើនបន្ថែមទៀតដែល ABA នឹងបន្តទទួលបានកំណើនរហ័ស ទាក់ទងនឹងយីហោពាណិជ្ជសញ្ញាអាជីវកម្ម និងបញ្ជិកានៃការផ្ដល់ប្រាក់កម្ចីរបស់ខ្លួន។
S&P ឱ្យដឹងថា៖ «ធនាគារនេះមានជំហរដ៏រឹងមាំក្នុងការទាញយកអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរីករាលដាលជំងឺកូវីដ១៩»។
របាយការណ៍របស់ S&P បាន សន្និដ្ឋានថា មូលដ្ឋានចម្បងនៃប្រាក់បញ្ញើអតិថិជនរបស់ ABA ទំនងជានឹងបន្តកើនឡើងយ៉ាងហោចណាស់ស្របជាមួយនឹងប្រាក់កម្ចី ជាមួយនឹងកម្មវិធីឌីជីថលដ៏រហ័សដែលជាឧត្តមភាពប្រកួតប្រជែងមួយ។
កាលពីឆ្នាំ ២០១៧ S&P បានផ្ដល់ចំណាត់ថ្នាក់ឥណទាន «B» ដល់ធនាគារ ABA ហើយការផ្ដល់ចំណាត់ថ្នាក់នេះត្រូវបានដំឡើងដល់ «B+» កាលពីឆ្នាំ ២០១៩ ដោយផ្អែកលើផ្នែករឹងមាំផ្សេងៗ។
គិតត្រឹមថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ ធនាគារ ABA មានបណ្ដាញសាខា និងការិយាល័យចំនួន ៧៨ នៅក្នុងខេត្តក្រុង ២១។ កាលពីឆ្នាំមុន ប្រាក់ចំណូលសុទ្ធធនាគារ ABA មានចំនួន ១២៧ លានដុល្លារកើនឡើង ៧២ ភាគរយ ធៀបនឹងចុងឆ្នាំ ២០១៨។ ជាលទ្ធផល ប្រាក់ចំណេញពីមូលធនវិនិយោគមានចំនួន ៣៣ ភាគរយ កាលពីឆ្នាំ ២០១៩ ជាកម្រិតខ្ពស់បំផុតក្នុងឧស្សាហកម្មនេះ៕ LA